ក្រុមហ៊ុនចំនួន២ បង្ហាញចេតនាចង់វិនិយោគលើវិស័យកសិឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា
នៅក្នុងការអភិវឌ្ឍន៍ដ៏គួរឱ្យចាប់រម្មណ៍មួយក្នុងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន Mountain Hazelnuts និង Kamya បានបង្ហាញពីចេតនារបស់ពួកគេក្នុងការវិនិយោគលើវិស័យកសិ-ឧស្សាហកម្មស្វាយចន្ទីដែលកំពុងរីកចម្រើនរបស់ប្រទេសនេះ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគដ៏មានសក្តានុពល។
នេះបើតាមជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយលោក Daniel Spitzer ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Mountain Hazelnuts និងលោក Andreas Groetschel អគ្គនាយកក្រុមហ៊ុន Kamya កាលថ្ងៃទី ១១ កុម្ភៈ ឆ្នាំ ២០២៥។
តំណាងក្រុមហ៊ុនទាំង២ អះអាងថា ជំនួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺក្នុងគោលបំណងពិភាក្សាអំពីកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម ជាពិសេសឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា ស្របពេលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ និងមានគំនិតផ្ដួចផ្ដើម ក្នុងការបង្កើតសួនឧស្សាហកម្មស្វាយចន្ទី ដែលនឹងជួយបង្កើនភាពអំណោយផលនៃបរិយាកាសធុរកិច្ចក្នុងវិស័យអាទិភាពនេះនៅកម្ពុជា។
ឯកឧត្តម ក៏បានបង្ហាញពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីដែលរាប់ចាប់តាំងពីផ្នែកខាងលើ (upstream) ជាពិសេស ពាក់ព័ន្ធនឹងការប្រមូលទិញ ទីលានសម្ងួត និងឃ្លាំងស្តុកទុកគ្រាប់ស្វាយចន្ទី។ ក្នុងន័យនេះ លោកបានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពចូលរួមវិនិយោគក្នុងផ្នែកណាមួយនៃខ្សែច្រវាក់តម្លៃ ព្រមទាំងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសិក្សាសមិទ្ធិលទ្ធភាពនៃការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
គួរបញ្ជាក់ដែរថា ត្រឹមមួយខែដំបូងនៃឆ្នាំ២០២៥ កម្ពុជាទទួលបានទុនវិនិយោគសរុបប្រមាណ ៧៤៨លានដុល្លារអាមេរិក ក្នុងនោះមានប្រភពទុនវិនិយោគពីប្រទេសចិនប្រមាណ ៧៣,៣៥ភាគរយ ឬប្រមាណជា ៥៤៨លានដុល្លារអាមេរិក។ ក្នុងខែមករា ឆ្នាំ២០២៥ កន្លងទៅនេះដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៦៨គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីមានចំនួន ៦៤គម្រោង និងគម្រោងពង្រីកផលិតកម្មមានចំនួន៤គម្រោង។ក្នុងចំណោមគម្រោងវិនិយោគទាំង៦៨គម្រោង ជាគម្រោងក្នុងវិស័យឧស្សាហកម្ម។
ការចាប់អារម្មណ៍ជាថ្មីពី Mountain Hazelnuts និង Kamya បង្ហាញពីអនាគតដ៏ជោគជ័យមួយសម្រាប់វិស័យកសិឧស្សាហកម្មស្វាយចន្ទីរបស់កម្ពុជា ដែលត្រៀមរួចជាស្រេចសម្រាប់កំណើន និងការអភិវឌ្ឍន៍នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។


- Video Advertisement -