រយៈពេល១ខែ កម្ពុជាអនុម័តគម្រោងថ្មីបាន ២៨គម្រោង តម្លៃ៤៤៣លានដុល្លារ
ក្នុងរយៈពេល១ខែ គឺខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៨គម្រោង ក្នុងនោះមានគម្រោងថ្មីចំនួន ២៦គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ៤៤៣លានដុល្លារ និងអាចបង្កើតការងារបានប្រមាណជិត ២៥០០០កន្លែង។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី៧ តុលា ២០២៤នេះ។
ជាការគត់សម្គាល់ ឃើញថាគម្រោងវិនិយោគទាំង២៨ខាងលើ បានហៀរចូលក្នុងវិស័យឧស្សាហកម្មទាំងអស់ ដោយខេត្តព្រះសីហនុទទួលបាន ៨គម្រោងច្រើនជាងគេ តាមពីក្រោយដោយខេត្តស្វាយរៀងចំនួន ៧គម្រោង, កោះកុងចំនួន ៤គម្រោង, ភំ្នពេញចំនួន ៣គម្រោង, តាកែវ និងពោធិ៍សាត់ចំនួន ២គម្រោងដូចគ្នា, និង កំពង់ស្ពឺនិងកណ្តាល ១គម្រោងដូចគ្នាផងដែរ។
តាមប្រភពដដែលបានឱ្យដឹងទៀតថា ក្នុងខែកញ្ញានេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៣៨,២៣% នៃទុនវិនិយោគសរុប ខណៈដែលការវិនិយោគក្នុងស្រុកគ្រប់ដណ្ដប់ ៣២,៩២ភាគរយ នៃទុនវិយោគសរុប។
គួរបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៦គម្រោង និងគម្រោងដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ២២គម្រោង។
ជាងនេះទៅទៀត របាយការណ៍ដដែលក៏បានបង្ហាញនូវគម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែកញ្ញានេះ ក្នុងនោះរួមមាន៖
ក_ក្រៅតំបន់សេដ្ឋកិច្ចពិសេស
១_ គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសំលៀកបំពាក់ដែលមានទីតាំងស្ថិតនៅភូមិព្រៃកីខ និងភូមិព្រៃកីគ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគបន្ថែម ១២,៥លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន ២.៥០៥កន្លែង។
ខ_ក្នុងតំបន់សេដ្ឋកិច្ចពិសេស
១_ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ដែលមានទីតាំងស្ថិតនៅក្នុងភូមិសារវ័នឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងទុនវិនិយោគប្រមាណ ៧០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧០៨កន្លែង។
២_គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ហ្វុងហ្វូអ៊ីនធើណេសិនណល ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងធ្លូងឃុំញរ ភូមិព្រះបាក់ក និងភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគចំនួន ៥៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៥១កន្លែង។
៣_គម្រោងវិនិយោគបង្កើតរោងចក្រផលិតដំឡើង និងបង្គំសមាសធាតុជាក់លាក់គ្រឿងម៉ាស៊ីន និងមេកានិច ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ក្នុងទុនវិនិយោគប្រមាណជាង ៣៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៨.៩១៨កន្លែង។
៤_គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃផលិតផលពីទឹកដោះគោ ភេសជ្ជៈគ្រប់ប្រភេទគ្មានជាតិអាកុល និងអាហារគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិ ក្នុងទុនវិនិយោគប្រមាណជាង ៣៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥៨កន្លែង។
៥_គម្រោងវិនិយោគបង្កើតរោងចក្រផលិតខ្សែភ្លើង ខ្សែកាប រឡូខ្សែកាបដែក និងរឡូខ្សែកាបឈើដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្នុងទុនវិនិយោគ ២៥ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.១៨៨កន្លែង។
៦. គម្រោងនាយកបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានមេនហាតធេនក្នុងទុនវិនិយោគប្រមាណជាង ២០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦៨៤កន្លែង។
- Video Advertisement -