ថៃទើបបញ្ចប់គម្រោងពង្រីកផ្លូវសំខាន់១ខ្សែ (ពីចាន់ថាបុរី-ស្រះកែវ) ដើម្បីជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ចថៃ-កម្ពុជា
នាយកដ្ឋានផ្លូវហាយវេរបស់ប្រទេសថៃទើបបានប្រកាសពីវឌ្ឍនភាពគម្រោងពង្រីកផ្លូវហាយវេលេខ៣១៧ (ពីចាន់ថាបុរី ទៅស្រះកែវ) ពី ២គន្លង ដល់ ៤ គន្លង ត្រូវបានបញ្ជប់ការងារសាងសង់ ១០០ភារយហើយ ដោយរំពឹងថាផ្លូវដ៏សំខាន់១ខែ្សនេះ នឹងជួយជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសថៃ និងកម្ពុជា។
នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន pattayamail នៅថ្ងៃទី ២២ ខែតុលា។
ប្រភពខាងលើបានឱ្យដឹងថា កំណាត់ទី១ គិតចាប់ពីស្រុក Soi Dao ដល់ Ban Khao Laem មានប្រវែងជាង ១៦គីឡូម៉ែត្រ ដោយបានចំណាយថវិកាសរុបអស់ ៨៩៦លានបាត (ស្មើនឹងប្រមាណជាង ២៦លានដុល្លារ)។ ការពង្រីកនេះមានគោលបំណងដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសថៃ និងកម្ពុជា។
គួរបញ្ជាក់ទៀតថា ផ្នែកដែលបានពង្រីកនេះ លាតសន្ធឹងពីគីឡូម៉ែត្រ 65+350 ដល់ 82+000 ត្រូវបានតភ្ជាប់រវាងតំបន់ភាគខាងកើត និងភាគឦសានរបស់ប្រទេសថៃ រួចបន្តភ្ជាប់ទៅកាន់ប្រទេសកម្ពុជា។
ផ្លូវនេះដែរ ត្រូវបានពង្រីកពីពីរគន្លងទៅបួនគន្លង (ពីរគន្លងក្នុងទិសដៅនីមួយៗ) និងមានផ្ទៃក្រាលកៅស៊ូទទឹង ៣,៥ ម៉ែត្រក្នុងមួយគន្លង។ ចិញ្ចើមផ្លូវសងខាងមានទទឹង២,៥ម៉ែត្រ មានរបាំងបេតុងបំបែកចរាចរណ៍។ សម្រាប់តំបន់សហគមន៍ ផ្លូវនេះត្រូវបានពង្រីករហូតដល់១០គន្លង (ប្រាំគន្លងក្នុងទិសដៅនីមួយៗ) រួមមានផ្លូវធំ ចំហៀង និងចិញ្ចើមផ្លូវ។ គម្រោងនេះដែរ ត្រូវបានរួមបញ្ចូលនូវការសាងសង់ស្ពានភ្លោះចំនួនប្រាំមួយ នៅត្រង់ចំណុច U-turn ភ្លើងបំភ្លឺផ្លូវ និងផ្លាកសញ្ញាផ្លូវចំនួន ២១ ដើម្បីពង្រឹងសុវត្ថិភាពជាមួយនឹងផ្លាកសញ្ញាចរាចរណ៍បន្ថែម។
យ៉ាងណាមិញ ប្រភពដដែលក៏សង្កត់ធ្ងន់ថា ផ្លូវហាយវេមួយខ្សែនេះ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការដឹកជញ្ជូនទំនិញកសិកម្ម ទេសចរណ៍ និងឧស្សាហកម្មផលិត។
ក្រោយបញ្ចប់គម្រោងនេះ គេរំពឹងថា វានឹងជួយពង្រឹងសមត្ថភាពចរាចរណ៍ កាត់បន្ថយពេលវេលាធ្វើដំណើរ បង្កើនសុវត្ថិភាព និងរួមចំណែកដល់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចក្នុងតំបន់ លើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនក្នុងតំបន់យ៉ាងសំខាន់។
- Video Advertisement -