មកទល់ពេលនេះស្ពានដែកឆ្លងទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) សង់បាន ៥,៤០%
មកទល់ពេលនេះសកម្មភាពដ៏ស្វាហាប់របស់ក្រុមហ៊ុនសាងសង់ (CRBC) កំពុងសម្រុកយ៉ាងសកម្មបន្តសាងសង់ស្ពានដែកបណ្ដោះអាសន្នឆ្លងទន្លេមេគង្គ ត្រង់ចំណុច (ដីឥដ្ឋ-ថ្មគរ) ដោយសម្រេចការងារបាន ៥,៤០% ហើយ។
នេះបើតាមការបញ្ជក់របស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។
ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងមមាញឹកក្នុងការស្ថាបនាស្ពានដែកបណ្តោះអាសន្ន នៅផ្នែកខាងលិច បានប្រវែង ២៧១ម៉ែត្រ ស្មើនឹង៥១%(ប្រវែងសរុប ៥៣៣ម៉ែត្រ) និងផ្នែកខាងកើតកំពុងរៀបចំដំណើរការសាងសង់ស្ពានដែកបណ្តោះអាសន្ន ប្រវែង ៥៥៤ម៉ែត្រ ដើម្បីបំពាក់សំភារៈ គ្រឿងចក្រ។
ឯកឧត្តម រំលឹកថាការសាងសង់ស្ពានដែកបណ្តោះអាសន្ននេះ គឺសង់ជំនួសឱ្យការប្រើប្រាស់សាឡង់
សម្រាប់ជំរុញដំណើរការខួងចាក់គ្រឹះសាងសង់ស្ពានបេតុង (ដីឥដ្ឋ-ថ្មគរ) ដែលជាស្ពានដ៏សំខាន់សម្រាប់តភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
គួរបញ្ជាក់ថា ស្ពានបតុង (ដីឥដ្ឋ-ថ្មគរ) នេះ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល និងជាស្ពានដ៏សំខាន់ និងមានអត្ថន័យបំផុត សម្រាប់ការតភ្ជាប់, សេដ្ឋកិច្ច, ការដឹកជញ្ជូន និងសង្គម ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភ្ជាប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣)ត្រង់ចំណុចផ្លូវជាតលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
ស្ពានដីឥដ្ឋ-ថ្មគរនេះ ជាប្រភេទស្ពានបេតុងប្រវែង ១.៦០០ម៉ែត្រ,ទទឹង ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាងពីក្បាលស្ពានប្រវែង ២.១០០ម៉ែត្រ,ទទឹង២៦ម៉ែត្រ ក្រាលAC កម្រាស់១០សង់ទីម៉ែត្រ រួមទាំងការសាងសង់ផ្លូវប្តូរទិសចរាចរណ៍(Interchange)ចំនួន១កន្លែង និងផ្លូវក្រោមស្ពាន(Underpass)ចំនួន ២កន្លែង។
គម្រោងសង់ស្ពានដ៏សំខាន់មួយខ្សែនេះស្ថិតក្រោមក្របខណ្ឌមូលនិធិទ្រទ្រង់ថវិកាហិរញ្ញប្បទានដោយដៃគូអភិឌ្ឍន៍ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ និងប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ គ្រោងបញ្ចប់ចុងឆ្នាំ២០២៧។ (អានបន្ថែម)


- Video Advertisement -