ចិន​អនុម័ត​សង់ទំនប់​វារីអគ្គិសនីធំនិងខ្ពស់បំផុតលើពិភពលោកតម្លៃ $១២៧ពាន់​លាន ​នៅ​ទីបេ

រដ្ឋាភិបាលចិន បើកភ្លើងខៀវលើគម្រោងសាងសង់ទំនប់វារីអគ្គីសនីដ៏ធំបំផុតរបស់ពិភពលោកនៅផ្នែកខាងក្រោមនៃទន្លេយ៉ាឡុង (Yarlung Tsangpo) ក្នុងទឹកដីទីបេ ជាមួយនឹងទំហំចំណាយប៉ាន់ស្មានចំនួន ១២៧ពាន់លានដុល្លារ។ ជាមួយនឹងមហិច្ឆតាក្នុងការផ្គត់ផ្គង់ថាមពលបានយ៉ាងច្រើនមហាសាល គម្រោងនេះ ក៏ប្រឈមនឹងភាពចម្រូងចម្រាសយ៉ាងច្រើនពាក់ព័ន្ធនឹងការបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់បរិស្ថាន ការផ្លាស់ទីលំនៅរបស់សហគមន៍មូលដ្ឋាន និងផលប៉ះពាល់ភូមិសាស្ត្រនយោបាយផងដែរ នេះបើយោងតាមសារៈព័ត៌មាន BBC នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤។

ដោយត្រូវបានរចនាឡើងដើម្បីបង្កើតថាមពលច្រើនជាងរហូតដល់ទៅ០៣ដង លើទំនប់វារីអគ្គិសនីឈ្មោះ Three Gorges ដែលបច្ចុប្បន្នជារោងចក្រវារីអគ្គិសនីធំជាងគេនៅទូទាំងពិភពលោក គឺជាស្ថានីយ៍វារីអគ្គីសនីដ៏ធំបំផុតរបស់ពិភពលោក ដែលមានទីតាំងនៅទន្លេយ៉ងសេ Yangtze ក្នុងខេត្តហឺប៉ី Hubei ប្រទេសចិន  ទំនប់វារីថ្មីឈ្មោះ យ៉ាឡុង ដ៏ធំមានតែមួយលើលោកនេះ នឹងត្រូវសាងសង់តាមបណ្ដោយជ្រលងភ្នំ Yarlung Tsangpo Grand Canyon ដែលជាអន្លង់ជ្រៅបំផុតរបស់ពិភពលោក និងត្រូវការផ្លូវរូងក្រោមដីយ៉ាងតិចចំនួនបួន ដែលផ្លូវរូងក្រោមដីនីមួយៗមានប្រវែង ២០គីឡូម៉ែត្រ ដើម្បីបង្វែរលំហូរនៃទឹកទន្លេ យកមកបង្វិលទួរប៊ីនអគ្គិសនី។ សណ្ឋានដីដ៏អស្ចារ្យរបស់ទីតាំងគម្រោងនេះ មានលក្ខណៈជាជ្រោះជ្រៅជាមួយនឹងរយៈកម្ពស់ចុះក្រោមប្រមាណ ២០០០ម៉ែត្រលាតសន្ធឹងលើផ្ទៃដីជាង ៥០គីឡូម៉ែត្រ និងមានសមត្ថភាពផ្តល់នូវសក្តានុពលវារីអគ្គីសនីដែលមិនអាចប្រៀបផ្ទឹមបាន ប៉ុន្តែក៏បង្ហាញពីបញ្ហាប្រឈមផ្នែកបច្ចេកទេសវិស្វកម្មយ៉ាងច្រើនផងដែរ។ ស្ថិតនៅលើព្រំប្រទល់នៃតំបន់ដីដែលងាយនឹងរញ្ជួយដី ទីតាំងនេះងាយរងគ្រោះដោយសារការបាក់ដី និងសកម្មភាពរញ្ជួយ ដែលបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពក្នុងចំណោមវិស្វករ និងភូគព្ភវិទូ។

