បារាំងជួយកម្ពុជា ១៩២លានដុល្លារ ស្តារអាងស្ទឹងស្វាយចេក និងសង់រោងចក្រទឹកស្អាតបាក់ខែង
រដ្ឋាភិបាលបារាំងតាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុប ១៩២.២លានដុល្លារ ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅកម្ពុជា ដោយផ្តោតលើការស្តារអាងស្តុកទឹកស្ទឹងស្វាយចេក និងដំណាក់កាលទី៣ នៃរោងចក្រប្រព្រឹត្តិកម្មទឹកបាក់ខែង។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រួមជាមួយលោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា, លោក Fabrice Etienne ភារធារីស្ដីទីនៃទូតបារាំងប្រចាំនៅកម្ពុជា និងលោក Bryan Fornari ប្រធានសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។
គម្រោងសំខាន់ៗដែលទទួលបានមូលនិធិនេះរួមមាន:
១. កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងស្តារឡើងវិញនូវអាងស្ទឹងស្វាយចេក មានទឹកប្រាក់ឥណទានចំនួន ៩១លានអឺរ៉ូ (ប្រមាណ ៩៥.៦លានដុល្លារអាម៉េរិក)។ គម្រោងនេះ មានគោលបំណងអ ទី១.ស្តារឡើងវិញនូវស្ទឹងស្វាយចេក ស្តារអាងស្តុកទឹកចំនួន ២៨កន្លែង បង្កើនសមត្ថភាពចំនួន ៥កន្លែង និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រចំនួន ៦កន្លែង ដើម្បីកាត់បន្ថយគ្រោះទឹកជំនន់ រាំងស្ងួត និងធ្វើឱ្យប្រសើរឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី, ទី២. គាំទ្រដល់ការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាពតាមរយៈការពង្រឹងមន្ត្រីកសិកម្មឃុំ (CAO) និងពង្រឹងសហករណ៍កសិកម្មទំនើប, និង ទី៣. ពង្រឹងដល់ការគ្រប់គ្រងធនធាន ទឹកចម្រុះនៃអាងស្ទឹងស្វាយចេក តាមរយៈការបង្កើតគណៈកម្មការគ្រប់គ្រងអាងស្ទឹងស្វាយចេក និងរៀបចំយន្តការ តាមដាន វាយតម្លៃអំពីវិឌ្ឍភាពនៃការអនុវត្តយន្តការគ្រប់គ្រងអាងស្ទឹង។
២. កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងសាងសង់រោងចក្រប្រពឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី៣ គឺជាកញ្ចប់ឥណទានទី២ ដែលមានទឹកប្រាក់ចំនួន ៨០លានអឺរ៉ូ ត្រូវជាប្រមាណ ៨៤លានដុល្លារអាម៉េរិក។ កញ្ចប់ឥណទានទី២នេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការផលិតទឹកស្អាតរោងចក្រជ្រោយចង្វាឱ្យបាន ១៣០,០០០ម៉ែត្រ ក្នុងពេល៣ថ្ងៃ, បំពាក់បំពង់មេនំាទឹក និងពង្រីកប្រព័ន្ធចែកចាយទឹកស្អាតចំនួន ៨០០គីឡូម៉ែត្រ។
៣. កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន ១២លានអឺរ៉ូ ត្រូវជាប្រមាណ ១២.៦លានដុល្លារ ពីសហភាពអឺរ៉ុប តាមរយៈ AFD សម្រាប់គម្រោងសាងសង់រោងចក្រប្រពឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី៣។
គំនិតផ្តួចផ្តើមទាំងនេះមានគោលបំណងកែលម្អការគ្រប់គ្រងទឹក និងផ្តល់ទឹកស្អាតដល់ប្រជាជនកម្ពុជាទាំងអស់ ជាពិសេសសហគមន៍ដែលមានប្រាក់ចំណូលទាប រួមចំណែកដល់អនាគតប្រកបដោយចីរភាពសម្រាប់ជាតិ។

- Video Advertisement -