កម្ពុជាសម្ពោធដាក់សាលាជាតិគយ ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកទី១១ ជាផ្លូវការ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកសម្ពោធដាក់សាលាជាតិគយទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោក ជាផ្លូវការហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។
ពិធីសម្ពោធនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយតំណាងការិយាល័យកសាងសមត្ថភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការគយពិភពលោក តំណាងរដ្ឋបាលគយមកពីប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តំណាងដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិពាក់ព័ន្ធ។
បើតាមប្រភពដដែលនេះ សាលាជាតិគយ ត្រូវបានទទួលស្គាល់ជា “មជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិកទី១១” របស់អង្គការគយពិភពលោក “WCO” តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការគយលើកទី ១៤៣/១៤៤ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។
កិច្ចប្រជុំនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអង្គការគយពិភពលោក បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “ការបង្កើតមជ្ឈមណ្ឌលបណ្តុះ បណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោក នៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា”។
ថ្លែងក្នុងពិធីសម្ពោធខាងលើនេះ លោក Ricardo Treviño អគ្គលេខាធិការរង នៃអង្គការគយពិភពលោក បានរំពឹងថាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្មីប្រចាំតំបន់នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពបណ្តុះបណ្តាល និងទទួលរៀបចំព្រឹត្តិការណ៍ផ្សេងៗ របស់អង្គការគយពិភពលោក។
ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ដែរថា ការទទួលស្គាល់សាលាជាតិគយជា “មជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក” របស់ WCO នឹងជួយពង្រឹងតួនាទីរបស់សាលាជាតិគយក្នុងការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការផ្លាស់ប្តូរចំណេះដឹង ចំណេះធ្វើ និងបទពិសោធលើជំនាញបច្ចេកទេស និងកិច្ចការរបស់រដ្ឋបាលគយ មិនត្រឹមតែក្នុងចំណោមមន្ត្រីគយនិងរដ្ឋាករកម្ពុជា និងបុគ្គលពាក់ព័ន្ធនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងចំណោមបណ្តាមន្ត្រីគយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកផងដែរ។
គួរបញ្ជាក់ថា សាលាជាតិគយ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីអំឡុងខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា។
អគារនេះ ត្រូវបានសាងសង់ដោយប្រើប្រាស់ថវិកាអស់ ១៤លានដុល្លារ មានកម្ពស់ ១២ជាន់ បណ្តោយប្រវែង ៤៩ម៉ែត្រ ទទឹងប្រវែង ៤៨ម៉ែត្រ ទំហំសរុប ២០,២២៥ ម៉ែត្រការ៉េ ដែលស្ថិតនៅតំបន់អភិវឌ្ឍន៍ OCIC សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ (អានបន្ថែម)


- Video Advertisement -