កម្ពុជា-ចិន រួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលកម្រិតខ្ពស់ និងបច្ចេកវិទ្យាទំនើប
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានចិន-អាស៊ាន (CAIH) ចុះអនុស្សារណៈ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពជីវិតនៅក្នុងតំបន់ តាមរយៈការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលកម្រិតខ្ពស់ និងបច្ចេកវិទ្យាទំនើប។
កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនេះថា ការចុះហត្ថលេខាលើអនុស្សារណៈនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាឌីជីថល និងពង្រឹងប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា។ វាមានគោលបំណងបង្កើនការតភ្ជាប់ឌីជីថល និងការផ្លាស់ប្តូរជំនាញដែលនឹងផ្តល់អត្ថប្រយោជន៍សម្រាប់ទាំងប្រទេសកម្ពុជា និងតំបន់អាស៊ាន។
ដោយឡែក លោក គង់ ម៉ុងគឺ អគ្គនាយករងនៃក្រុមហ៊ុន CAIH បានសម្តែងការសាទរចំពោះសក្តានុពលនៃកិច្ចព្រមព្រៀងនេះ ដោយលើកឡើងថា ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការនេះ យើងស្នើផ្តល់អាទិភាពលើការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល ដែលជំហានបន្ទាប់នឹងផ្តោតលើការបង្កើតថ្នាលអភិបាលកិច្ចឆ្លាតវៃសម្រាប់កម្ពុជា។
លោកបានបន្ថែមថា យើងចង់ក្លាយជាក្រុមហ៊ុនតភ្ជាប់ដ៏អស្ចារ្យ (Super Connector) សម្រាប់ឧស្សាហកម្ម ធនធាន និងអតិថិជន ដោយដើរតួនាទីជាអ្នកផ្តល់លទ្ធភាពសម្រាប់បរិវត្តកម្មឌីជីថល និងជាក្រុមហ៊ុនឈានមុខនៃគំនិតផ្តួចផ្តើមវិថីសូត្រឌីជីថល។
តាមរយៈអនុស្សារណៈនេះ ក្រសួងអាចប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់របស់ក្រុមហ៊ុន CAIH សម្រាប់សេដ្ឋកិច្ចឌីជីថល ការតភ្ជាប់អន្តរកម្មឆ្លាតវៃ និងអន្តរប្រតិបត្តិការទិន្នន័យ ដែលផ្តោតទៅលើ៖
- ហេដ្ឋារចនាសម្ព័ន្ធឌីជីថលកម្រិតខ្ពស់៖ក្រុមហ៊ុនCAIH នឹងគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធឌីជីថលទំនើប ដើម្បីជំរុញនវានុវត្តន៍ និងលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់
- ការជំរុញសេដ្ឋកិច្ចឌីជីថល៖ភាគីទាំងពីរនឹងផ្តោតលើវិស័យដូចជា សុខភិបាល និងទេសចរណ៍ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
- ការចែករំលែកចំណេះដឹង៖ភាពជាដៃគូនេះនឹងជួយសម្រួលដល់ការផ្លាស់ប្តូរជំនាញបច្ចេកវិទ្យា និងការយល់ដឹងអំពីនិន្នាការថ្មីនៃនៃនវានុវត្តន៍។
- Video Advertisement -