ចិនគ្រោងចំណាយ $១,៤ ពាន់លាន លើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់រថយន្តហោះនៅឆ្នាំ២០២៧
រដ្ឋាភិបាលក្រុងក្វាងចូវរបស់ចិន គ្រោងនឹងចំណាយថវិកាជាង ១០ពាន់លានយន់ ($១,៤ ពាន់លាន) នៅឆ្នាំ ២០២៧ ដើម្បីវិនិយោគលើគម្រោងអភិវឌ្ឍន៍ផ្តល់សេវា “រថយន្តហោះ” ដែលខ្ទង់ថវិកាវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺជាផ្នែកមួយនៃការជំរុញយុទ្ធសាស្ត្ររបស់ប្រទេសចិនក្នុងការជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់ខ្លួន យោងតាម Asia.nikkei ចុះផ្សាយថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។
ផែនការមហិច្ឆតានេះ ពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីគាំទ្រយានជំនិះហោះហើរ ដូចជាតាក់ស៊ីតាមអាកាសជាដើម។ គម្រោងនេះផ្តោតលើការអភិវឌ្ឍប្រព័ន្ធធ្វើដំណើរថ្មីសម្រាប់មនុស្សក្នុងគន្លង “ទីគោចររយៈកម្ពស់ទាប (“low-altitude economy)” ដែលនឹងអនុវត្តឱ្យរថយន្តហោះអាចអាចដំណើរការបាន ក្រោមរយៈកម្ពស់អាកាសចរណ៍ពាណិជ្ជកម្មធម្មតាបន្តិច។ ផែនការនេះ រាប់បញ្ចូលទាំងការបង្កើតកន្លែងហោះឡើង និងចុះចតជាង ១០០កន្លែង និងការសាងសង់អាកាសយានដ្ឋានទូទៅដែលមានផ្លូវរត់ខ្លីជាងអាកាសយានដ្ឋានស៊ីវិលធម្មតា។ គំនិតផ្តួចផ្តើមនេះ ឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នាខ្ពស់របស់ប្រទេសចិនសម្រាប់ឧស្សាហកម្មកម្ពស់ទាប និងគោលដៅរបស់ក្វាងចូវក្នុងការក្លាយជាមជ្ឈមណ្ឌលឈានមុខគេក្នុងវិស័យនេះ។
ក្វាងចូវគឺជាទីកន្លែងដើមរបស់ក្រុមហ៊ុនច្នៃប្រតិដ្ឋធំៗថ្មីចំនួនពីរ គឺក្រុមហ៊ុន Xpeng AeroHT និង EHang ដែលក្រុមហ៊ុនទាំងពីរនេះ ទើបនឹងបានទទួលជោគជ័យក្នុងការបង្កើតចំណាប់អារម្មណ៍ទីផ្សារយ៉ាងខ្លាំងជាមួយនឹងសមិទ្ធិផលផលិតដ្រូនលើកដាក់ទំនិញក្នុងរយៈកម្ពស់ខ្ពស់ (eVTOL) ដែលដើរដោយថាមពលអគ្គិសនី។ ប្រភេទដ្រូនប្រើអាគុយ ទាំងនេះ ដែលមានសមត្ថភាពហោះហើរ ឡើង-ចុះចតដោយគ្មានផ្លូវរត់ ត្រូវបានគេមើលឃើញថាជាដំណោះស្រាយជាក់ស្តែងសម្រាប់ការដឹកជញ្ជូនតាមទីក្រុង ជាពិសេសគឺសម្រាប់ប្រើក្នុងការលើកដាក់ទំនិញចុះនិងឡើងលើអគារខ្ពស់ៗ។ ដ្រូនពិសេសនេះមានតម្លៃចាប់ពីប្រហែល ១លានយន់ (១៣៨.០០០ដុល្លារ) eVTOL ទាំងនេះ បើគិតទៅមានតម្លៃសមរម្យជាងយន្តហោះឯកជនធម្មតា ដែលធ្វើឱ្យវាអាចប្រើប្រាស់បានសម្រាប់បុគ្គលដែលមានទ្រព្យសម្បត្តិ និងសម្រាប់ក្រុមហ៊ុនអាជីវកម្ម។
