គម្រោងស្តារប្រព័ន្ធរំដោះទឹក ដើម្បីកាត់បន្ថយបញ្ហាទឹកជំនន់ក្នុងក្រុងភ្នំពេញចំនួន ១៣គម្រោង សម្រេចបាន៦.៥%

ក្នុងចំណោមគម្រោងកាត់បន្ថយបញ្ហាប្រឈមទឹកជំនន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន៥០ ដែលរដ្ឋាភិបាល បានដាក់ចេញដើម្បីឈានទៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ ក្នុងរយៈពេល ៥ឆ្នាំនោះ បច្ចុប្បន្នមានគម្រោងចំនួន ១៣ហើយ បាន និងកំពុងអនុវត្តដោយសម្រេចបាន ៦.៥%។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្នុងចំណោមគម្រោងទាំង៥០នេះ បច្ចុប្បន្នមានគម្រោងចំនួន ១៣ បាន និងកំពុងអនុវត្ត ក្នុងតំបន់ដែលងាយរងគ្រោះដោយការលិចលង់ជាងគេ រួមមាន៖ តំបន់ជុំវិញស្ថានីយ៍បូមទឹកលូប្រាំ តំបន់ជុំវិញស្ថានីយ៍បូមទឹកបឹងទំពុន តំបន់ជុំវិញស្ថានីបូមទឹកបឹងត្របែក ជាដើម ។

សម្តេចធិបតី បានបន្តថា គម្រោងទាំង១៣នេះ ផ្ដោតលើគម្រោងពង្រីកស្ថានីយ៍បូមទឹកឱ្យបានធំជាងមុន មានដូចជានៅស្ថានីយ៍លូប្រាំ និងស្ថានីយ៍កប់ស្រូវ គម្រោងសាងសង់សម្រង់កាយសម្រាមនៅបឹងត្របែក ការដាក់លូ បុកស៊ីផាយ និងការស្តារប្រឡាយមេ ជាដើម។ គិតមកដល់ពេលនេះ ការអនុវត្តគម្រោងទាំង១៣ នេះ សម្រេចបាន ៦.៥% ហើយអាចរំដោះទឹកចេញពីតំបន់បឹងត្របែក បឹងកេងកង ម៉ុងឌីយ៉ាល់ ព្រលានយន្តហោះ បឹងទំពុននិងតំបន់ផ្សារដើមគរ។

ជាមួយគ្នានេះផងដែរ សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ទៀតថា ក្រៅពីអនុវត្តន៍គម្រោងខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមបញ្ចេញគ្រឿងចក្រធ្វើការកាយប្រឡាយតាមបណ្តោយផ្លូវជាតិលេខ៣ ឱ្យបានធំទូលាយ និងមិនអនុញ្ញាតឱ្យមានការកាយដាក់លូតូចៗ ខុសស្តង់ដាបច្ចេកទេសឡើយ ដែលវានឹងនាំឱ្យស្ទះផ្លូវទឹក ដែលបង្កឱ្យមានការលិចលង់ដោយជំនន់ទឹកភ្លៀងនោះឡើយ។

សម្តេចធិបតី អះអាងទៀតថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំដោះស្រាយបញ្ហាទឹកលិចខាងក្នុងភ្នំពេញ ខណៈក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំខាងក្រៅ ដោយទប់ស្កាត់បរិមាណទឹកហូរចូលរាជធានីតាមទឹកស្ទឹងព្រែកត្នោត។

សូមរម្លឹកដែរថា ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានអនុម័តកញ្ចប់ថវិកាជាង ៣០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាជន់លិចទីក្រុងភ្នំពេញ ដោយគម្រោងនេះផ្តោតលើ ២មុខព្រួញ ទី១៖ ការបញ្ចៀសទឹកកុំឱ្យបុកមកក្នុងរាជធានីភ្នំពេញ និងទី២៖ ដោះស្រាយប្រព័ន្ធរំដោះទឹកនៅក្នុងក្រុងភ្នំពេញដែលមានស្រាប់។ ស្ថាប័នទទួលខុសត្រូវ មានក្រសួងសាធារណការ សាលារាជធានីភ្នំពេញ និងក្រសួងធនធានទឹក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]