គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតជាប់ក្នុងវគ្គប្រកួតផ្តាច់ព្រ័តពានរង្វាន់សាកល Going Digital Awards 2024

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានជ្រើសរើសប្រកួតវគ្គផ្តាត់ព្រ័តសម្រាប់ពានរង្វាន់ Going Digital Awards នៅក្នុងព្រឹត្តិការណ៍ឆ្នាំនៃហេដ្ឋារចនាសម្ព័ន្ធសាកល ២០២៤ ដែលប្រកាសដោយ ក្រុមហ៊ុន Bentley Systems កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៤។ (អានបន្ថែម) ព្រឹត្តិការណ៍លំដាប់អន្តរជាតិនេះ ត្រូវបានប្រារព្ធឡើងដើម្បីបង្ហាញពីការប្រើប្រាស់ប្រកបដោយភាពច្នៃប្រតិដ្ឋនៃបច្ចេកវិទ្យា និងឧត្តមភាពវិស្វកម្ម ជាមួយការនាំមុខក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធសកល។

ជារៀងរាល់ឆ្នាំ Year In Inrastructure តែងតែនាំមកនូវភាពអស្ចារ្យនៅក្នុងវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ដែលប្រើប្រាស់កម្មវិធី Bentley Systems ដើម្បីជំរុញព្រំដែននៃការរចនាឱ្យកាន់តែទូលំទូលាយ ជាមួយប្រសិទ្ធភាព និងនិរន្តរភាព។ សម្រាប់ព្រឹត្តិការណ៍ក្នុងឆ្នាំ ២០២៤ នេះ ក្រុមហ៊ុន Bentley System នឹងរៀបចំនៅទីក្រុង Vancouver ប្រទេសកាណាដា ចាប់ពីថ្ងៃទី ៨-៩ ខែតុលា ដោយជ្រើសរើសគម្រោងចំនួន ៣៦ សម្រាប់ប្រកួតប្រជែងយកពានរង្វាន់ ១២ ប្រភេទ និងឆ្លងកាត់ការវាយតម្លៃពីចៅក្រមអន្តរជាតិចំនួន ៣៤រូប សម្រាប់ការប្រកួតជុំចុងក្រោយនៃការដណ្តើមពានរង្វាន់ Going Digital Awards។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានជ្រើសរើសជាបេក្ខភាពមួយដ៏សំខាន់ក្នុងប្រភេទពានរង្វាន់គម្រោងផ្លូវថ្នល់ និងផ្លូវហាយវេ ល្អផ្តាច់គេក្នុងព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយកិច្ចសហការ និងការច្នៃប្រតិដ្ឋ ដែលការប្រកួតនេះនឹងដឹកនាំធ្វើបទបង្ហាញដោយសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) ប្រចាំកម្ពុជា។ គម្រោងនេះនឹងបង្ហាញពីភាពលេចធ្លោក្នុងចំណោមការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដោយសារគម្រោងពីកម្ពុជានេះនឹងត្រូវជួបប្រកួតជាមួយនឹងបេក្ខភាពមកពីក្រុមពីរផ្សេងទៀត គឺប្រទេសចិន និងហ្វីលីពីនក្នុងប្រភេទពានរង្វាន់ដូចគ្នានេះ ដែលក្នុងនោះ មាន៖គម្រោង Wuhan Gaoxin 4th Road Reconstruction នៅទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន ដឹកនាំដោយ WISDRI Engineering & Research និង គម្រោង NLEX-SLEX ផ្លូវតភ្ជាប់ពី Caloocan ទៅ Manila , Metro Manila ប្រទេសហ្វីលីពីន ដឹកនាំដោយ PT Hutama Karya (Persero) ។

