ក្រុមហ៊ុនកំពុងសង់ព្រលានថ្មីនៅក្រុងតាខ្មៅ ប្រកាសចង់វិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាបន្ថែមទៀត
ក្រុមហ៊ុន Shanghai Geoharbour Group ចង់វិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាបន្ថែមទៀត ខណៈកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ។ នេះបើតាមជំនួបរវាងពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូក្រុមហ៊ុន Shanghai Geoharbour Group កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។
គណៈប្រតិភូក្រុមហ៊ុន Shanghai Geoharbour Group បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីសាវតាររបស់ក្រុមហ៊ុនដែលមានបទពិសោធន៍ចូលរួមសាងសង់គម្រោងធំៗជាង ២០០គម្រោងនៅក្នុងតំបន់អាស៊ី រួមមាន កំពង់ផែ អាកាសយានដ្ឋាន និងកោះសិប្បនិម្មិតជាដើម។
ដោយឡែកក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបាននិងកំពុងចូលរួមក្នុងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ដែលគ្រោងនឹងបើកឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
បន្ថែមពីនេះ ក្រុមហ៊ុនបានសម្តែងនូវចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមទៀតនូវសក្ដានុពលនៃការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញជូនគណៈប្រតិភូអំពីគម្រោងអភិវឌ្ឍន៍ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចមាន គម្រោងផ្លូវល្បឿនលឿន គម្រោងព្រែកជីកហ្វូណនតេជោ និងកំពង់ផែ ដែលអនុញ្ញាតជូនវិនិយោគិន ក៏ដូចជាក្រុមហ៊ុន Shanghai Geoharbour Group ផ្ទាល់ អាចពិនិត្យលទ្ធភាពជ្រើសរើសការបណ្ដាក់ទុនវិនិយោគផងដែរ។
ជាមួយគ្នានេះផងដែរ កន្លងទៅថ្មីៗនេះ មានវិនិយោគិនចិន ជាច្រើនបានចាប់អារម្មណ៍វិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា។
ជាស្តែង ក្រុមហ៊ុន Wanli Stone របស់ចិន កំពុងពិនិត្យលទ្ធភាពវិនិយោគបន្ថែម លើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ខណៈបច្ចុប្បន្នកំពុងប្រកបអាជីវកម្មថ្មម៉ាប និងថ្មក្រានីតនៅក្នុងខេត្តកំពង់ស្ពឺ។ (អានបន្ថែម)
ទន្ទឹមនឹងនេះ សមាគមពាណិជ្ជកម្មចិនឆោសាន ក៏បានបង្ហាញពីផែនការបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី ៣២ហិកតា នៅស្រុកបាទី ខេត្តតាកែវ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ។ (អានបន្ថែម)
ដោយឡែក ក្រុមហ៊ុនឯកជន Golden Port SEZ Development Co., Ltd ក៏បានបង្ហាញអំពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស លើផ្ទៃដីទំហំប្រមាណ ២៧០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុនាពេលឆាប់ៗខាងមុខនេះផងដែរ។ (អានបន្ថែម)



- Video Advertisement -