Hyundai បើករោងចក្រផលិតអាគុយរថយន្តអគ្គិសនីដំបូងគេ នៅឥណ្ឌូនេស៊ី ដោយរំពឹងថាអាចផ្គត់ផ្គង់បាន ១៥០K ក្នុង១ឆ្នាំ
ក្រុមហ៊ុន Hyundai បានបើករោងចក្រផលិតបន្ទះអាគុយ រថយន្តអគ្គិសនី ដំបូងគេនៅក្នុងប្រទេសឥណ្ឌូនេស៊ីជាមួយនឹងក្រុមហ៊ុន LG Energy Solution ស្របពេលដែលក្រុមហ៊ុននេះកំពុងខិតខំបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនក្នុងពិភពលោក ។ រោងចក្រដែលទើបដំឡើងថ្មីនៅឥណ្ឌូនេស៊ីនេះ នឹងអាចផ្គត់ផ្គង់អាគុយសម្រាប់រថយន្តអគ្គិសនីម៉ាក Hyundai និងម៉ាក Kia បានប្រមាណ ១៥០.០០០ គ្រឿង ជាមួយនឹងតម្លៃសមរម្យ នេះបើយោងតាម Asia.nikkei.com ចុះថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២៤។
រោងចក្រថ្មីនេះ នឹងដំណើរការផលិតថាមពលដែលមានកម្រិតសមត្ថភាព ១០ GWh ក្នុងមួយឆ្នាំ ដែលទំហំនេះ គឺគ្រប់គ្រាន់ល្មមផ្តល់ថាមពលដល់រថយន្តអគ្គិសនីបានជាង ១៥០.០០០ គ្រឿង។ ជាមួយគ្នានោះដែរ ក្រុមហ៊ុន Hyundai ក៏បានប្រកាសថាខ្លួននឹងចាប់ផ្តើមផលិតរថយន្តម៉ាក Kona Electric ស៊េរីថ្មីក្នុងទ្រង់ទ្រាយធំក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ។ រថយន្ត Kona ថ្មី នឹងក្លាយជារថយន្តអគ្គិសនីដំបូងបង្អស់ ដែលដំណើរការដោយអាគុយថ្មីដែលផលិតពីរោងចក្រនេះផ្ទាល់តែម្តង។
“រោងចក្រនេះ នឹងជួយឱ្យឥណ្ឌូនេស៊ីមានគ្រឹះឈរជើងយ៉ាងរឹងមាំក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលរថយន្តអគ្គិសនីរបស់ទីផ្សារសកល ស្របជាមួយគ្នានោះ វានឹងជួយបង្កើនដំណើរការឧស្សាហកម្មក្នុងស្រុក។” ប្រសាសន៍របស់លោកប្រធានាធិបតីឥណ្ឌូនេស៊ី Jokowi។
លោកប្រធានាធិបតីបន្តថា “នេះគឺជារោងចក្រផលិតបន្ទះអាគុយរថយន្តអគ្គិសនីធំបំផុតទីមួយនៅទូទាំងអាស៊ានទាំងមូល។ ហើយខ្ញុំជឿជាក់ថា យើងនឹងអាចមានប្រៀបជាងក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាងដទៃទៀត ពីព្រោះរាល់វត្ថុធាតុដើមសម្រាប់ផលិតគ្រឿងបង្គុំរថយន្តទាំងអស់ រាប់ទាំងសារធាតុ Nickel, Bausite, និងទង់ដែងសុទ្ធតែមាននៅទីនេះទាំងអស់។”
គួររំលឹកថា កាលពីខែមីនា ឆ្នាំ ២០២១ ក្រុមហ៊ុន Hyundai បានចាប់ដៃគូជាមួយក្រុមហ៊ុន LG ដើម្បីបង្កើតរោងចក្រផលិតបន្ទះអាគុយសម្រាប់រថយន្តអគ្គិសនីថ្មីមួយនៅជិតរដ្ឋធានីនៃប្រទេសឥណ្ឌូនេស៊ី។ តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុន Hyundai និង LG បានវិនិយោគថវិការួមគ្នាប្រមាណ ១,១ពាន់លានដុល្លារ ដោយម្នាក់ៗមានភាគហ៊ុន៥០% ដើម្បីដំឡើងរោងចក្រថ្មីមួយនេះ។
ភាពជាដៃគូ “HLI Green Power” នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីធានាបាននូវ “ការផ្គត់ផ្គង់អាគុយសម្រាប់រថយន្តអគ្គិសនីប្រកបដោយស្ថិរភាពក្នុងតម្លៃប្រកួតប្រជែងសម្រាប់រថយន្តអគ្គិសនីប្រភេទប្រើអាគុយសាក (Battery Electric Vehicles) នាពេលខាងមុខ” យោងតាមតំណាងក្រុមហ៊ុន Hyundai ។
ក្រោមការទន្ទឹងរង់ចាំអស់រយៈជាង៣ឆ្នាំ ចុងក្រោយរោងចក្រនេះ ត្រូវបានបើកដំណើរការកាលពីថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ ២០២៤ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ប្រទេសឥណ្ឌូនេស៊ីផង និងសម្រាប់ក្រុមហ៊ុន Hyundai ផ្ទាល់តែម្តង ព្រោះនេះជាការបើកទ្វារឱ្យក្រុមហ៊ុនចូលមកក្នុងចំណុចកណ្តាលនៃទីផ្សារអាស៊ាន៕
- Video Advertisement -