ក្រុមហ៊ុនចិនចាប់អារម្មណ៍ខ្លាំងលើការដាំដុះកែច្នៃទុរេននៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ
ក្នុងការឈានទៅរកសក្តានុពលកសិកម្មរបស់កម្ពុជា ក្រុមហ៊ុន Zhengzhou Chen’s Sun មកពីប្រទេសចិនបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគលើការដាំដុះទុរេន និងបង្កើតរោងចក្រកែច្នៃសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ។ គំនិតផ្តួចផ្តើមដ៏មានសុទិដ្ឋិនិយមនេះត្រូវបានគូសបញ្ជាក់ក្នុងជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោកស្រី Xuemei Chen ជាប្រធានក្រុមហ៊ុន Zhengzhou Chen’s Sun នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុង Kunming ខេត្ត Yunnan សាធារណៈរដ្ឋប្រជាមានិតចិន។
នាឱកាសនោះ លោកស្រី Chen បានលើកឡើងថា កម្ពុជាមានសក្ដានុពលធំធេងណាស់ក្នុងវិស័យកសិកម្ម ជាពិសេសឧស្សាហកម្មផ្លែឈើ តួយ៉ាងមានដូចជា ទុរេន ដែលត្រូវបានគេស្គាល់ថាជា “ស្តេចនៃផ្លែឈើ” ដែលអាចធ្វើការដំាដុះ និងកែច្នៃសម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ យ៉ាងណាមិញលោកស្រីក៏បានបង្ហាញពីចក្ខុវិស័យចង់វិនិយោគដាំដុះទុរេន និងបង្កើតរោងចក្រកែច្នៃនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនសមត្ថភាពនាំចេញទៅកាន់ប្រទេសចិន និងប្រទេសដទៃទៀតផងដែរ។
លោកស្រី Chen ជឿជាក់យ៉ាងមុតមាំថា ផែនការវិនិយោគរបស់លោកស្រីនឹងជួយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជាជាច្រើនថែមទៀត។ នៅពេលដែលប្រទេសកម្ពុជាកំពុងស្វែងរកការជំរុញការនាំចេញកសិផលរបស់ខ្លួនដូច្នេះ ការចូលរួមរបស់អ្នកវិនិយោគបរទេសដូចជា Zhengzhou Chen’s Sun ត្រូវបានគេមើលឃើញថាជាការអភិវឌ្ឍន៍ដ៏វិជ្ជមាន។
ជាការឆ្លើយតប សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនដែលចង់វិនិយោគខាងវិស័យកសិកម្ម ជាពិសេសដំណាំទុរេននៅកម្ពុជា និងបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាមានសក្ដានុពលលើផលិតផលកសិកម្មច្រើនប្រភេទ ដែលវិនិយោគិនអាចនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ប្រកបដោយភាពប្រកួតប្រជែង។
សម្ដេចក៏បានលើកទឹកចិត្តក្រុមហ៊ុនឱ្យបន្តពិភាក្សាលម្អិត និងសហការជាមួយក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា និងដៃគូក្នុងស្រុក សំដៅប្រែក្លាយផែនការវិនិយោគរបស់ក្រុមហ៊ុន ឱ្យចេញលទ្ធផលជាក់ស្ដែង ក្នុងពេលដ៏ខ្លីខាងមុខ៕

- Video Advertisement -