ក្រសួងដែនដី ប្រកាសបង្កើតកម្មវិធីប្រកួតរចនាគម្រោងប្លង់តំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីទាក់ទាញការវិនិយោគ និង…
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចបង្កើតក្រុមការងារពិសេសរៀបចំការប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្ម តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលធ្វើឡើងក្រោមប្រធានបទ “ កម្ពុជា មាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ ក្នុងបេះដូងខ្ញុំ” ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ច ទេសចរណ៍ និងទាក់ទាញការវិនិយោគនៅតំបន់ឆ្នេរសមុទ្រប្រទេសកម្ពុជា។
យោងតាមសេចក្តីសម្រេច ដែលចុះថ្ងៃទី១៩ កញ្ញា ២០២៤ ក្រសួងរៀបចំដែនដី បានឱ្យដឹងថា ក្រុមការងារនេះ គឺមានសមាសភាពប្រធាន អនុប្រធាន និងសមាជិក ចំនួន៤២នាក់ ហើយត្រូវបំពេញភារកិច្ចមួយចំនួនដូចខាងក្រោម៖
១. ត្រូវដឹកនាំ គ្រប់គ្រង ចាត់ចែង រៀបចំការប្រកួតប្រជែង ព្រមទាំងសម្របសម្រួលជាមួយក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត និងអង្គភាពពាក់ព័ន្ធ សម្រាប់រៀបចំការប្រកួតប្រជែងនេះ។២. តម្រង់ទិសខ្លឹមសារ បច្ចេកទេស កំណត់គោលការណ៍វាយតម្លៃ និងដាក់ពិន្ទុសម្រាប់រៀបចំការប្រកួតប្រជែង និងកំណត់គោលការណ៍ផ្សព្វផ្សាយ និងស្វែងរកការឧបត្ថម្ភ (Sponsor) សម្រាប់គាំទ្រការរៀបចំការប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជានេះផងដែរ។
៣. តម្រង់ទិសខ្លឹមសារ និងកំណត់គោលការណ៍ផ្សព្វផ្សាយ អំពីការប្រកួតប្រជែង លើផែនការសកម្មភាពនិងគម្រោងថវិកា សម្រាប់ការអនុវត្តគម្រោងប្រកួតប្រជែងស្នាដៃ ក៏ដូចជារចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា ធ្វើរបាយការណ៍ជាប្រចាំជូន គ.អ.ឆ.ក. អំពីលទ្ធផលនៃសកម្មភាពការងារ បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនពីថ្នាក់ដឹកនាំជាដើម។
គួរបញ្ជាក់ថា ខេត្តជាប់សមុទ្រចំនួន៤ មានខេត្តកែប កំពត ព្រះសីហនុ និងកោះកុង ត្រូវបានដាក់តំបន់ឆ្នេរជាគោលដៅសម្រាប់ការប្រកួតប្រជែងស្នាដៃគម្រោងរចនាប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រនៅកម្ពុជា។
គួររំលឹកទៀតថា កម្មវិធីប្រកួតប្រជែងនេះ ត្រូវបានផ្តួចផ្តើមដោយក្រសួងរៀបចំដែនដី និងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ច ទេសចរណ៍ និងទាក់ទាញការវិនិយោគនៅតំបន់ឆ្នេរសមុទ្រប្រទេសកម្ពុជា៕
- Video Advertisement -