ក្រុមហ៊ុនកូរ៉េ Camko Motor គ្រោងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារពិភពលោក
ក្រុមហ៊ុន Camko Motor និង Camko Infracore មានបំណងចាប់ផ្ដើមដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានាពេលខាងមុខ ខណៈរថយន្តអគ្គិសនីនេះ កំពុងពេញនិយមប្រើប្រាស់ និងកើនឡើងជាលំដាប់ទូទាំងពិភពលោក។ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម Kim Jin-pyo អតីតប្រធានសភានៃសាធារណរដ្ឋកូរ៉េ និងលោក Park Joo-bong ដែលជាអគ្គនាយកក្រុមហ៊ុន នៅទីក្រុងសេអ៊ូល នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនេះ លោក Park Joo-bong បានជម្រាបឱ្យដឹងថា ក្រុមហ៊ុនរបស់លោកសព្វថ្ងៃបានចាប់ផ្តើមដំណើរការនៅកម្ពុជា និងមានបំណងដំឡើងរថយន្តនៅកម្ពុជាសម្រាប់ការប្រើប្រាស់ទាំងនៅកម្ពុជា និងការនាំចេញទៅក្រៅប្រទេសផងដែរ ដោយត្រូវការធនធានមនុស្ស ពិសេសគឺត្រូវការការបណ្ដុះបណ្ដាលជំនាញ។
បន្ថែមពីនេះ ក្រុមហ៊ុន Camko Motor ក៏មានបំណងពង្រីកសកម្មភាពផលិតរបស់ក្រុមហ៊ុន ឱ្យកាន់តែធំថែមទៀតបានសន្យាជាមួយសម្ដេចតេជោថា ក្រុមហ៊ុននឹងខិតខំធ្វើការឱ្យអស់លទ្ធភាពសម្រេចគម្រោងនេះឱ្យជោគជ័យ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ជាការឆ្លើយតបវិញនោះ សម្តេចតេជោ បានកោតសរសើរចំពោះក្រុមហ៊ុនខាងលើនេះ និងបានលើកឡើងថា ចលនានៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា នៅមានកម្រិត ដោយសង្ឃឹមទៅអនាគត ការប្រើប្រាស់រថយន្តអគ្គិសនីដែលមានបច្ចេកវិទ្យាទំនើប និងកាត់បន្ថយការចំណាយ ធៀបនឹងការប្រើប្រាស់ប្រេងឥន្ធនៈដែលមានតម្លៃខ្ពស់។
គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមហ៊ុន Camko Motor ក៏បានជួបជាមួយសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដោយទទួលបានការឯកភាពអនុញ្ញាតឱ្យធ្វើការសិក្សា និងលើកទឹកចិត្តឱ្យមានការបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីនៅកម្ពុជា ដែលនឹងផ្ដល់ឱកាសឱ្យកម្ពុជាជាទីផ្សារមួយ ដែលមិនត្រឹមតែអាចប្រើប្រាស់នៅក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអាចនាំចេញទៅក្រៅប្រទេសថែមទៀត។
ក្រុមហ៊ុនកូរ៉េ CAMKO INFRACORE បានបង្ហាញពីគោលបំណង់ចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនី សម្រាប់នាំចេញទៅទីផ្សារពិភពលោក។
- Video Advertisement -