រដ្ឋបើកការដ្ឋានសាងសង់ថ្នាលបណ្ដុះកូនឈើខ្នាតតំបន់ទំហំជាង ៣ហិកតា នៅខេត្តត្បូងឃ្មុំ
ក្រសួងបរិស្ថាន បានបើកការដ្ឋានសាងសង់ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ទី១ ក្នុងខេត្តត្បូងឃ្មុំលើទំហំដីជាង ៣ហិកតាក្នុងខេត្តត្បូងឃ្មុំ។ នេះបើតាមក្រសួងបរិស្ថាន កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។
ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ទី១ នេះ បានសាងសង់ឡើងស្ថិតក្នុងភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូរាំងឪ ក្រោមថវិការបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រុមហ៊ុន កូកា-កូឡា កម្ពុជា។ ជាងនេះទៅទៀត ថ្នាលបណ្ដុះកូនឈើដ៏ធំមួយនេះ នឹងមានបំពាក់ប្រព័ន្ធស្រោចស្រពដោយប្រើថាមពលពន្លឺព្រះអាទិត្យ។
គួរបញ្ជាក់ថា ថ្នាលបណ្ដុះកូនឈើនេះ នឹងមានសមត្ថភាពបណ្តុះកូនឈើបានជាង ១លានដើម ក្នុងមួយឆ្នាំ ដើម្បីជំរុញការដាំដុះដើមឈើឲ្យបានច្រើនពោល គឺបង្កើនគម្របព្រៃតាមផែនការរបស់រាជរដ្ឋាភិបាលដែលកំពុងជំរុញឱ្យបានចំនួន ៦០ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា នៅត្រឹមឆ្នាំ២០៥០។
ថ្លែងក្នុងពិធីបើកការដ្ឋានខាងលើ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ថ្នាលបណ្តុះកូនឈើទី១នេះ ជាការបោះជំហានមួយពោរពេញដោយថាមពល បន្ទាប់ពីមានការចូលរួមពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលនឹងបន្តបោះជំហានទៅកាន់ខេត្តចំនួន៤ទៀត គឺមណ្ឌលគិរី សៀមរាប កំពង់ស្ពឺ និងកោះកុង។
ឯកឧត្តមបណ្ឌិត បានបន្ថែមថា ថ្នាលបណ្តុះកូនឈើនេះ រួមចំណែកដល់ការចូលរួមចំណែកដាំដើមឈើឡើងវិញឲ្យបានច្រើនសំដៅកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងធ្វើឲ្យកម្ពុជាមានភាពបៃតងស្រស់ស្អាត។
ទន្ទឹមនឹងនេះ លោកស្រី Alissar Chaker តំណាងនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅកម្ពុជា បានថ្លែងដែរថា UNDP គាំទ្រយុទ្ធសាស្ត្រស្តារព្រៃឈើជាតិឡើងវិញ ដែលមានគោលបំណងដាំដើមឈើចំនួន ១លានដើម ដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីការប្រែប្រួលអាកាសធាតុ (NDC) និងគោលដៅអព្យាក្រឹតកាបូន។
ជាមួយគ្នានេះដែរ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនៃក្រុមហ៊ុនកូកា- កូឡាកម្ពុជា ក៏បានបញ្ជាក់ថា ក្រុមហ៊ុន បានចូលរួមមួយចំណែកនៃគម្រោងនេះ តាមរយៈការផ្តល់ជូនប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យបំពាក់នៅទីតាំងថ្នាលបណ្តុះកូនឈើ ពោលគឺប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលកាត់បន្ថយការបំពុលបរិស្ថានផងដែរ។

- Video Advertisement -