កម្ពុជា-កូរ៉េ ចុះកិច្ចសន្យាលម្អិតលើការងារបច្ចេកទេស ដើម្បីពន្លឿនគម្រោងសង់ស្ពានអរិយក្សត្រនៅចុងឆមាសទី១-២០២៥
ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនទីប្រឹក្សាបច្ចកទេស Yooshin Engineering Corporation របស់កូរ៉េ បានចុះកិច្ចសន្យារួមគ្នាសិក្សាលម្អិតលើការងារបច្ចេកទេស និងរៀបចំឯកសារប្លង់លម្អិត ដើម្បីពន្លឿនដំណើរការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ(ផ្សាររាត្រី-ជ្រោយចង្វារ, ជ្រោយចង្វារ – អរិយក្សត្រ)ឱ្យបានឆាប់ ដូចដែលក្រសួងធ្លាប់បានលើកឡើងកាលពីកន្លងទៅថ្មីៗថា នឹងចាប់ផ្តើមបើកដំណើរការសាងសង់នៅចុងឆមាសទី១-២០២៥។ (អានបន្ថែម)
ពិធីចុះហត្ថលេខាកិច្ចសន្យាខាងលើនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចកទេស Yooshin Engineering Corporation។
គួរបញ្ជាក់ថា កិច្ចសន្យានេះ គឺធ្វើឡើងក្នុងគោលបំណងឱ្យក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវធ្វើការសិក្សាលម្អិតលើការងារបច្ចេកទេស ការរៀបចំឯកសារ និងជួយលើការងារលទ្ធកម្មដើម្បីជ្រើសរើសក្រុមហ៊ុនសាងសង់ និងត្រួតពិនិត្យគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលនេះគឺជាជំហានដ៏មានសារៈសំខាន់មួយ មុនឈានដល់ការជ្រើសរើសក្រុមហ៊ុនសាងសង់ នាពេលខាងមុខ។
គួររំលឹកថា គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ នឹងត្រូវសាងសង់ជាប្រភេទស្ពានខ្សែកាប(Two cable stayed bridges) មានប្រវែងសរុប ២,៣៧៥ម៉ែត្រ និងទទឹង ២៧,៥ម៉េត្រ ស្ថិតក្រោមហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ មានតម្លៃ តម្លៃ ២៣៥លានដុល្លារ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។ (អានបន្ថែម)
យ៉ាងណាមិញ ថ្មីៗនេះដែល លោក Yoon Suk-Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង ក៏ទើបតែបញ្ជាក់ជាថ្មីយ៉ាងច្បាស់ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការ នៅឆ្នាំ ២០២៥ ខាងមុខនេះ ខណៈកម្ពុជារំពឹងថា វត្តមានស្ពាននេះ នឹងកាន់តែជួយពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សាការងារ រវាងប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានប្រធានាធិបតី នាប្រទេសកូរ៉េ៕



- Video Advertisement -