ភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកើនជិតស្មើកម្រិតមុនវិបត្តិសកល ប៉ុន្តែទេសចរចិននៅមានចំនួនតិចតួច បើធៀបនឹងប្រទេសជិតខាង
ចំនួនភ្ញៀវអន្តរជាតិចូលមកទេសចរណ៍ក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២៤ បានកើនឡើងដល់ ៤,៤ លាននាក់ក្នុងរយៈពេល ៨ ខែដំបូង ស្មើនឹងការកើនឡើង ២២,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ តួលេខដ៏ខ្ពស់នេះ បង្ហាញពីការងើបឡើងវិញនៃវិស័យទេសចរណ៍ជាបណ្តើរៗ ពោលគឺនៅសល់តែ១,៦% ទៀតតែប៉ុណ្ណោះ នឹងបានស្មើនឹងកម្រិតចំនួនទេសចរកាលពីកំឡុងពេលមុនមានវិបត្តិសាកល ដែលនៅពេលនោះ ចំនួនទេសចរអន្តរជាតិបានធ្លាក់ចុះយ៉ាងខ្លាំងពី ៦,៩ លាននាក់ក្នុងឆ្នាំ ២០១៩ មកត្រឹមតែ ២០០K នាក់ក្នុងឆ្នាំ ២០២១។ កំណើនទេសចរណ៍បានចាប់ផ្តើមឡើងវិញ នៅឆ្នាំ ២០២២ ជាមួយនឹងការមកដល់ ២,៣ លាននាក់ និងបានកើនឡើងបន្ថែមទៀតដល់ ៥,៤ លាននាក់នៅឆ្នាំ ២០២៣ ដែលឆ្លុះបញ្ចាំងពីស្ថានភាពប្រសើរឡើងវិញនៃវិស័យទេសចរណ៍ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ទិន្នន័យជាក់ស្តែងបង្ហាញពីចំនួនតិចតួចនៃទេសចរចិន បើធៀបនឹងប្រទេសថៃ និងវៀតណាម នេះបើយោងតាម ស្ថិតិទេសចរណ៍ចុងក្រោយ ដែលត្រូវបានចុះផ្សាយដោយ CBRE Cambodia នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤។
បច្ចុប្បន្នភាពទេសចរណ៍នៅកម្ពុជា
គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ ២០២៤ ប្រទេសកម្ពុជានេះ មានទេសចរអន្តរជាតិជាង៤លាននាក់ ក្នុងនោះមានភ្ញៀវទេសចរជនជាតិថៃដែលមានចំនួន ៣៥% នៃការមកដល់អន្តរជាតិទាំងអស់។ វិស័យទេសចរណ៍កម្ពុជាក៏ទាញបានចំនួនគួរឱ្យកត់សម្គាល់ពីប្រទេសវៀតណាម (២០%) ប្រទេសចិន (១៤%) កូរ៉េ និងឡាវ ៣% ដោយបញ្ជាក់ពីភាពទាក់ទាញក្នុងតំបន់ និងគុណសម្បត្តិនៃភាពជិតស្និទ្ធទៅនឹងទីផ្សារជិតខាង។ ទោះយ៉ាងណាក៏ដោយប្រភពដដែល ហាក់នៅមិនទាន់បានរំលេចអំពីចំនួនទេសចរពីប្រទេសដទៃជាពិសេសពីតំបន់អ៊ឺរ៉ុប និងបណ្តាប្រទេសអាស៊ីផ្សេងទៀត។
ប្រៀបធៀបប្រទេសកម្ពុជាជាមួយប្រទេសជិតខាង
ខណៈពេលដែលវិស័យទេសចរណ៍របស់កម្ពុជា ត្រូវបានជំរុញជាចម្បងដោយទីផ្សារក្បែរផ្ទះ ដែលហាក់បង្ហាញលក្ខណៈមានភាពចម្រុះភូមិសាស្ត្រតិចតួចនោះ ចំណែកឯប្រទេសវៀតណាមវិញ បង្ហាញពីមូលដ្ឋានអ្នកទស្សនាចម្រុះភូមិសាស្រ្តច្រើនជាង ដោយភ្ញៀវទេសចរកូរ៉េខាងត្បូងមាន ២៧% បន្ទាប់មកប្រទេសចិន (២១%) និងសហរដ្ឋអាមេរិក (៨%) តៃវ៉ាន់ ៥% និងជប៉ុន ៤%។
ផ្ទុយទៅវិញ ប្រទេសថៃបានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរចិន ដោយមាន ៤៣% នៃភ្ញៀវអន្តរជាតិទាំងអស់របស់ថៃ គឺជាជនជាតិចិន ខណៈជនជាតិវៀតណាមទៅទស្សនាប្រទេសថៃមាន ១១%នៃទេសចរសរុប បន្ទាប់មានឥណ្ឌា ៩% និងចុងក្រោយគឺជនជាតិតៃវ៉ាន់ និងកូរ៉េ ៥%ស្មើគ្នា។
ភាពចម្រុះនៃភូមិសាស្ត្រសម្រាប់ភ្ញៀវទេសចរអន្តរជាតិនេះ ផ្តល់នូវគំរូសក្តានុពលសម្រាប់ប្រទេសកម្ពុជាក្នុងការធ្វើពិពិធកម្មប្រភពទេសចរណ៍របស់ខ្លួន និងពង្រីកការទាក់ទាញរបស់ខ្លួនទៅកាន់ទីផ្សារឆ្ងាយឱ្យដូចប្រទេសជិតខាង។ ទិន្នន័យកំណើនទេសចរជាង ២២% គឺសញ្ញាល្អសម្រាប់វិស័យទេសចរណ៍ និងឱកាសអភិវឌ្ឍន៍ប្រទេស ប៉ុន្តែគុណភាពនិងប្រភពនៃទេសចរ ក៏ជាកត្តាដ៏សំខាន់មួយសម្រាប់ពិចារណាលើគោលនយោបាយ ទេសចររបស់ប្រទេសផងដែរ។ ខណៈដែលកម្ពុជាប្រហែលជាពិបាកនឹងប្រកួតប្រជែង បើធៀបលើបរិមាណភ្ញៀវទេសចរចិនរបស់ប្រទេសថៃ ការពង្រឹងសមត្ថភាពក្នុងការទាក់ទាញ ក្នុងការទាញយកប្រយោជន៍ពីការអំពាវនាវក្នុងតំបន់របស់ខ្លួន និង ការធ្វើពិពិធកម្មឱ្យបានកាន់តែទូលំទូលាយជាងមុនបន្ថែមទៀត នឹងមានសារៈសំខាន់ក្នុងការរក្សាសន្ទុះ និងការធានាមុខមាត់របស់ខ្លួន នៅក្នុងទិដ្ឋភាពទេសចរណ៍អន្តរជាតិដែលកំពុងតែមានភាពប្រកួតប្រជែងខ្លាំងជាងមុន៕
- Video Advertisement -