PPSEZ CEOថា៖ បើប្រើឌីជីថលក្នុងប្រព័ន្ធពន្ធគយ កម្ពុជាអាចកាត់អំពើពុករលួយលើថ្លៃដឹកជញ្ជូនបាន៣០% និងបើដូណាល់ត្រាំឈ្នះ កម្ពុជានឹងក្លាយជាគោលដៅ…

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ដែលជាសួនឧស្សាហកម្មដ៏សំខាន់ក្នុងប្រទេសកម្ពុជា កំពុងធ្វើពិពិធកម្មមូលដ្ឋានអ្នកជួលរបស់ខ្លួន ដើម្បីទាក់ទាញក្រុមហ៊ុនឱ្យកាន់តែច្រើនពីប្រទេសថៃ និងវៀតណាម ចំពេលមានការផ្លាស់ប្តូរនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។  តំបន់សេដ្ឋកិច្ចពិសេសនេះ លាតសន្ធឹងលើផ្ទៃដីទំហំជាង ៣,៥៧ គីឡូម៉ែត្រការ៉េនិងមានអ្នកជួល (រោងចក្រវិនិយោគ) ចំនួនជាង ៩០ រោងចក្រ មកពី ១៥ ប្រទេស បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនេះ កំពុងមានមហិច្ឆតាចង់ដើរតួនាទីជាខ្សែច្រវាក់ផ្គត់ផ្គង់បំពេញបន្ថែមរបស់ប្រទេសថៃដែលកំពុងត្រៀមខ្លួនស្រូបយកបន្ទេរខ្សែច្រវាក់ផ្គត់ផ្គង់បន្តពីប្រទេសចិន ព្រមជាមួយនឹងមហិច្ឆតាជំរុញការផ្ទេរផលិតកម្មពីប្រទេសវៀតណាមផងដែរ នេះបើយោងតាមសារព័ត៌មាន Nikkei Asia ចុះផ្សាយនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤។

បច្ចុប្បន្នក្រុមហ៊ុនជប៉ុន និងចិនមានពីរភាគបីនៃចំនួនអ្នកជួល (រោងចក្រវិនិយោគ)សរុបរបស់ PPSEZ ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Royal Group ដែលជាប្រតិបត្តិករនៃតំបន់ PPSEZ កំពុងកំណត់គោលដៅទាក់ទាញយកក្រុមហ៊ុនថៃ និងវៀតណាមមកវិនយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះបន្ថែមទៀត ដោយប្រើប្រាស់យុទ្ធសាស្ត្រ “ថៃបូកមួយ” ។ លោក Hiroshi Uematsu នាយកប្រតិបត្តិនៃក្រុមហ៊ុន Royal Group PPSEZ បាននិយាយថា “បើនិយាយតាមភូមិសាស្រ្ត ទីតាំងនៃតំបន់សេដ្ឋកិច្ចពិសេសយើងនេះ ងាយស្រួលក្នុងការដើរតួបំពេញបន្ថែមខ្សែច្រវាក់ផ្គត់ផ្គង់របស់ប្រទេសថៃ”។

បើគិតពីរយៈចម្ងាយប្រមាណត្រឹមតែ ៥៤០ គីឡូម៉ែត្រពីទីក្រុងបាងកក តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនេះ គឺស្ថិតនៅចំទីតាំងយុទ្ធសាស្ត្រសម្រាប់អាជីវកម្ម ឬ ក្រុមហ៊ុនវិនិយោគថៃណាដែលកំពុងស្វែងរកការធ្វើពិពិធកម្មពីប្រទេសថៃទៅក្រៅប្រទសខ្លួន។ លើសពីនេះ ស្ថានភាពដែលស្ថិតនៅជិតរាជធានីភ្នំពេញដែលនៅជាប់នឹងទីក្រុងហូជីមិញ និងខេត្តដុងណៃ នៃប្រទេសវៀតណាម ធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសនេះកាន់តែមានអំណោយផលវិនិយោគបន្ថែមទៀតសម្រាប់ការផ្ទេរផលិតកម្មពីវៀតណាម។

