បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំកៅស៊ូជាង ៤៤ម៉ឺនហិកតា, និងបានក្លាយជាប្រទេសមានដើមកៅស៊ូវ័យចាស់ច្រើនជាងគេលើពិភពលោក
កម្ពុជាបានក្លាយជាប្រទេសដែលមានចំនួនដើមកៅស៊ូវ័យចំណាស់ នៅរស់រានមានជីវិតច្រើនជាងគេបំផុតលើពិភពលោក គឺមានរហូតដល់ ៤៤៨ដើម លើផ្ទៃដីប្រមាណ១៤ហិកតា នៃផ្ទៃដីដំាដុះកៅស៊ូសរុបជាង ៤៤ម៉ឺនហិកតា នៅទូទាំងប្រទេស។
នេះបើតាមការលើកឡើងរបស់លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។
ចម្ការកៅស៊ូចំណាស់ជាងគេក្នុងប្រទេសកម្ពុជា ស្ថិតក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងចំការនេះ មានដើមកៅស៊ូចំនួន ៤៤៨ដើម ដែលនៅរស់រានមានជីវិត លើផ្ទៃដីប្រមាណ ១៤ហិកតា នៃផ្ទៃដីដាំកៅស៊ូសរុបចំនួន ៤៤០,០០០ហិកតា នៅទូទាំងប្រទេស។ ចម្ការទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកពូជកៅស៊ូដែលអាចលូតលាស់ និងផ្តល់ទិន្នផលយ៉ាងសំខាន់ក្នុងបរិយាកាសកសិកម្មរបស់កម្ពុជា។
បើតាមលោក ឃុន កក្កដា បានលើកឡើងថា ចម្ការកៅស៊ូដំបូងគេនៅកម្ពុជាត្រូវបានបង្កើតឡើងនៅឆ្នាំ១៩១០ ដោយជនជាតិបារាំងម្នាក់ឈ្មោះ ប៊ូយ៉ា ដែលបានយកចំការកៅស៊ូមកដាំនៅស្រុកព្រៃនប់ ខេត្តកំពត (បច្ចុប្បន្នខេត្តព្រះសីហនុ)។
លោកបន្ត ដោយសារសណ្ឋានដីនៅខេត្តកំពតមិនសូវអំណោយផលសម្រាប់ដំណាំកៅស៊ូ ក្រោយមកក្នុងឆ្នាំ១៩២១ ក៏មានក្រុមហ៊ុនបារំាងធំៗចំនួន៥ទៀត បានមកស្វែងរកប្រភេទដីក្រហមបាសាល់ដែលមានក្សេត្របរិស្ថានសមស្របសម្រាប់ដំណាំកៅស៊ូ តាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តក្រចេះ និងខេត្តរតនគិរី ហើយក៏ចាប់ផ្ដើមដាំដុះជាលក្ខណៈឧស្សាហកម្មទ្រង់ទ្រាយធំចំនួន៥កន្លែង តាំងពីពេលនោះមក។
អស់រយៈពេលជាង ១០០ឆ្នាំមកនេះ ឧស្សាហកម្មចម្ការកៅស៊ូបានភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសកម្ពុជា បើទោះបីជាមានការផ្លាស់ប្ដូរអ្នកដឹកនាំក៏ដោយ។
គួរបញ្ជាក់ថា គិតត្រឹមបច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូជាង ៤៤ម៉ឺនហិកតា លាតសន្ធឹងនៅខេត្តចំនួន ១១ ក្នុងចំណោមនោះ មានដើមកៅស៊ូជិត ៨០ភាគរយ កំពុងផ្ដល់ផលសម្រាប់កែច្នៃផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារបរទេស។ នេះបើតាម កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម ធ្លាប់បានបញ្ជាក់ប្រាប់ព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤៕
យ៉ាងណាមិញ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញកៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ បានជាង ៨៨១លានដុល្លារអាមេរិក កើនឡើង ៨៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើយោងតាមស្ថិតិទំនិញនាំចេញ ដែលបានចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១០ កញ្ញា ២០២៤។
- Video Advertisement -