កម្ពុជា ជប៉ុន និង UNDP រួមគ្នាលុបបំបាត់កាកសំណល់ប្លាស្ទិក ដើម្បីអនាគតបៃតងក្នុងទីក្រុង

នៅក្នុងចលនាបំផុសគំនិតសម្រាប់និរន្តរភាពបរិស្ថាន រដ្ឋាភិបាលកម្ពុជាបានបង្កើតភាពជាដៃគូដ៏មានឥទ្ធិពលជាមួយប្រទេសជប៉ុន និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាបន្ទាន់នៃសំណល់ប្លាស្ទិកនៅក្នុងទីក្រុងដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សជារៀងរាល់ឆ្នំា។ កិច្ចសហការនេះ មានឈ្មោះជាផ្លូវការថា “ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន” ដែលបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។

គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវបរិស្ថានស្អាតនៅទូទាំងទីក្រុងចំនួនប្រាំពីរ គឺខេត្តត្បូងឃ្មុំ សៀមរាប និងព្រះសីហនុ និងខេត្តជាប់មាត់សមុទ្ររួមមាន៖ខេត្តកែប កំពត និងកោះកុង។ កិច្ចការរួមគ្នានេះ នឹងក្លាយជាយុទ្ធសាស្ត្រគ្រប់គ្រងសំណល់ប្លាស្ទិកប្រកបដោយនិរន្តរភាព ដែលសន្យាថានឹងជួយលើកកម្ពស់គុណភាពជីវិតនៅក្នុងទីក្រុង និងបង្កើតលក្ខខណ្ឌរស់នៅប្រកបដោយផាសុកភាព។

ក្នុងពិធីចុះហត្ថលេខានេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមនេះ ដោយបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់ខ្លួនក្នុងការលើកកម្ពស់អនាម័យ និងកាត់បន្ថយសំណល់ប្លាស្ទិកក្នុងទីក្រុង។ ឯកឧត្តម​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការអប់រំ​បរិស្ថាន ដោយ​ជំរុញ​ឱ្យ​ក្រសួង​ពង្រឹង​យុទ្ធនាការ​នេះបន្ថែមទៀតនៅតាម​បណ្តាសាលារៀន រោងចក្រ សហគមន៍​មូលដ្ឋាន និង​ប្រាសាទនានានៅទូទាំងប្រទេស។ បន្ថែម​ពី​នេះ ឯកឧត្តម​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចែក​ធុង​សំរាម​ដើម្បី​សម្រួល​ដល់​ការ​គ្រប់​គ្រង​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីតម្រូវការចាំបាច់ក្នុងការត្រួតពិនិត្យ និងវិសោធនកម្មឯកសារច្បាប់ស្តីពីការប្រើប្រាស់ប្លាស្ទិក ជាពិសេសប្លាស្ទិកដែលប្រើប្រាស់រួច។ ឯកឧត្តមបានជំរុញឱ្យមានការយកចិត្តទុកដាក់បន្ថែម ដោយជំរុញនូវវិធានលើកកម្ពស់ផលិតផលជំនួសប្លាស្ទិក ការប្រើប្រាស់ប្លាស្ទិកឡើងវិញ ការកែច្នៃប្លាស្ទិក ការសាកល្បងគំនិតផ្តួចផ្តើម ទំនួលខុសត្រូវបន្ថែមរបស់អ្នកផលិត ទាក់ទងនឹងឥណទានប្លាស្ទិកសម្រាប់កម្ពុជា។

នាឱកាសនោះ លោកស្រី Alissar Chaker តំណាង UNDP ប្រចាំប្រទេសកម្ពុជា បានបង្ហាញពីសុទិដ្ឋិនិយមថា គម្រោងនេះនឹងជំរុញការផ្លាស់ប្តូរអាកប្បកិរិយាជាវិជ្ជមាន ជំរុញការអនុវត្តផលិតកម្មកាន់តែស្អាត និងលើកកម្ពស់សេដ្ឋកិច្ចជាតិ។ គួរកត់សម្គាល់ថា គំនិតផ្តួចផ្តើមនេះមានគោលបំណងផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងយុវជន ដោយផ្តល់ឱ្យពួកគេនូវការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការចូលរួមយ៉ាងសកម្មក្នុងការប្រតិបត្តិរបស់ខ្លួន។

ជាមួយគ្នានេះដែរ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់គុណភាពបរិស្ថាន។ ឯកឧត្តមបានបញ្ជាក់សារជាថ្មីអំពីការយកចិត្តទុកដាក់របស់ប្រទេសជប៉ុនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសតាមរយៈក្រសួងបរិស្ថាន និងដៃគូនានា ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៃសំណល់ប្លាស្ទិកក្នុងទីក្រុងប្រកបដោយប្រសិទ្ធភាព។

កិច្ចសហការរួមគ្នានេះបង្ហាញពីជំហានដ៏សំខាន់ឆ្ពោះទៅរកប្រទេសកម្ពុជាកាន់តែស្អាត និងបៃតង ដោយសន្យាថាមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងកាកសំណល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញចលនារួមឆ្ពោះទៅរកការរស់នៅប្រកបដោយនិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ។

- Video Advertisement -