វិនិយោគិនចិន ស្នើកម្ពុជាវិនិយោគបង្កើតសួនកសិ-ឧស្សាហកម្មកែឆ្នៃផលិតផលកសិកម្មនៅកម្ពុជា
ប្រតិភូចិនបានដឹកនាំក្រុមអ្នកវិនិយោគសរុបប្រមាណជា ៥០ក្រុមហ៊ុន មកកម្ពុជាដើម្បីធ្វើការស្នើសុំវិនិយោគបង្កើតសួនកសិ-ឧស្សាហកម្ម ដោយផ្តោតលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា សំដៅដល់ការប្រែក្លាយទៅជាតំបន់ពាណិជ្ជកម្មពិសេសនាពេលអនាគត។
ការស្នើនេះធ្វើឡើង ក្នុងជំនួបពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) ជាមួយក្រុមអ្នកវិនិយោគចិនសរុបប្រមាណ ៥០ក្រុមហ៊ុន ដឹកនាំដោយ លោកស្រី Li Fengzhi អភិបាលរង នៃគណៈអភិបាលរដ្ឋបាលប្រជាជនក្រុងកឹងចូវ និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កាលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។
នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានស្វាគមន៍គណៈប្រតិភូចិនដែលមកស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា។ ឯកឧត្តមថា គណៈប្រតិភូ គួរតែសិក្សាពិនិត្យលទ្ធភាពវិនយោគ រួមមាន៖ រោងចក្រឧស្សាហកម្ម ឧស្សាហកម្មយានយន្ត ឧស្សាហកម្មអេឡិចត្រូនិក ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កសិកម្ម និងកសិ-ឧស្សាហកម្ម ការកែច្នៃចំណីអាហារ ថាមពលបៃតង ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស វិស័យអប់រំបណ្តុះបណ្តាល វិស័យសុខាភិបាល បច្ចេកវិទ្យាឌីជីថល សហគ្រាស/អាជីវកម្មខ្នាតតូច និងមធ្យម(SMEs) និងសេវាកម្មផ្សេងៗជាដើម។
ជាការឆ្លើយតប លោកស្រី Li Fengzhi តំណាងប្រតិភូចិនទាំង៥០ក្រុមហ៊ុន បានស្នើសុំធ្វើការវិនិយោគសួនកសិ-ឧស្សាហកម្ម សម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា របស់រដ្ឋបាលខេត្តហ៊ឺណាន ដែលត្រូវបានរំពឹងថា ការវិនិយោគដ៏ធំសម្បើមនឹងក្លាយជាតំបន់ពាណិជ្ជកម្មពិសេសលើផលិតផលកសិកម្ម, ការច្នៃផលិតផលកសិកម្ម, ការផ្ដល់សេវាកម្មលើបច្ចេកវិទ្យាកសិកម្ម និងជាទីតាំងស្តុកផលិតផលកសិកម្ម តាមរយៈការទាក់ទាញបណ្ដាក្រុមហ៊ុនផ្សេងៗទៀតដែលមានមុខសញ្ញាអាជីវកម្មពាក់ព័ន្ធនឹងវិស័យកសិកម្មបែបទំនើប។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំនាពេលថ្មីៗនេះជាមួយគណៈប្រតិភូធុរកិច្ចជប៉ុនដែលមានក្រុមហ៊ុនចំនួន៤០ ដែលបានមកស្វែងយល់ពីលទ្ធភាពវិនិយោគក្នុងវិស័យដឹកជញ្ជូន និងភស្តុភារដែលកំពុងរីកចម្រើនរបស់កម្ពុជា។ (អានបន្ថែម)
គួរបញ្ជាក់ថា ត្រឹមខែដំបូងនៃឆ្នាំ២០២៥ កម្ពុជាទទួលបានទុនវិនិយោគសរុបប្រមាណ ៧៤៨លានដុល្លារ ក្នុងនោះមានប្រភពទុនវិនិយោគមកពីប្រទេសចិនមានប្រមាណ ៧៣,៣៥ភាគរយ ឬប្រមាណជា ៥៤៨លានដុល្លារ។
ជាមួយនឹងការផ្លាស់ប្តូរយុទ្ធសាស្ត្របែបនេះ កម្ពុជាកំពុងកំណត់ដំណាក់កាលសម្រាប់អនាគតកសិកម្មដ៏រឹងមាំមួយ ដែលអាចកំណត់ឡើងវិញនូវជំហររបស់ខ្លួននៅលើផែនទីពាណិជ្ជកម្មពិភពលោក។



- Video Advertisement -