ក្រុមហ៊ុនPENISULA ប្រកាសពង្រីកទុន $១ពាន់លានទៀត សង់សណ្ឋាគារ និងផ្សារទំនើបនៅព្រះសីហនុ
ក្រុមហ៊ុន PENINSULA BAY INVESTMENT CO., LTD គ្រោងបោះទុន ១ពាន់លានដុល្លារបន្ថែមទៀត ដើម្បីពង្រីកការអភិវឌ្ឍន៍របស់ខ្លួន ដោយផ្តោតលើការសាងសង់សណ្ឋាគារ ផ្សារទំនើប និងកន្លែងកម្សាន្តផ្សេងៗបន្ថែមទៀតនៅខេត្តព្រះសីហនុ។ នេះបើតាមដំណើរពិនិត្យវឌ្ឍនភាព នៃការអនុវត្តគគម្រោងវិនិយោគរបស់ក្រុមហ៊ុនផ្ទាល់ ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។
នាឱកាសនោះ លោក LAI XIAO BO ប្រធានគ្រប់គ្រងគម្រោងក្រុមហ៊ុនខាងលើ បានឱ្យដឹងថា តាមការវាយតម្លៃចុងក្រោយ ក្រុមហ៊ុនគ្រោងបោះទុន ១០០០លានដុល្លារ លើការសាងសង់ សណ្ឋាគារ ផ្សារទំនើប និងកន្លែងកម្សាន្តផ្សេងៗទៀតនៅខេត្តព្រះសីហនុ ខណៈកាលពីមុនគ្រោងចំណាយថវិកាត្រឹមតែ ៥៧៤លានដុល្លារ ប៉ុណ្ណោះ។
លោកបន្តថា នៅក្នុងគម្រោងសាងសង់នេះ បានធ្វើការបែងចែកជា ២តំបន់ គឺតំបន់ A និងតំបន់B។ ក្នុងនោះ តំបន់ A មានដូចជា៖ សណ្ឋាគារ ផ្សារទំនើប និងកន្លែងកម្សាន្តផ្សេងៗទៀត គ្រោងនឹងបញ្ចប់ការងារសាងសង់នៅឆ្នាំ២០២៨។ ចំណែក តំបន់ B មានដូចជា៖ អគារខុនដូរ និងអគារពាណិជ្ជកម្ម អាចសាងសង់ហើយរួចរាល់នៅចុងឆ្នាំ២០២៥នេះ។
លោកបន្ថែមថា គម្រោងនេះ ក្រុមហ៊ុនបានវិនិយោគលើផ្ទៃដី ១៥.៨ហិកតា ដែលមានផ្ទៃអគាររហូតដល់ ៩០ម៉ឺនការ៉េ ដែលអាចផ្តល់ការងារជូនពលរដ្ឋកម្ពុជា ប្រមាណ ៥ពាន់នាក់ នៅពេលដំណើរការ។
ជុំវិញរឿងនេះ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ ក្រុមហ៊ុន PENINSULA ដែលបានបោះទុនវិនិយោគនៅខេត្តព្រះសីហនុ ដែលជាខេត្តតំបន់ឆ្នេររបស់កម្ពុជា ដើម្បីជួយបង្កើតការងារ ក៏ដូចជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ។
សូមបញ្ជាក់ដែរថា គិតមកដល់ពេលនេះ សំណង់នៅក្នុងតំបន់ A សម្រេចបានសរុប ៣០% តំបន់ B សម្រេចបាន ៨០% និងហាងលក់ទំនិញផ្នែកខាងក្រោមតាមបណ្តោយមាត់សមុទ្រសម្រេចបាន ៩០% ចំពោះសួនច្បារនៅខាងមុខអគារសម្រេចបាន ៩៥% ខណៈក្រុមហ៊ុន នឹងដាក់ឱ្យដំណើរការទីកន្លែងកំសាន្ត ស្ថិតក្នុងតំបន់A នាខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ។
ការអភិវឌ្ឍន៍ដ៏រីកចំរើននេះ មិនត្រឹមតែបង្ហាញពីលំហូរនៃការវិនិយោគដ៏សំខាន់ប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីជំពូកថ្មីមួយទៀតសម្រាប់ខេត្តព្រះសីហនុ ដោយសារវាបន្តវិវត្តទៅជាមជ្ឈមណ្ឌលទេសចរណ៍ និងពាណិជ្ជកម្មដ៏អ៊ូអរក្នុងប្រទេសកម្ពុជា។





- Video Advertisement -