រដ្ឋាភិបាលកម្ពុជាសម្រេចលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះតម្លៃក្រោមឬស្មើ $២១ម៉ឺន រយៈពេល១ឆ្នំា
ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង (First-Time Home Buyer) ក្នុងតម្លៃក្រោមឬស្មើ ២១ម៉ឺនដុល្លារ។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។
បើតាមសេចក្តីជូនដំណឹងខាងលើបានឱ្យដឹងថា ដើម្បីទទួលបានការលើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិកាន់កាប់អចនលទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង អ្នកទិញត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖
ទី១) អ្នកទិញផ្ទះបុរី ឬខុនដូ មុនឆ្នាំ២០២៥ ហើយធ្វើការផ្ទេរកម្មសិទ្ធិលើកដំបូងក្នុងឆ្នាំ២០២៥ នឹងទទួលបានការលើកលែងពន្ធប្រថាប់ត្រា សម្រាប់លំនៅឋានមានតម្លៃក្រោម ឬស្មើ ២១ម៉ឺនដុល្លារ។ ចំពោះលំនៅឋានដែលមានតម្លៃលើសពី ២១ម៉ឺនដុល្លារ នឹងទទួលបានការអនុគ្រោះដោយអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន ២១ម៉ឺនដុល្លារ ។ ការលើកលែង និងការអនុគ្រោះពន្ធនេះ សម្រាប់លំនៅឋានតែមួយប៉ុណ្ណោះ។
ដោយឡែក លំនៅឋានទី២ ឬបន្តបន្ទាប់ត្រូវទទួល បានការអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យបានចំនួនតែ ៧ម៉ឺនដុល្លារប៉ុណ្ណោះ។ ការលើកលែងនិងការអនុគ្រោះពន្ធនេះ ត្រូវអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៥។
ទី២) ចំពោះអ្នកទិញផ្ទះបុរី ឬ ខុនដូ ក្នុងឆ្នាំ២០២៥ មិនទាន់ទទួលបានការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដូចក្នុងចំណុច(ទី១) ត្រូវទទួលបានការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់លំនៅឋានដែលមានតម្លៃក្រោម ឬស្មើ ២១ម៉ឺនដុល្លារ។ ចំពោះលំនៅឋានដែលមានតម្លៃលើសពី ២១ម៉ឺនដុល្លារ នឹងទទួលបានការអនុគ្រោះដោយអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន ២១ម៉ឺនដុល្លារ។ ការលើកលែងនិងការអនុគ្រោះពន្ធនេះ សម្រាប់លំនៅឋានតែមួយប៉ុណ្ណោះ។
ដោយឡែក លំនៅឋានទី២ ឬបន្តបន្ទាប់ ត្រូវទទួលបានការអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យចំនួន ៧ម៉ឺនដុល្លារ។ ការលើកលែង និងការអនុគ្រោះពន្ធនេះ ត្រូវអនុវត្តនៅពេលធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋាននោះ។
សូមបញ្ជាក់ថា ការទិញលំនៅឋានមានលក្ខណៈជាបុរី ឬខុនដូ ដូចដែលមានចែងក្នុងចំណុចទី១ និងទី២ ត្រូវទិញពីក្រុមហ៊ុនអភិវឌ្ឍន៍ដែលបានចុះបញ្ជីនៅនិយ័តករអាជីវកម្មអចលនទ្រព្យ និងបញ្ចាំ ឬនៅមន្ទីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ទោះបីជានៅលើបណ្ណកម្មសិទ្ធិជាឈ្មោះក្រុមហ៊ុន ឬឈ្មោះរូបវន្តបុគ្គលដែលជាម្ចាស់គម្រោង ឬជាអ្នកតំណាងក្រុមហ៊ុន ឬម្ចាស់គម្រោងក៏ដោយ។
ជាងនេះទៅទៀត ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានទាំងអស់ ត្រូវធ្វើកិច្ចសន្យាទិញ-លក់ឱ្យបានត្រឹមត្រូវដោយផ្អែកលើតម្លៃទីផ្សារជាក់ស្តែង និងត្រូវបញ្ជូនកិច្ចសន្យាទិញ-លក់ មករដ្ឋបាលសារពើពន្ធជាមុន ឬនៅពេលធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋាន។
ចំពោះការទិញលំនៅឋានដូចខាងលើ ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលពុំមានអាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍន៍លំនៅឋានដែលម្ចាស់គម្រោងមានបញ្ហា ឬក្ស័យធន ហើយត្រូវបានអនុញ្ញាតឱ្យផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានតាមរយៈយន្តការដោះស្រាយរបស់ក្រសួង ឬស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ត្រូវទទួលបានការលើកលែង និងការអនុគ្រោះពន្ធប្រថាប់ត្រាដូចខាងលើនេះដែរ។
ការលើកលែង និងការអនុគ្រោះពន្ធប្រថាប់ត្រាខាងលើ ពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្ម រដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចហើយនោះទេ។
- Video Advertisement -