ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជាប្រមូលពន្ធគយបានជាង ២ពាន់លានដុល្លារ កើនជាង ១៣%
ក្នុងឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រមូលចំណូលពន្ធ និងអាករចំនួន ១០.៥៤២,២ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២.៥៩០,៣ លានដុល្លារអាម៉េរិក) កើនឡើងប្រមាណ ១៣,៨% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៣។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។
បើគិតជាសមាសភាគចំណូលតាមប្រភេទពន្ធនិងអាករធៀបនឹងចំណូលសរុប អាករលើតម្លៃបន្ថែមមានប្រមាណ ៤១,៣%, អាករពិសេសមានប្រមាណ ៣២,១%, ពន្ធគយមានប្រមាណ ១៨%, អាករបន្ថែមលើផលិតផលប្រេងកាតមានប្រមាណ ៤,៤% និងអាករនាំចេញនិងកម្រៃផ្សេងៗមានប្រមាណ ៤,២%។
ចំពោះសមាសភាគនៃចំណូលតាមក្រុមទំនិញធៀបនឹងចំណូលសរុប ក្រុមទំនិញចម្រុះមានប្រមាណ ៣៤,៧%, យានយន្តនិងគ្រឿងចក្រមានប្រមាណ ៣១,១%, ប្រេងឥន្ធនៈនិងថាមពលមានប្រមាណ ២៦,៩%, និងសម្ភារសំណង់និងកម្រៃផ្សេងៗមានប្រមាណ ៧,៣%។
ទន្ទឹមនឹងនេះ ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ២៨.៥៤៥,៤ លានដុល្លារ កើនឡើងប្រមាណ ១៨% ធៀបនឹងឆ្នាំ២០២៣ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗមានជាអាទិ៍ ផលិតផលតេលសិលា, វត្ថុធាតុដើមនិងគ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ, គ្រឿងសំណង់, យានយន្តនិងគ្រឿងចក្រ, គ្រឿងឧបភោគបរិភោគ និងទំនិញចម្រុះផ្សេងទៀត។
ដោយឡែក ទំហំពាណិជ្ជកម្មនាំចេញមានចំនួន ២៦.៤៧២,៨លានដុល្លារ កើនឡើងប្រមាណ ១៥,៨% ធៀបនឹងឆ្នាំ២០២៣ ដែលក្នុងនោះ ផលិតផលវិនិយោគកាត់ដេរមានកំណើន ២៣,៣%, ផលិតផលវិនិយោគមិនមែនកាត់ដេរ (មានជាអាទិ៍ សំបកកង់រថយន្ត, គ្រឿងបំណែកអេឡិចត្រូនិក, បង្គុំខ្សែភ្លើង, ផលិតផលពីឈើ, កង់, ផលិតផលប្លាស្ទិច, អំពូល, ស្បែកសត្វកែច្នៃ, គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានកំណើន ២,៦%, និងកសិផល (មានជាអាទិ៍ ស្រូវ, កៅស៊ូ, ដំឡូងមី, អង្ករ, ចេក, គ្រាប់ស្វាយចន្ទី និងកសិផលផ្សេងៗទៀត) មានកំណើន ១១,៦%។
គួរបញ្ជាប់ថា ការប្រមូលចំណូលក្នុងឆ្នាំ២០២៤ នេះជួបប្រទះនឹងបញ្ហាប្រឈមធំៗមួយចំនួនមានជាអាទិ៍ កំណើនជាបន្តបន្ទាប់ទាំងវិសាលភាព និងភាពស៊ីជម្រៅនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការរីកលូតលាស់នៃផលិតកម្មក្នុងស្រុកជំនួសការនាំចូល, ការអនុគ្រោះពន្ធ និងអាករកាន់តែធំទូលាយដើម្បីទាក់ទាញការវិនិយោគ, និន្នាការកើនឡើងនៃការប្រើប្រាស់រថយន្តដែលមានទំហំស៊ីឡាំងតូច និងរថយន្តអគ្គិសនី, និងការបន្តមាននូវសកម្មភាពរត់គេចពន្ធក្នុងរូបភាពថ្មីៗកាន់តែស្មុគស្មាញ។
ជាមួយនឹងការអភិវឌ្ឍន៍ទាំងនេះ កម្ពុជាកំពុងត្រៀមខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចជាបន្ត ខណៈដែលប្រទេសនេះខិតខំពង្រឹងទិដ្ឋភាពពាណិជ្ជកម្មរបស់ខ្លួន និងកសាងក្របខ័ណ្ឌសារពើពន្ធដែលមានភាពធន់។
- Video Advertisement -