ការជ្រើសរើសនេះ មិនត្រឹមតែគូសបញ្ជាក់ពីសារៈសំខាន់របស់គម្រោងក្នុងការពង្រឹងបណ្តាញហេដ្ឋារចនាសម្ព័ន្ធរវាងទីក្រុងភ្នំពេញ និងក្រុងបាវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការអបអរសាទរចំពោះការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងជំនាញវិស្វកម្ម ដែលបាននាំគម្រោងឱ្យឈានមុខគេក្នុងចំណោមគម្រោងហេដ្ឋារចនាសម្ព័ន្ធពិភពលោកក្នុងឆ្នាំ ២០២៤ថែមទៀតផង។ ការដាក់បញ្ចូលគម្រោងផ្លូវល្បឿនលឿនក្នុងបញ្ជីគម្រោងលេចធ្លោ គឺបានបង្ហាញពីសារៈសំខាន់កាន់តែខ្លាំងឡើងនៃដំណោះស្រាយហេដ្ឋារចនាសម្ព័ន្ធប្រកបដោយភាពច្នៃប្រតិដ្ឋក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការតភ្ជាប់ប្រទេសកម្ពុជាទៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺជាផ្លូវល្បឿនលឿនទីពីរក្នុងប្រទេសកម្ពុជា ដែលមានប្រវែង១៣៨គីឡូម៉ែត្រ និងឆ្លងកាត់ខេត្តចំនួន៣។ សាជីវកម្មផ្លូវ និងស្ពានចិន (CRBC) ត្រូវបានទទួលភារកិច្ចជាអ្នកសាងសង់ផ្លូវល្បឿនលឿនដែលនឹងកាត់បន្ថយពេលវេលាធ្វើដំណើរពីពីរម៉ោងមកនៅត្រឹម ២០នាទី។ ទោះជាយ៉ាងណាក៏ដោយ គម្រោងនេះស្ថិតនៅតំបន់ទំនាបលិចទឹក ដែលមានទឹកឡើងដល់អតិបរមាប្រាំមួយម៉ែត្រក្នុងរដូវវស្សា។ កិច្ចការលំបាកមួយចំនួន គឺក្រុមការងារត្រូវធ្វើការជុំវិញប្រាសាទជាទីសក្ការនៃពុទ្ធសាសនា និងតំបន់អភិរក្សវប្បធម៌ផងដែរ។ ដូច្នេះហើយ ក្រុមការងារបានជ្រើសរើស digital delivery workflows របស់ Bentley System។ គួរបញ្ជាក់បន្ថែមថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ ត្រូវបានសម្ពោធបើកការដ្ឋានជាផ្លូវការក្រោអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៣។ (អានបន្ថែម)

CRBC បានបង្កើតបរិយាកាសទិន្នន័យតភ្ជាប់ដោយបើកចំហ (open connected data environment) ដោយប្រើ iTwin Platform ដើម្បីធានាថាក្រុមការងារអាចចូលប្រើព័ត៌មានទាន់ពេលនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ តាមរយៈកម្មវិធី MicroStation, OpenRoads, OpenBridge, Bentley LumenRT, iTwin, iTwin Capture, ProjectWise និង ProStructures របស់ Bentley បានជួយបង្កើតគំរូដែលអាចចែករំលែកជាមួយអ្នកពាក់ព័ន្ធ អ្នកគ្រប់គ្នានៅក្នុងគម្រោងបានធ្វើការរួមគ្នាក្នុងបរិយាកាសតែមួយ ដោយកាត់បន្ថយពេលវេលាសិក្សារចនាប្លង់លម្អិតបានរហូត ២០%។ ដោយឡែក ការគ្រប់គ្រង់គុណភាព គំរូដី និងទីតាំងភូមិសាស្ត្រ គឺបានធ្វើឱ្យប្រសើរឡើងនូវការកាត់បន្ថយតម្រឹមកម្រិតកម្ពស់ដែលមិនចាំបាច់ និងបានសន្សំបរិមាណសម្រាប់ការងារដីចំនួន ២ លានម៉ែត្រគូប និងស្មើនឹង ២,៧៥ លានតោននៃការបំភាយឧស្ម័នកាបូនតាមរយៈការកាត់បន្ថយការដឹកជញ្ជូនដីដោយគ្រឿងចក្រ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Google និង Bentley រួមគ្នាបង្កើតប្រព័ន្ធ AI ដែលអាចស្កេនរកមើលគ្រោះធម្មជាតិជុំវិញពិភពលោកបាន

ក្រុមហ៊ុន Google និងដៃគូរបស់ខ្លួន កាលពីថ្មីៗនេះ បានបង្ហ […]

វិធីប្រើកម្មវិធី AssetWise របស់ Bentley ដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរោងចក្រ

រោងចក្រឧស្សាហកម្មជាច្រើនកំពុងប្រើប្រព័ន្ធគ្រប់គ្រងបែបសា […]

កិច្ចសម្ភាសន៍៖ នវានុវត្តន៍នៃការរួមបញ្ចូល AI និងនិរន្តរភាពឧស្សាហកម្មដឹកជញ្ជូនបៃតង

ទសវត្សរ៍ចុងក្រោយនេះ សកលលោកបានផ្តោតយ៉ាងខ្លាំងលើបច្ចេកវិទ […]

Bentley Systems បង្ហាញពីសមត្ថភាព AI ជំនួសការរចនាប្លង់សំណង់ស៊ីវិល

កម្មវិធីវិស្វកម្មសំណង់ស៊ីវិលដើរដោយ AI ដំបូងបំផុត បានផ្ត […]

អនាគតវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធនឹងបើកទូលាយ

ដោយលោក នីកូឡាស់ ខ្យូមីន នាយកប្រតិបត្តិ ការផ្សព្វផ្សាយនេ […]