ក្រុមហ៊ុនចិន DANONG គ្រោងវិនិយោគលើវិស័យកសិកម្មនៅខេត្តតាកែវ ដោយផ្តោតលើបសុសត្វ
ក្រុមហ៊ុនខ្នាតធំរបស់ចិន Danong Development Group មានគំរោងវិនិយោគលើវិស័យកសិកម្ម នៅខេត្តតាកែវ ដោយផ្តោតសំខាន់លើបសុសត្វ និងផលិតផលកសិកម្មធំៗចំនួន៤ ប្រភេទ។ នេះបើយោងតាមជំនួបរវាងតំណាងក្រុមហ៊ុន ជាមួយរដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៤។លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group បានបង្ហាញពីគម្រោងវិនិយោគលើវិស័យកសិកម្ម នៅខេត្តតាកែវ។ លោកបានសង្កាត់ធ្ងន់ទៀតថា គម្រោងវិនិយោគមួយនេះនឹងផ្តោតលើវិស័យបសុសត្វ និងផលិតផលកសិកម្ម ៤ប្រភេទ រួមមាន៖ ការដាំស្មៅសម្រាប់ការចិញ្ចឹមសត្វ ការបង្កាត់ពូជនិងដាំពោត ការដាំដុះដំឡូងមី និងការចិញ្ចឹមជ្រូក និងគោ។
លោកបន្តថា សមាសធាតុសំខាន់ៗទាំងនេះ នឹងបង្កើតជាខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំ ដោយរួមបញ្ចូលនូវគ្រឿងបរិក្ខារកែច្នៃកម្រិតខ្ពស់ និងការអនុវត្តកសិកម្មបសុសត្វប្រកបដោយភាពច្នៃប្រឌិតខ្ពស់។
ជាការឆ្លើយតប ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានស្វាគមន៍ចំពោះក្រុមហ៊ុនដែលជាក្រុមហ៊ុនមានបទពិសោធន៍ និងជំនាញច្បាស់លាស់ ក្នុងវិស័យកសិឧស្សាហកម្មបែបទំនើប និងឆ្លាតវៃ ដែលមានមូលដ្ឋាននៅក្នុងខេត្តសាន់តុងរបស់ប្រទេសចិន។ ឯកឧត្តមបន្តថា ប្រសិនបើបានក្រុមហ៊ុនមកចូលរួម ចែករំលែកបទពិសោធន៍ បច្ចេកទេស ធនធាន ដល់ប្រជាកសិករ នោះវិស័យកសិកម្មរបស់ខេត្តនឹងរីកចម្រើនបានលឿន ហើយនឹងក្លាយជាគំរូ នៃការអភិវឌ្ឍន៍កសិឧស្សាហកម្មនៅកម្ពុជាផងដែរ។
ជាងនេះទៅទៀតលោក Zhao Shujie ក៏បានបញ្ជាក់បន្ថែមពីមូលហេតុដែលក្រុមហ៊ុនជ្រើសយកខេត្តកាកែវ ជាទិសដៅនៃគម្រោងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដោយសារខេត្តតាកែវ គឺជាខេត្តដ៏មានសក្តានុពលមួយ លើវិស័យកម្ម នៅក្នុងចំណោមបណ្ដាខេត្តផ្សេងៗ របស់ប្រទេសកម្ពុជា។
គួររំលឹកថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនដ៏ធំមួយនេះ ធ្លាប់បានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនចំនួន ៤ ដើម្បីបង្កើតជាតំបន់គំរូមួយនៅលើផ្ទៃដីប្រហែលជាង ១ម៉ឺនហិកតា ដែលក្នុងនោះមានការបង្កាត់ពូជពោត ការដាំស្មៅចំបើង ស្មៅប្រូតេអ៊ីនខ្ពស់ ព្រមទាំងមានការចិញ្ចឹមសត្វគោយកជាសាច់ និងការសាងសង់នូវរោងចក្រកែច្នៃសម្រាប់ផលិតផលកសិកម្ម៕ (អានបន្ថែម)
- Video Advertisement -