ក្រុមហ៊ុន EHang ដែលត្រូវបានចុះបញ្ជីភាគហ៊ុននៅក្នុងវេទិកាទីផ្សារភាគហ៊ុន Nasdaq បានទទួលវិញ្ញាបនបត្រផលិតកម្មដើម្បីផលិតរថយន្តរបស់ខ្លួនយ៉ាងច្រើននៅក្នុងខែមេសា។ ក្រុមហ៊ុននេះ មានគោលបំណងធ្វើពាណិជ្ជកម្មសេវាកម្មទេសចរណ៍ដោយចាប់ដៃគូជាមួយសណ្ឋាគារ និងអាជីវកម្មផ្សេងទៀត ស្របពេលដែលបានទទួលការសាកសួរព័ត៌មានចង់បញ្ជាទិញរួចហើយពីមជ្ឈិមបូព៌ា និងអាស៊ីអាគ្នេយ៍។ ទោះបីជាទទួលបានវិញ្ញាបនបត្រប្រភេទ និងវិញ្ញាបនបត្រស្តង់ដារអាកាសយានដ្ឋានក៏ដោយ ក៏ EHang នៅតែត្រូវការវិញ្ញាបនបត្រប្រតិបត្តិករអាកាសពីនិយតករចិន ដើម្បីចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មជាមុនសិនដែរ។ ក្របខណ្ឌបទប្បញ្ញត្តិសម្រាប់ប្រតិបត្តិការនេះ កំពុងស្ថិតក្រោមការអភិវឌ្ឍន៍នៅឡើយ។
សម្រាប់ស្ថានភាពក្រុមហ៊ុន Xpeng AeroHT វិញ គឺនៅពីក្រោយក្រុមហ៊ុន EHang ក្នុងការទទួលបានវិញ្ញាបនបត្រចាំបាច់ដើម្បីដំណើរការសេវារថយន្តហោះរបស់ខ្លួន។ ពាក្យស្នើសុំវិញ្ញាបនបត្រ របស់ក្រុមហ៊ុន ត្រូវបានទទួលយកនៅក្នុងខែមីនា និងត្រូវការពេលរហូតដល់មួយឆ្នាំកន្លះសម្រាប់ការអនុម័ត នេះបើយោងតាមនាយកប្រតិបត្តិជាន់ខ្ពស់។
ជាប្រពៃណី ដែនអាកាសក្នុងប្រទេសចិន ត្រូវបានគ្រប់គ្រងដោយកម្លាំងទ័ពអាកាស ក្រោមច្បាប់ដែលកំណត់ថា អ្វីទាំងអស់ក្នុងរយៈកម្ពស់ “លើសពីបីម៉ែត្រឡើងទៅ ជាកម្មសិទ្ធិរបស់យោធា”។
ទោះជាយ៉ាងណាក៏ដោយ ដោយសារស្ថានភាពសេដ្ឋកិច្ចកំពុងស្ថិតនៅក្រោមសម្ពាធពីវិបត្តិអចលនទ្រព្យដែលអូសបន្លាយនោះ ទីក្រុងប៉េកាំងកំពុងបន្ធូរបន្ថយការរឹតបន្តឹងលើការប្រើប្រាស់ដ្រូន eVTOLs នៅក្នុងទីក្រុង ដើម្បីបើកផ្លូវទៅរកកំណើនសេដ្ឋកិច្ចថ្មី។
ការប្រកាសផែនការហេដ្ឋារចនាសម្ព័ន្ធរថយន្តហោះថ្មីរបស់ទីក្រុងក្វាងចូវ គឺធ្វើឡើងតាមការណែនាំរបស់រដ្ឋាភិបាលខេត្តក្វាងទុង ដើម្បីបង្កើតខេត្តជា “មជ្ឈមណ្ឌលឧស្សាហកម្មឈានមុខគេលើពិភពលោក ក្នុងវិស័យសេវាសេដ្ឋកិច្ចក្នុងគន្លងគោចររយៈកម្ពស់ទាប”។ ក្វាងទុង ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យានៃទឹកដីខេត្ត Shenzhen របស់ចិន ត្រៀមនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីគំនិតផ្តួចផ្តើមនេះ។
យោងតាមរបាយការណ៍ខែមេសាដោយក្រុមហ៊ុន CCID Consulting ដែលជាឃ្លាំងបញ្ញវន្តនៅក្រោមក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន តម្លៃទីផ្សារនៃសេវាសេដ្ឋកិច្ចរយៈកម្ពស់ទាបរបស់ប្រទេសចិន មានលើសពី ៥០០ពាន់លានយន់ ((ប្រហែល ៧២,៤ ពាន់លានដុល្លារអាមេរិក)) ក្នុងឆ្នាំ ២០២៣ និងមានកំណើន ៣៣,៨% ពីមួយឆ្នាំទៅមួយឆ្នាំ។ ទីផ្សារនេះ ត្រូវបានគេរំពឹងថានឹងលើសពី ១ ពាន់ពាន់លានយន់ (១៤៤,៩ ពាន់លានដុល្លារ) នៅឆ្នាំ ២០២៦៕
- Video Advertisement -