រដ្ឋាភិបាលកម្ពុជាសហការ និងក្រុមហ៊ុនឯកជន ពង្រឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌផ្លូវដែក (Framework Agreement) ជាមួយក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ម.ក. (RRPLC) សំដៅរួមគ្នាពង្រឹង និងអភិវឌ្ឍន៍ផ្លូវដែកកម្ពុជាឱ្យមានភាពល្អប្រសើររិតតែខ្លាំង។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌផ្លូវដែករវាងភាគីទាំងពីរ បានធ្វើឡើង កាលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ម.ក. (RRPLC)។
ភាគីទាំងពីរ បានលើកឡើងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌនេះ គឺជំហ៊ានដំបូង ដើម្បីជាមូលដ្ឋានឈានដល់ការចរចារ និងចុះកិច្ចព្រមព្រៀងភាពជាដៃគូរវាងរដ្ឋ និងឯកជន និងស្វែងរកដៃគូរយុទ្ធសាស្រ្តដែលមានចំណេះជំនាញ និងបទពិសោធន៍លើវិស័យផ្លូវដែក ដើម្បីចូលរួមអភិវឌ្ឍន៍ផ្លូវដែកឱ្យមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាងនេះទៀត កិច្ចព្រមព្រៀងនេះ គឺបានផ្តោតសំខាន់លើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងនៅប្រទេសកម្ពុជា និងធានាបាននូវដំណោះស្រាយដឹកជញ្ជូនដ៏ប្រសើរ និងគ្រប់គ្រងបានយូរអង្វែងសម្រាប់អនាគត។
បើតាមក្រសួងសារធារណការ បានបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌនេះ គឺអនុវត្តស្របតាមគោលការណ៍ ឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដែលបានផ្តល់គោលការណ៍អនុញ្ញាត រួមមាន៖ ១) រៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement-FA) ដែលជាមូលដ្ឋាន ក្នុងការចរចា ដើម្បីបង្កើតកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជនថ្មី តាមរូបមន្ត សាងសង់ ធ្វើប្រតិបត្តិការ និងផ្ទេរ (BOT)។ ២) ធានាឱ្យបាននូវនិរន្តរភាពនៃប្រតិបត្តិការផ្លូវដែក។ ៣) នៅពេលដែលដៃគូយុទ្ធសាស្ត្រថ្មី ត្រូវបានជ្រើសរើសរួចរាល់ រាជរដ្ឋាភិបាល, ក្រុមហ៊ុន រ៉ូយាល់ រេលវេ, និងដៃគូយុទ្ធសាស្ត្រថ្មី នឹងចូលរួមពិភាក្សារួមគ្នាក្នុងការបង្កើតក្រុមហ៊ុន សហអាជីវកម្ម (JV) ដើម្បីអាចចរចាជំហានបន្ទាប់ជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើត កិច្ចព្រមព្រៀងសម្បទានថ្មី ក្រោមទម្រង់ PPP Contract។ និង៤) រៀបចំសវនកម្មទៅលើក្រុមហ៊ុន រ៉ូយាល់ រេលវេ រួមមានដូចជា៖ សវនកម្មលើទ្រព្យ សកម្ម, សវនកម្មលើប្រតិបត្តិការរបស់ក្រុមហ៊ុន, សវនកម្មលើហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងសវនកម្មលើផ្នែកពាក់ព័ន្ធផ្សេងទៀតដែលចាំបាច់៕
- Video Advertisement -