រដ្ឋាភិបាលកម្ពុជាប្រើមូនិធិជិត $២៧លាន បើកការដ្ឋានសង់ផ្លូវក្រវ៉ាត់ព្រំដែនប្រវែង ២៥០គ.ម នៅថ្ងៃទី១ វិច្ឆិកា
រាជរដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ព្រំដែនប្រវែង ២៥០គ.ម ក្រោមមូនិធិសរុបជិត ២៦.៩៦៧.៦០៩លានដុល្លារអាមេរិក នៅថ្ងៃទី១ វិច្ឆិការ ឆ្នាំ២០២៤ និងគ្រោងបញ្ចប់នៅចុងខែមេសា ឆ្នាំ២០២៧។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម គឹម ប៊ុនថាន ប្រធានក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋរចនាសម្ព័នតាមព្រំដែន ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងសន្និសីទខាងលើ ឯកឧត្តម គឹម ប៊ុនថាន បានឱ្យដឹងថាផ្លូវក្រវាត់ព្រំដែនដែលមានប្រវែង ២៥០គីឡូម៉ែត្រ ស្មើនឹង ១៨,៤ភាគរយ នៃផ្លូវខ្សែក្រវាត់ព្រំដែននៅសល់ ៥១,៩០ភាគរយ ដែលមិនទាន់សាងសង់ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១ ខែវិចិ្ឆកា ក្រោមកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋរចនាសម្ព័នតាមព្រំដែនសរុប ២៦.៩៦៧.៦០៩លានដុល្លារអាមេរិក។
គួរបញ្ជាក់ថា មូលនិធិកសាងហេដ្ឋរចនាសម្ព័នតាមព្រំដែននេះ ត្រូវបានរៃអង្គាសក្នុងរយៈពេល ៦៦ថ្ងៃ (គិតចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤) តាមរយៈការបរិច្ចាគដោយស្ម័គ្រចិត្តពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេសចំនួន ៧២០.១០៥ អង្គ/នាក់ គិតជាទឹកប្រាក់សរុបបានចំនួន ២៦.៩៦៧.៦០៩ ដុល្លារអាមេរិក (ក្នុងនោះមានប្រាក់រៀលសរុបចំនួន ៣២.៩៥២.៤៤២.០៤៤រៀល និងប្រាក់ដុល្លារអាមេរិកសរុបចំនួន ១៨.៧២៩.៩៩៨ ដុល្លារអាមេរិក)។
ឯកឧត្តម គឹម ប៊ុនថាន បានបន្ថែមថា កញ្ចប់ថវិកាជិត ២៧លានដុល្លារនេះ នឹងត្រូវប្រើប្រាស់ដើម្បីកសាងផ្លូវល្បាយថ្មមួយខ្សែ មានប្រវែងប្រមាណ ២៥០គីឡូម៉ែត្រតាមព្រំដែន ដែលមាន ០៤ខ្សែ ក្នុងនោះ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ប្រវែង ១៤៧,៤២ គីឡូម៉ែត្រ និងក្នុងខេត្តរតនគីរីប្រវែង ១០២,៥៨ គីឡូម៉ែត្រ។ ផ្លូវនេះគឺជាប្រភេទផ្លូវក្រាលល្បាយថ្មមួយខ្សែ (ជាផ្លូវថ្មី) ដែលមានតួផ្លូវ ៩ ទៅ ១០ម៉ែត្រ, ទទឹងផ្លូវ ៧ម៉ែត្រ។
លើសពីនេះ ក្រុមការងារចំពោះកិច្ច នឹងត្រូវធ្វើការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះលើផ្ទៃដីសរុប ៦,២៥០,០០០ម២ និងសំណង់សិល្បការ្យគ្រប់ប្រភេទរួមមាន៖ ស្ពានបេតុងសរសៃដែក ចំនួន ២៣កន្លែង សរុបប្រវែង ៥៦៧ម លូ ប្រអប់បេតុងគ្រប់ប្រភេទចំនួន ៤៧កន្លែង សរុបប្រវែង ៣៦៩ម លូមូលបេតុងគ្រប់ប្រភេទ ចំនួន ៤៩៤កន្លែង និង ថ្នល់បេតុងបង្កៀររក្សាទឹក ទុកប្រើប្រាស់ ចំនួន ០២កន្លែង សរុបប្រវែង ៧២ម។
គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៣ ការកសាងផ្លូវក្រវ៉ាត់ព្រំដែនសម្រេចបានប្រវែង ៤៨,១០% និងបោសសម្អាតមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជិត ៣ម៉ឺនហិកតា។ ចំណែកផ្លូវព្រំដែនដែលមិនទាន់សាងសង់នៅសល់មានចំនួន ៥១,៩០% ទៀត។
- Video Advertisement -