មកទល់ពេលនេះកម្ពុជា បោសសម្អាតមីនបានជិត ៣៣០០គីឡូម៉ែត្រការ៉េ ក្នុងខេត្តចំនួន១៥
មកទល់ពេលនេះ មានរយៈពេល ៣២ឆ្នាំហើយ ដែលរដ្ឋាភិបាលកម្ពុជាបានបើកយុទ្ធនាការបោសសម្អាតមីន ដោយសម្រេចលទ្ធលផលជាផ្ទៃដីគ្មានមីនបានប្រមាណ ៣.២៩៧គីឡូម៉ែត្រការ៉េ នៅរាជធានី-ខេត្ត ចំនួន១៥។
នេះបើតាមសារលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីននៅថ្ងៃទី ២៤ កុម្ភៈ ២០២៥។
តាមរយៈសារលិខិតខាងលើ បានបង្ហាញថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៤ អស់រយៈពេលប្រមាណ ៣២ឆ្នាំកន្លងមក ផ្ទៃដីទំហំ ៣.២៩៧គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាត សម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្មមាន ៨១%, ហេដ្ឋារចនាសម្ព័ន្ធមាន ៤% និងផ្សេងៗមាន ១៥% ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម ដោយមានប្រជាពលរដ្ឋទទួលផលមានប្រមាណជាង ១០លាននាក់។
ដោយឡែក នៅក្នុងឆ្នាំ២០២៤ តែមួយ ប្រភពដដែលបានបង្ហាញថា មានផ្ទៃដីចំនួន ២៧៣គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះបានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ១៧.៨៥៣គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២២៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៩១.១១១គ្រាប់។ ចំនួនជនរងគ្រោះបានថយចុះពី ៤.៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៤៩នាក់ ក្នុងឆ្នាំ២០២៤។
គួរបញ្ជាក់ថា ថ្វីបើសកម្មភាពនៃការបោសសម្អាតមីន បាននិងកំពុងទទួលបានលទ្ធផលដ៏ធំធេងយ៉ាងណាក៏ដោយ ក៏កម្ពុជាត្រូវបន្តធ្វើការបោសសម្អាតផ្ទៃដីដែលមានមីនចំនួន ៣៤៨គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាមរួមទាំងគ្រាប់បែកចង្កោម ចំនួន ១.២២៨,៧គីឡូម៉ែត្រការ៉េ បន្ថែមទៀត ដើម្បីសម្រេចឱ្យបានតាមគោលដៅថ្មីគឺ «ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម»។
ចាប់ពីឆ្នាំ២០២២ មកដល់ពេលនេះ កម្ពុជា បានប្រកាសរាជធានី ខេត្តចំនួន១៥ ជារាជធានី ខេត្តអស់មីន ក្នុងនោះរួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ សមិទ្ធិផលទាំងនេះបានឆ្លុះបញ្ចាំងទាំងការប្តេជ្ញាចិត្តរបស់អាជ្ញាធរមូលដ្ឋាន និងការគាំទ្រពីដៃគូអន្តរជាតិ។
ស្របតាមកិច្ចខិតខំប្រឹងប្រែងទាំងនេះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នាពេលថ្មីៗនេះ បានស្វាគមន៍ចំពោះសេចក្តីប្រកាសរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបញ្ជាក់ពីការបន្តផ្តល់ជំនួយសម្រាប់គម្រោងបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO)។ កិច្ចសហប្រតិបត្តិការនេះបញ្ជាក់ពីការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិក្នុងការធានាឱ្យបាននូវអនាគតដែលគ្មានមីនប្រកបដោយសុវត្ថិភាព និងសុវត្ថិភាពសម្រាប់កម្ពុជា។
នៅពេលដែលប្រទេសនេះឆ្ពោះទៅមុខក្នុងបេសកកម្មរបស់ខ្លួនក្នុងការលុបបំបាត់គ្រោះថ្នាក់ដែលបង្កឡើងដោយគ្រាប់មីន ការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាព និងសន្តិសុខនៅតែជាកត្តាសំខាន់បំផុតសម្រាប់ប្រជាជនកម្ពុជារាប់លាននាក់។
- Video Advertisement -