គួរបញ្ជាក់ថា វារីអគ្គិសនី Three Gorges  នៅទន្លេយ៉ងសេ មានសមត្ថភាពផលិតថាមពលបាន ២២.៥០០ មេហ្គាវ៉ាត់ (MW) លាតសន្ធឹងលើប្រវែង ២,៣ គីឡូម៉ែត្រនិងមានកម្ពស់ ១៨១ ម៉ែត្រ ដែលធ្លាប់ជាស្ថានីយ៍វារីអគ្គីសនីដ៏ធំបំផុតលើពិភពលោក នឹងក្លាយជាវារីអគ្កីសនីធំបំផុតទី២ ក្រោយពេលទំនប់វារីអគ្គិសនីថ្មីនេះ សាងសង់រួច។

ហានិភ័យ និងបញ្ហាប្រឈម៖ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិនថា “គម្រោងសុវត្ថិភាពដែលផ្តល់អាទិភាពដល់ការការពារបរិស្ថាន” ទំនប់វារីអគ្គិសនីថ្មីនេះ មានគោលបំណងគាំទ្រដល់គោលដៅអព្យាក្រឹតអាកាសធាតុរបស់ទីក្រុងប៉េកាំង និងបង្កើនវិបុលភាពក្នុងតំបន់។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមសិទ្ធិមនុស្ស និងអ្នកជំនាញបរិស្ថានបានបង្ហាញពីហានិភ័យសំខាន់ៗដែលទាក់ទងនឹងគម្រោងនេះ រួមទាំងការផ្លាស់ទីលំនៅរបស់សហគមន៍ទីបេ និងការខូចខាតដែលអាចកើតមានចំពោះប្រព័ន្ធអេកូឡូស៊ីដ៏ផុយស្រួយក្នុងតំបន់ ដែលជាតំបន់ជីវចម្រុះល្អនិងកម្របំផុតមួយនៅលើខ្ពង់រាបទីបេ។

ថែមពីលើនេះ ក្រុមអ្នកស្រាវជ្រាវចិន បានព្រមានថា ការជីកកកាយយ៉ាងមហិមាបែបនេះ អាចធ្វើឲ្យមានការបាក់ដី និងលំហូរថ្មភក់កាន់តែធ្ងន់ធ្ងរ។ វិស្វករជាន់ខ្ពស់មកពីការិយាល័យភូគព្ភសាស្ត្រខេត្តស៊ីឈួន បាននិយាយកាលពីឆ្នាំ ២០២២ ថា “ការរអិលបាក់ដីដែលបណ្ដាលមកពីការរញ្ជួយដី និងលំហូរថ្មភក់ ជារឿយៗមិនអាចគ្រប់គ្រងបាន ហើយវានឹងបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់គម្រោងនេះ”

ការព្រួយបារម្ភលើការផ្លាស់ទីលំនៅ៖ ប្រទេសចិនមិនបានបង្ហាញពីចំនួនមនុស្សដែលនឹងត្រូវផ្លាស់ទីលំនៅដោយសារផលប៉ះពាល់ចេញពីការសាងសង់ទំនប់វារីអគ្គិសនីថ្មីនេះនោះទេ ប៉ុន្តែបើធៀបទៅនឹងករណីគម្រោងសាងទំនប់វារីអគ្គិសនីមុន គឺគម្រោង Three Gorges ដែលមានទំហំដីត្រឹមតែ ២,៣ គីឡូម៉ែត្រ បានទាមទារឱ្យមានការផ្លាស់ប្តូរទីលំនៅរបស់មនុស្សចំនួនរហូតដល់ទៅ ១,៤ លាននាក់រួចទៅហើយ តែតួលេខនេះជាតួលេខខ្ពស់បំផុតមិនធ្លាប់មាននៅប្រទេសដទៃ។

