អាជ្ញាធរខេត្ដកំពង់ស្ពឺ ប្រកាសដាំដើមត្នោតតាមមាត់ស្ទឹងព្រែកត្នោត ដើម្បីបង្កើនការទាក់ទាញទេសចរ
អាជ្ញាធរខេត្តកំពង់ស្ពឺ បានប្រកាសថា នឹងធ្វើការដាំដើមត្នោតរាប់ម៉ឺនដើមនៅអមស្ទឹងព្រែកត្នោត និងអមតាមផ្លូវទៅកាន់រមណីយដ្ឋាននានា ដើម្បីបង្កើនសោភ័ណភាពទាក់ទាញភ្ញៀវទេសចរ ពិសេសឱ្យសាកសមជាខេត្តដែលសម្បូរដើមត្នោតច្រើនជាងគេនៅកម្ពុជា។
នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្នុងពិធីដាំដើមឈើចម្រុះជិត៤ពាន់ដើម នៅថ្ងៃទិវា ៩កក្កដា នៅក្នុងស្រុកសាមគ្គីមុនីជ័យ កាលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។
នាឱកាសនោះដែរ ឯកឧត្តមអភិបាល បានលើកឡើងថា ខេត្តកំពង់ស្ពឺ ជាខេត្តដែលសម្បូរដើមត្នោតច្រើនជាងគេ ជាក់ស្តែងនិមិត្តសញ្ញាតំណាងខេត្តក៏មានរូបដើមត្នោត និងមានស្ទឹងព្រែកត្នោតដែលហូរឆ្លងកាត់ទីរួមខេត្តរហូតដល់ជិត ៤០គីឡូម៉ែត្រ តែដូចជាអត់មានដើមត្នោតមួយដើមទេ ហេតុនេះ រដ្ឋបាលខេត្ត បានឯកភាពគ្នា ដើម្បីលើកកម្ពស់សោភណ័ភាពខេត្ត ក៏ដូចជាស្ទឹងព្រែកត្នោតផង ដូច្នេះអាជ្ញាធរខេត្តនឹងធ្វើយុទ្ធនាការដាំដើមត្នោតឱ្យបានច្រើនដើមនៅអមសងខាងដងស្ទឹងនេះ។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា ការដាំដើមត្នោតឡើងវិញនេះ មិនមែនធ្វើនៅតែមាត់ស្ទឹងព្រែកត្នោតប៉ុណ្ណោះទេ តែត្រូវបន្ថែមការដាំឱ្យបានរាប់ម៉ឺន រាប់សែនដើមទៀតនៅតាមតំបន់ទេសចរណ៍សំខាន់ៗជាច្រើនទៀត ដើម្បីជាការលើកកម្ពស់សោភ័ណភាព និងអត្តសញ្ញាណដើមត្នោតរបស់ជាតិខ្មែរផងដែរ។
ជាងនេះទៅទៀត ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឱ្យអាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ ត្រូវបំផុសឱ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅតាមមូលដ្ឋានចូលរួមដាំដើមត្នោតឱ្យបានយ៉ាងតិចមួយដើមក្នុងម្នាក់ និងដាំដើមឈើលម្អរផ្សេងៗទៀត ដើម្បីទាក់ទាញទេសចរណ៍ និងរក្សាធម្មជាតិឱ្យបានគង់វង្សដល់ក្មេងជំនាន់ក្រោយ ខណៈក្នុងមួយសប្តាហ៍មានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិជិត៤ម៉ឺននាក់ បានមកលេងកម្សាន្តនៅខេត្តកំពង់ស្ពឺនេះ។
គួររម្លឹកថា កាលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីអបអរសាទរ «រុក្ខទិវា» ៩ កក្កដា ឆ្នាំ២០២៤ អាជ្ញាធរខេត្តកំពត ក៏បានដាំដើមត្នោតចំនួន ៤.៥០០ដើម នៅតាមសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៣គីឡូម៉ែត្រ ដែលស្ថិតនៅចំណុចកោះវែង ភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីទុកជាប្រវត្តិសាស្រ្ត និងបំផុសឱ្យយុវជនជំនាន់ក្រោយឱ្យស្រឡាញ់ដើមត្នោតផងដែរ៕ (អានបន្ថែម)
- Video Advertisement -