បរិយាកាសភូមិសាស្ត្រនយោបាយក៏មានឥទ្ធិពលលើយុទ្ធសាស្ត្រនេះដែរ។ លោក Hiroshi បានបន្ថែមថា “ប្រសិនបើលោក Donald Trump ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកានេះ នោះជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនអាចនឹងឡើងកម្តៅជាងមុន ហើយកម្ពុជានឹងទាក់ទាញបាននូវការយកចិត្តទុកដាក់កាន់តែច្រើនជាងមុន នឹងក្លាយជាគោលដៅផ្លាស់ប្តូរទីតាំងផលិតកម្មនៃសង្គ្រាមពាណិជ្ជកម្មនេះ” ។

ម្យ៉ាងទៀត បើទោះបីជាមានការរិះគន់ពីលោកខាងលិចខ្លះៗក៏ដោយ ក៏ស្ថិរភាពនយោបាយរបស់កម្ពុជា នៅតែជាកត្តាមួយដែលបានបន្ថែមភាពទាក់ទាញរបស់ខ្លួនជាគោលដៅវិនិយោគពីបរទេស។ ជាក់ស្តែង តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ PPSEZ បានវិវឌ្ឍខ្លួនគួរឱ្យកត់សម្គាល់ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន ជាមួយនឹងក្រុមហ៊ុន Marvel Garment របស់ប្រទេសចិន (រោងចក្រម៉ាវ៉ល) ដែលបានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០២០ ដែលពេលនេះបានក្លាយជារោងចក្រជួលដីធំបំផុតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ។ រោងចក្រ Marvel Garment កាន់កាប់ផ្ទៃដីទំហំ ៥០ហិកតា មានបុគ្គលិកកម្មករចំនួន ១៧.០០០នាក់ និងនាំចេញផលិតផលសម្រាប់ម៉ាកដូចជា Nike និង Polo ដែលភាគច្រើននាំចេញទៅកាន់សហរដ្ឋអាមេរិក។

កម្ពុជា​ក៏​ព្យាយាម​ទាក់ទាញ​ការ​វិនិយោគ​របស់​ជប៉ុន​បន្ថែម​ទៀត​ដើម្បី​រក្សា​តុល្យភាព​ការ​ពឹង​ផ្អែក​ផ្នែក​សេដ្ឋកិច្ច​របស់​ខ្លួន​លើ​ប្រទេស​ចិនផងដែរ។ លោក Hiroshi បានពន្យល់ថា “ទោះជាយ៉ាងណាក៏ដោយ ដោយសារប្រាក់យ៉េនរបស់ជប៉ុនទន់ខ្សោយធៀបនឹងប្រាក់ដុល្លារដែលជាការណ៍បង្កបញ្ហាប្រឈមសម្រាប់ក្រុមហ៊ុនជប៉ុនដែលចង់ចូលមករកស៊ីក្នុងទីផ្សារកម្ពុជា។”

ការដោះស្រាយការចំណាយលើពស្តុភារគឺមានសារៈសំខាន់សម្រាប់យុទ្ធសាស្ត្ររបស់ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដើម្បីទាក់ទាញអាជីវកម្ម ឬរោងចក្រវិនិយោគឱ្យបានកាន់តែច្រើន។ លោកនាយកប្រតិបត្តិ Hiroshi បានបង្ហាញថា ឧទ្យានឧស្សាហកម្មនេះ បានចាត់តាំងបុគ្គលិកជំនាញចំនួន ៥ រូប ដែលត្រូវបានបញ្ជាក់ជាអ្នករត់ការគយមានការទទួលស្គាល់ផ្លូវការច្បាស់លាស់ចាប់តាំងពីខែឧសភា ឆ្នាំ ២០២៣មក ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន និងប្រយុទ្ធប្រឆាំងអំពើពុករលួយ។

“ក្នុងករណីខ្លះ វិធានការនេះអាចកាត់បន្ថយថ្លៃដឹកជញ្ជូនក្នុងប្រទេសកម្ពុជារហូតដល់ជិត ពាក់កណ្តាល។ ប្រសិនបើអំពើពុករលួយត្រូវបានលុបបំបាត់ តាមរយៈការធ្វើឌីជីថលូបនីយកម្មនីតិវិធីគយទាំងស្រុងតែម្តងនោះ ខ្ញុំជឿថាវាអាចទៅរួចក្នុងការបញ្ចុះថ្លៃដឹកជញ្ជូនសរុប [ពីប្រទេសជិតខាងយើង] បានរហូតដល់ទៅ ៣០%ឯណោះ” លោក Hiroshi បញ្ជាក់៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]