ឆ្នាំ២០២៤ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មបានជាង $៥៥ពាន់លាន កើនឡើងគួរឱ្យកត់សម្គាល់
ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មនៅកម្ពុជាសម្រេចបានជាង ៥៥ពាន់លានដុល្លារ ដែលតំណាងឱ្យការកើនឡើងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ពាណិជ្ជកម្មនាំចេញ-នាំចូលចុងក្រោយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបង្ហាញពីគន្លងនៃកំណើនដ៏រឹងមាំសម្រាប់សេដ្ឋកិច្ចជាតិ។
ប្រភពដដែលបានបង្ហាញថា ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា មានចំនួន ២៨.៥៤៥,៤ លានដុល្លារ កើនឡើងប្រមាណ ១៨% ធៀបនឹងឆ្នាំ២០២៣។ ការកើនឡើងនៃការនាំចូលនេះត្រូវបានជំរុញឡើងដោយកត្តាចម្បងៗរួមមានផលិតផលដែក វត្ថុធាតុដើម និងគ្រឿងចក្រដែលចាំបាច់សម្រាប់គម្រោងវិនិយោគ ព្រមទាំងសម្ភារសំណង់ យានយន្ត គ្រឿងឧបភោគបរិភោគ និងទំនិញផ្សេងៗជាច្រើនទៀត។
ដោយឡែក ចំពោះទំហំពាណិជ្ជកម្មនាំចេញវិញ ក្នុងឆ្នាំ២០២៤ គឺមានចំនួន ២៦.៤៧២,៨ លានដុល្លារ កើនឡើងប្រមាណ ១៥,៨% ធៀបនឹងឆ្នាំ២០២៣ ដែលក្នុងនោះ ផលិតផលវិនិយោគកាត់ដេរមានកំណើន ២៣,៣%, ផលិតផលវិនិយោគមិនមែនកាត់ដេរ (មានជាអាទិ៍ សំបកកង់រថយន្ត, គ្រឿងបំណែកអេឡិចត្រូនិក, បង្គុំខ្សែភ្លើង, ផលិតផលពីឈើ, កង់, ផលិតផលប្លាស្ទិច, អំពូល, ស្បែកសត្វកែច្នៃ, គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានកំណើន ២,៦%, និងកសិផល (មានជាអាទិ៍ ស្រូវ, កៅស៊ូ, ដំឡូងមី, អង្ករ, ចេក, គ្រាប់ស្វាយចន្ទី និងកសិផលផ្សេងៗទៀត) មានកំណើន ១១,៦%។
គួរបញ្ជាក់ដែរថា នៅក្នុងឆ្នាំ២០២៤ នេះដែរ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលពន្ធ និងអាករ បានចំនួន ១០.៥៤២,២ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២.៥៩០,៣ លានដុល្លារ) កើនឡើងប្រមាណ ១៣,៨% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៣៕ (អានបន្ថែម)
លទ្ធផលពាណិជ្ជកម្មដ៏គួរឱ្យចាប់អារម្មណ៍នេះគូសបញ្ជាក់អំពីភាពធន់នឹងសេដ្ឋកិច្ចរបស់កម្ពុជា និងសក្តានុពលសម្រាប់កំណើននាពេលអនាគត ដោយដាក់ប្រទេសជាតិជាតួអង្គសំខាន់កាន់តែខ្លាំងឡើងនៅក្នុងទីផ្សារពិភពលោក។ នៅពេលដែលកម្ពុជាបន្តពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងបង្កើនសមត្ថភាពផលិតកម្មរបស់ខ្លួន ទស្សនវិស័យសម្រាប់សេដ្ឋកិច្ចនៅតែមានសុទិដ្ឋិនិយម។
- Video Advertisement -