រដ្ឋាភិបាលកម្ពុជាប្រកាសបោះទុន $៦០លាន ដើម្បីពង្រីកបណ្ដាញចែកចាយទឹកស្អាតក្នុងខេត្តចំនួន៥
នៅក្នុងវិធានការដ៏សំខាន់មួយក្នុងការជំរុញលទ្ធភាពទទួលបានទឹកស្អាត រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសនូវការវិនិយោគចំនួន ៦០លានដុល្លារ ក្នុងរយៈពេល ៣ឆ្នាំខាងមុខ ដើម្បីពង្រីកបណ្តាញផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តចំនួន៥។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចែករំលែកសេចក្តីសម្រេចនេះ ដោយបានសង្កត់ធ្ងន់ថាដោយសារកំណើនប្រជាពលរដ្ឋ ដែលធ្វើឱ្យតម្រូវការផ្គត់ផ្គង់ទឹកស្អាតកាន់តែមានច្រើនឡើងជាលំដាប់ ជាពិសេសនៅតំបន់ជនបទ និងតំបន់ដែលកកើតថ្មីៗជុំវិញទីក្រុង និងទីប្រជុំជនធំៗ។ ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានធ្វើការវិនិយោគជាបន្តបន្ទាប់នៅក្នុងការបង្កើនសមត្ថភាពផលិតទឹកស្អាតផ្ដល់ជូនប្រជាពលរដ្ឋ។
សម្តេចបន្តថា ថ្មីៗនេះ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលសម្តេចបានសម្រេចផ្ដល់ថវិកាចំនួន ៦០លានដុល្លារ ក្នុងរយៈពេលបីឆ្នាំ តាមសំណើរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ធ្វើការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងបណ្ដាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅ ៥ខេត្ត ដែលរួមមាន៖ រដ្ឋករទឹកកំពត ខេត្តកំពត, រដ្ឋករទឹកស្វាយរៀង ខេត្តស្វាយរៀង, រដ្ឋករទឹកក្រុងស្ទឹងសែន ខេត្តកំពង់ធំ, រដ្ឋករទឹកមណ្ឌលគីរី ខេត្តមណ្ឌលគីរី, រដ្ឋករទឹកពោធិ៍សាត់ ខេត្តពោធិ៍សាត់
ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ គឺជាកិច្ចការមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងជាច្រើនអាណត្តិមកហើយ។ ជាលទ្ធផល រាជរដ្ឋាភិបាលបានកសាងបណ្ដាញទឹកស្អាតដែលគ្របដណ្ដប់តំបន់ជាច្រើន នៅតាមបណ្ដារាជធានី-ខេត្ត នៅទូទាំងប្រទេស ហើយបាននឹងបន្តកិច្ចការងារនេះជាជំហានៗ រហូតដល់បណ្ដាញទឹកស្អាត មានលទ្ធភាពគ្របដណ្តប់នៅទូទាំងប្រទេសនៅថ្ងៃអនាគត។
ការវិនិយោគជាយុទ្ធសាស្រ្តនេះគឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងគុណភាពជីវិត ដោយពង្រឹងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសុខុមាលភាពរបស់ប្រជាជន។ គំនិតផ្តួចផ្តើមនេះត្រូវបានគេរំពឹងថានឹងមានឥទ្ធិពលយ៉ាងសំខាន់លើការផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន និងជំរុញកំណើនក្នុងតំបន់។
- Video Advertisement -