ចិនហុងកុង និងម៉ាកាវ បង្ហាញចេតនាចង់វិនិយោគតម្លើងទោចក្រយានយន្តអគ្គិសនីនៅកម្ពុជា
គណៈប្រតិភូវិនិយោគិនមកពីទីក្រុងហុងកុង និងទីក្រុងម៉ាកាវ ប្រទេសចិន បានបង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគលើវិស័យតម្លើងទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនីនៅកម្ពុជានាឆាប់ៗពេលខាងមុខនេះ។
បំណងនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយតំណាងអ្នកធុរកិច្ចចិន ដឹកនាំដោយលោក Wang Jiawei អគ្គនាយកក្រុមហ៊ុន Glorank (HK) កាលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។
ឯកឧត្តម Wang Jiawei បានឱ្យដឹងថា ជំនួបនេះ មានគោលបំណងស្វែងយល់ពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា ពិសេសការវិនិយោគក្នុងវិស័យតម្លើងទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនី ផលិតអាគុយ រួមទាំងឧស្សាកម្មគាំទ្រដល់វិស័យនេះផងដែរ។ លោក ក៏បានថ្លែងអរគុណ CDC ដែលបានផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយពីបរិយាកាសវិនិយោគនៅកម្ពុជា ពិសេសពាក់ព័ន្ធនឹងវិស័យដែលក្រុមហ៊ុនមានបំណងចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលនេះជាការផ្តល់នូវទំនុកចិត្តដល់ក្រុមហ៊ុនឱ្យមានភាពជឿជាក់ក្នុងការសម្រេចចិត្តបោះទុនវិនិយោគ។
ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានលើកឡើងថា គម្រោងតម្លើងទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនី គឺជាគម្រោងដែលទទួលបានការលើកទឹកចិត្ត ជាពិសេសគាំទ្រដល់កិច្ចការពារបរិស្ថាន ព្រោះស្របតាមអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធរបស់រដ្ឋាភិបាល។
ជាមួយគ្នានេះ ឯកឧត្តម បានស្វាគមន៍គម្រោងវិនិយោគរបស់ក្រុមហ៊ុន ខណៈលោកបានជំរុញ ឱ្យក្រុមហ៊ុនរួសរាន់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីមានឱកាសដណ្តើមយកចំណែកទីផ្សារដែលកំពុងមានសក្តានុពល និងទទួលផលចំណេញឆាប់។
គួរបញ្ជាក់ដែរថា តាមរយៈជំនួបនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានស្នើឱ្យក្រុមហ៊ុនទាំងនោះ ធ្វើការគិតគូរពិនិត្យលទ្ធភាពវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសដោយផ្តោតតែទៅលើការប្រមូលផ្តុំចង្កោមឧស្សាហកម្មក្នុងវិស័យផលិតទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនី ដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ផងដែរ។
នៅពេលដែលកិច្ចប្រជុំបានបញ្ចប់ ភាគីទាំងពីរបានសម្តែងសុទិដ្ឋិនិយមអំពីអនាគត ជាមួយនឹងគោលដៅដាំដុះឧស្សាហកម្មរថយន្តអគ្គិសនីដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា ដែលសន្យាដំណោះស្រាយដឹកជញ្ជូនប្រកបដោយភាពច្នៃប្រឌិត និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ កម្ពុជាអាចក្លាយជាតួអង្គសំខាន់មួយក្នុងទីផ្សារម៉ូតូអគ្គិសនីក្នុងពេលឆាប់ៗនេះ ខណៈដែលពិភពលោកឆ្ពោះទៅរកបច្ចេកវិទ្យាបៃតង។
- Video Advertisement -