ផ្លូវជនបទ ៣ខ្សែ ប្រវែងជាង ៤០គ.ម ក្នុងខេត្តកំពង់ចាម និងត្បូងឃ្មុំ កំពុងស្ថាបនាជិតរួចរាល់
ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងពន្លឿនការស្ថាបនាផ្លូវជនបទ ៣ខ្សែ មានប្រវែងជាង ៤០គ.ម ក្នុងខេត្តកំពង់ចាម និងត្បូងឃ្មុំ ខណៈការស្ថាបនាសម្រេចជិតរួចរាល់ ១០០ភាគរយ ហើយ។ នេះបើតាមយោងតាមផេកហ្វេកប៊ុកផ្លូវការរបស់ក្រសួងកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤។
ប្រភពដដែលនេះ បានឱ្យដឹងថា ខ្សែទី១ មានប្រវែង ១៧,៥៥គីឡូម៉ែត្រ តភ្ជាប់ពីភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅដល់ភូមិភ្នំក្រហម ឃុំបឹងល្វារ ស្រុកសន្ទុក ខេត្តកំពង់ធំ ជាលទ្ធផលសម្រេចបានប្រមាណ ៩៧% ហើយគ្រោងនឹងបញ្ចប់ នៅចុងខែកញ្ញា ឆ្នាំ២០២៤នេះ។
ខណៈខ្សែទី២ មានប្រវែង ១២,៥០គីឡូម៉ែត្រ តភ្ជាប់ពីភូមិបង្ហើរខ្លែង ឃុំត្រពាំងព្រីង ទៅដល់ភូមិស្រែវែង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្ថាបនាសម្រេចបានប្រមាណ ៨៥% ហើយគ្រោងនឹងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២៤។
ផ្លូវទាំងពីរខ្សែនេះ ជាកម្មវិធីអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលក្នុងក្របខណ្ឌគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ឥណទានរបស់ហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ឥណទានឥតសំណងកាត់បន្ថយភាពក្រីក្រជប៉ុន និងឥណទានរបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)។
គម្រោងនេះ គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ ដែលបាននឹងកំពុងស្ថាបនាផ្លូវប្រវែងសរុប ១១០,៥៥ គីឡូម៉ែត្រក្នុងខេត្តគោលដៅចំនួន ៦គឺ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ព្រះវិហារ សៀមរាប និងឧត្ដរមានជ័យ
ដោយឡែក ផ្លូវជនបទខ្សែទី៣ មានប្រវែង ១២,៣០០ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៧ ត្រង់ចំណុចភូមិព្រះពន្លា ឃុំកណ្ដោលជ្រុំឆ្ពោះទៅភូមិពង្រ ឃុំនាងទើត ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាលទ្ធផលសម្រេចបានប្រមាណ ៣០% គ្រោងនឹងបញ្ចប់នៅ ខែសីហា ឆ្នាំ២០២៥។ គម្រោងស្ថាបនាផ្លូវនេះ ស្ថិតក្រោមក្របខណ្ឌគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ក្រោមហិរញ្ញប្បទានធនាគារពិភពលោក។




- Video Advertisement -