ដំណើរការដឹកទំនិញលើកដំបូងពីចិនមកកម្ពុជាប្រវែង ២០០០គ.ម តាមផ្លូវគោក សម្រេចដោយជោគជ័យ
ក្បួនរថយន្តដឹកជញ្ជូនទំនិញ និងអ្នកដំណើរចំនួន ៧គ្រឿង របស់ចិន បានមកដល់រាជធានីភ្នំពេញ ប្រទេសកម្ពុជាដោយជោគជ័យ ដែលជិះលើចម្ងាយផ្លូវជាង ២០០០ គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសអនុតំបន់មេគង្គមានឡាវ និងថៃ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន អំពីពិធីទទួលស្វាគមន៍ក្បួនរថយន្តពីទីក្រុងគុនមីន (ប្រទេសចិន) កាត់តាមប្រទេសឡាវ ប្រទេសថៃ និងមកបញ្ចប់គោលដៅចុងក្រោយ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។
គួរបញ្ចាក់ថា ក្បួនរថយន្តនេះ បានចាកចេញពីទីក្រុងគុនមីងក្នុងខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៃមហាអនុតំបន់មេគង្គ “ដំណាក់កាលប្រមូលផលដំបូង”។
ក្បួនរថយន្តចំនួន ០៧គ្រឿងនេះ រួមមានយានយន្តដឹកទំនិញចំនួន ០៥គ្រឿង គឺដឹកបន្លែស្រស់ សម្ភារការិយាល័យ គ្រឿងសង្ហារិម និងទំនិញផ្សេងៗទៀត និងយានយន្តដឹកអ្នកដំណើរចំនួន ០២គ្រឿងទៀត គឺដឹកប្រតិភូប្រទេសអនុតំបន់មេគង្គ (GMS) ប្រតិបត្តិករដឹកជញ្ជូន អ្នកជំនាញការ និងអ្នកកាសែត។
យ៉ាងណាមិញ ក្បួនរថយន្តនេះ ត្រូវបានឆ្លងកាត់តាមប្រទេសឡាវ តាមច្រកព្រំដែន Mohan-Boten និងប្រទេសថៃ តាមច្រកព្រំដែន Huayxay-Chiang Khong ដោយបានបំពេញនីតិវិធីឆ្លងកាត់ព្រំដែន ខណៈដែលប្រតិបត្តិករចិន បានធ្វើការជាមួយភ្នាក់ងារ និង Broker ក្នុងតំបន់តាមបណ្តោយផ្លូវដែលបានឆ្លងកាត់នេះ ដើម្បីអាចបំពេញសំណុំបែបបទឱ្យស្របតាមនីតិវិធីថ្មីៗរបស់ប្រទេសនីមួយៗ។
ថ្លែងក្នុងពិធីខាងលើ ឯកឧត្តម តូច ចាន់កុសល បានមានប្រសាសន៍ថា នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្នុងការអនុវត្តកិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃមហាអនុតំបន់មេគង្គ (GMS CBTA) ដែលបានបំពេញបន្ថែមទៅឱ្យការអនុវត្តគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI)។
ឯកឧត្តមបានបន្ថែមថា GMS CBTA គឺជាគំនិតផ្តួចផ្តើមមួយរបស់មហាអនុតំបន់មេគង្គ (GMS) ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូនផ្លូវគោកជាអន្តរជាតិ និងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជាសមាជិក GMS ជាធ្លុងមួយឱ្យអស់ពីលទ្ធភាពក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវថ្នល់។
ឯកឧត្តមបានបន្តថា កម្ពុជាក៏កំពុងរង់ចាំរៀបចំដំណើរការរត់សាកល្បងស្រដៀងគ្នានេះ សម្រាប់ប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវគោក រវាងប្រទេសកម្ពុជាជាមួយប្រទេសជិតខាងផងដែរ។
តាមរយៈកិច្ចព្រមព្រៀង GMS CBTA អាចជួយឱ្យប្រតិបត្តិករដឹកជញ្ជូនកាត់បន្ថយពេលវេលាដែលត្រូវការសម្រាប់ការជម្រះបែបបទពាក់ព័ន្ធ ឬនីតិវិធីឆ្លងកាត់ព្រំដែនជាអន្តរជាតិ ដោយមិនតម្រូវឱ្យមានការលើកដាក់ទំនិញឡើងវិញ ខណៈ អ្នកដំណើរនៅតែអាចអង្គុយលើយានយន្តដឹកអ្នកដំណើរនោះដដែល។
កិច្ចព្រមព្រៀងនេះ ផ្តល់លិខិតអនុញ្ញាតដឹកជញ្ជូនតាមផ្លូវគោកមានសុពលភាពដូចៗគ្នាជូនដល់ប្រទេសអនុតំបន់មេគង្គទាំង ០៦រួមមាន កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។
គួរបញ្ជាក់ថា តាមរយៈការដឹកជញ្ជូនដោយប្រើប្រាស់យន្តការ GMS CBTA នេះ គឺអាចបង្កើននូវការប្រកួតប្រជែងក្នុងអនុតំបន់ GMS ដោយនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចដល់ម្ចាស់អាជីវកម្ម និងអ្នកប្រើប្រាស់ (ទំនិញ និងមធ្យោបាយដឹកជញ្ជូន)។



- Video Advertisement -