កម្ពុជាបើកដំណើរការថ្នាលឌីជីថលថ្មី ដើម្បីជំរុញដល់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
រាជរដ្ឋាភិបាលកម្ពុជា បានសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានគោលដៅចម្បងចំនួន០២ ដើម្បលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។
ការប្រកាសនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។
ជាមួយនឹងការប្រកាសនេះ សម្តេចបវរធិបតី បានប្រកាសឱ្យដឹងបន្ថែមថា គោលដៅសំខាន់ ០២ នៃថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺ៖
ទី១.ការកំណត់អត្តសញ្ញាណអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ រាជរដ្ឋាភិបាល យល់ច្បាស់ថា លទ្ធភាព និងសមត្ថភាពរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅមានកម្រិត ហើយការបំពេញអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានក៏នៅពុំទាន់អាចធ្វើទៅបាន និងត្រូវមានបន្ទុកចំណាយ។ បន្ថែមលើនេះ, អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួនធំ មិនទាន់ស្ថិតក្រោមការគ្រប់គ្រង និងការទទួលស្គាល់ ដោយយន្តការនៃក្រសួង-ស្ថាប័នណាមួយនៅឡើយ។
ទី២.ការផ្តល់ការទទួលស្គាល់ ដល់ការប្រកបអាជីវកម្ម មុខរបរ និងការងារ របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ រាជរដ្ឋាភិបាល ទើបបានអនុម័ត «អនុក្រឹត្យ ស្តីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នៅពេលថ្មីៗនេះ ដើម្បីឱ្យការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានអានុភាពគតិយុត្ត ក្នុងកម្រិតមួយ ដែលក្រសួង ស្ថាប័ន អាចទទួលយកបាន សម្រាប់ផ្តល់ការគាំទ្រនានា។ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចុះឈ្មោះ នឹងទទួលបាន «វិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»ក្នុងទម្រង់ឌីជីថលតាមថ្នាលឌីជីថល ដែលអាចរក្សាទុក ឬបោះពុម្ពជាសន្លឹក សម្រាប់ប្រើប្រាស់តាមតម្រូវការជាក់ស្តែងរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
គួរបញ្ជាក់ថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធខ្នាតមីក្រូ ដែលមិនមានទីតាំងជាក់លាក់ មិនអាចស្នើសុំលិខិតអនុញ្ញាតផ្សេងៗ ពីយន្តការច្រកចេញ-ចូលតែមួយនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ឬ ក្រសួង-ស្ថាប័នណាមួយនៅឡើយ។
តាមរយៈយន្តការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាយន្តការថ្មី នឹងត្រូវបំពេញបន្ថែមលើយន្តការដែលមានស្រាប់ ឱ្យបានគ្រប់ជ្រុងជ្រោយ ដែលអនុញ្ញាតឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចបំពេញបានដោយរលូន ងាយស្រួល រហ័ស និងឥតគិតថ្លៃសេវា និងម្យ៉ាងទៀត អនុញ្ញាតឱ្យរាជរដ្ឋាភិបាល ដាក់ចេញនូវការគាំទ្រដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចំគោលដៅ ជាពិសេសក្នុងគ្រាមានវិបត្តិ។

- Video Advertisement -