ប្រជាជនទីបេ បានសម្តែងការប្រឆាំងជាយូរមកហើយចំពោះគម្រោងបែបនេះ ដោយលើកឡើងពីការផ្លាស់ទីលំនៅដោយបង្ខំ និងការបំផ្លិចបំផ្លាញតំបន់បេតិកភណ្ឌវប្បធម៌។ កាលពីដើមឆ្នាំនេះ ការតវ៉ាប្រឆាំងនឹងគម្រោងវារីអគ្គិសនីមួយទៀតនៅទីបេបានបញ្ចប់ដោយការចាប់ខ្លួន និងរាយការណ៍អំពីអំពើហិង្សាលើបាតុករ។

ឥទ្ធិពលភូមិសាស្ត្រនយោបាយ និងបរិស្ថាន៖ ទន្លេ Yarlung Tsangpo ហូរទៅភាគខាងត្បូងចូលទៅក្នុងរដ្ឋ Arunachal Pradesh និង Assam របស់ឥណ្ឌា មុនពេលហូរចូលប្រទេសបង់ក្លាដែស។ អ្នកជំនាញបានព្រមានថា សមត្ថភាពរបស់ចិនក្នុងការគ្រប់គ្រង ឬបង្វែរទន្លេឆ្លងព្រំដែននេះ អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ភាពអាចរកបានទឹក សម្រាប់តំបន់នៅខាងក្រោមខ្សែទឹកទន្លេ ព្រមជាមួយនឹងផលវិបាកសេដ្ឋកិច្ច និងនយោបាយសម្រាប់ប្រទេសជិតខាង។ របាយការណ៍ឆ្នាំ ២០២០ របស់វិទ្យាស្ថាន Lowy បានពិពណ៌នាការគ្រប់គ្រងរបស់ប្រទេសចិនលើទន្លេទាំងនេះ ថាជាចេតនា “រារាំងសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា” ។

ជាការឆ្លើយតបទៅនឹងការប្រកាសទំនប់វារីអគ្គិសនីរបស់ប្រទេសចិន ឥណ្ឌា បានស្វែងរកសក្តានុពលគម្រោងថាមពលវារីអគ្គីសនីផ្ទាល់របស់ខ្លួន ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅលើទីតាំងខ្សែទឹកខាងក្រោមដែលអាចកើតមាន។ ទន្ទឹមនឹងនេះ ទីក្រុងប៉េកាំង បានការពារសិទ្ធិរបស់ខ្លួនក្នុងការទាញយកធនធានរបស់ទន្លេ ដោយអះអាងថា ខ្លួនបានពិចារណាលើផលប៉ះពាល់ខាងក្រោម និងធ្វើសកម្មភាពក្នុងដែនអធិតេយ្យរបស់ខ្លួន។

មែនទែនទៅ ប្រទេសចិន ធ្លាប់បានសាងសង់ស្ថានីយ៍វារីអគ្គីសនីជាច្រើនកន្លែងរួចមកហើយ នៅតាមដងទន្លេ Yarlung Tsangpo ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ខ្លួនលើថាមពលកកើតឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ គម្រោងចុងក្រោយនេះ ត្រូវបានគេមើលឃើញថា ជាមហិច្ឆតាធំបំផុតរបស់ខ្លួន ទាំងទំហំ និងផលប៉ះពាល់សក្តានុពល ដោយទំនប់នេះ ត្រៀមនឹងកំណត់ឡើងវិញនូវទិដ្ឋភាពនៃការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញជាសកល។ ប៉ុន្តែទន្ទឹមនឹងការសន្យាសមិទ្ធផលថាមពលកកើតឡើងវិញដ៏ធំមហិមា ហានិភ័យនិងផលប៉ះពាល់ដ៏ធំធេងចំពោះសិទ្ធិមនុស្ស ជីវចម្រុះ និងស្ថិរភាពភូមិសាស្ត្រនយោបាយក្នុងតំបន់ ក៏នឹងជារឿងដែលបម្រុងនឹងកើតឡើង ដោយចៀសពុំរួចផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]