សមាគមព្រះយេស៊ូវគ្រីស្ទ ជួយកម្ពុជា ២លានដុល្លារ សង់មជ្ឈមណ្ឌលព្យាបាលជម្ងឺបេះដូង នៅសៀមរាប
មជ្ឈមណ្ឌលសម្រាប់ព្យាបាលជម្ងឺបេះដូង មានតម្លៃជាង ២លានដុល្លាអាម៉េរិក ដែលជាជំនួយរបស់សមាគមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ត្រូវបានបើកការដ្ឋានសាងសង់ហើយ មានទីតាំងស្ថិតនៅបរិវេណមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ នេះបើតាមពិធីបញ្ឋុះបឋមសិលាសាងសង់កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។
ថ្លែងក្នុងពិធីខាងលើ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា អគារមជ្ឈមណ្ឌលសម្រាប់ព្យាបាលជម្ងឺបេះដូងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ នឹងក្លាយជាសមិទ្ធផលមួយដ៏ថ្មីស្រឡាងបន្ថែមទៀត លើវិស័យសុខាភិបាលរបស់ខេត្ត ហើយនឹងជួយសម្រួលឲ្យការផ្តល់សេវាសុខភាពជូនបងប្អូនប្រជាពលរដ្ឋរបស់យើងកាន់តែមានផាសុខភាព និង ប្រកបដោយប្រសិទ្ធភាព។
លោកបន្តថា ការសាងសង់អគារមជ្ឈមណ្ឌលព្យាបាលជម្ងឺបេះដូងនាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងធំធេង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសជាមួយរដ្ឋបាលខេត្តសៀមរាប ក្នុងការលើកកម្ពស់វិស័យសុខាភិបាលក្នុងខេត្តមួយនេះ ឲ្យកាន់តែមានភាពទំនើបស៊ីវីល័យ។
គួរបញ្ជាក់ថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាផ្នែកមួយនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប មានតួនាទី ផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ ដែលមានគ្រែពេទ្យសម្រាប់អ្នកជម្ងឺសម្រាកព្យាបាលសរុបចំនួន ៤៧០គ្រែ មានផ្នែកផ្តល់សេវា ដោយផ្ទាល់ ២៤ និងផ្នែកគាំទ្រសេវា ១២។
ការបន្ថែមមជ្ឈមណ្ឌលជំងឺបេះដូងត្រូវបានគេរំពឹងថានឹងលើកកំពស់សមត្ថភាពរបស់មន្ទីរពេទ្យបន្ថែមទៀត ដោយផ្តល់នូវការថែទាំពិសេស និងដោះស្រាយតម្រូវការដែលកំពុងកើនឡើងសម្រាប់សេវាសរសៃឈាមបេះដូងនៅក្នុងតំបន់នេះ។ គំនិតផ្តួចផ្តើមនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវលទ្ធផលសុខភាព និងធានាថាការថែទាំសុខភាពប្រកបដោយគុណភាពអាចទទួលបានសម្រាប់ប្រជាជនទាំងអស់នៃខេត្តសៀមរាប និងតំបន់ជុំវិញ។
ខណៈដែលសហគមន៍រំពឹងយ៉ាងអន្ទះសារចំពោះការបញ្ចប់នៃមជ្ឈមណ្ឌលជំងឺបេះដូង ការអភិវឌ្ឍន៍នេះបង្ហាញពីការបោះជំហានទៅមុខដ៏ជោគជ័យក្នុងកិច្ចខិតខំប្រឹងប្រែងបន្តដើម្បីបង្កើនហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាពនៅក្នុងប្រទេសកម្ពុជា។


- Video Advertisement -