ត្រឹមតែ២ខែប៉ុណ្ណោះ កម្ពុជាទទួលបានការវិនិយោគថ្មី ១១២គម្រោង មានទុនជាង ១ពាន់លានដុល្លារ
គិតត្រឹមរយៈពេល២ខែ ពោលគឺខែកមរា-កុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ១១២គម្រោង ក្រោមទុនវិនិយោគប្រមាណ ១.០៦៩លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៥។
ប្រភពដែលបន្តថា ក្នុងចំណោមគម្រោងវិនិយោគចំនួន ១១២គម្រោងនេះ គេរំពឹងថាអាចជួយបង្កើតការងារបានជាង ៧ម៉ឺនកន្លែង។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ មានការកើនឡើងរហូតដល់ទៅ៤៣គម្រោង។
ដោយឡែក សម្រាប់ខែកុម្ភៈតែមួយ ក្នុងឆ្នាំ២០២៥នេះ CDC បានអនុម័តគម្រោងវិនិយោគសរុបចំនួន៤៤គម្រោង មានទុនវិនិយោគសរុបប្រមាណ ៣២១លានដុល្លារ អាចបង្កើតការងារបានប្រមាណ ២៥ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំងអស់នេះ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៣គម្រោង។ ជារួម ក្នុងខែកុម្ភៈ ឆ្នាំ២០២៥នេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៧គម្រោង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ជាការកត់សម្គាល់សម្រាប់ខែកុម្ភៈ ឃើញថាលំហូរទុនវិនិយោគមកពីប្រទេសចិនស្ថិតនៅលេខរៀងទី១ រួមចំណែកប្រមាណ ៨៦,៧៥%, ខណៈសង្ហបុរីស្ថិតនៅលេខរៀងទី២ មានប្រមាណ ១១,៩៧%, អូស្រ្តាលី ស្ថិតនៅលេខរៀងទី៣ ០,៨០%, និងប្រទេសអង់គ្លេស មានប្រមាណ ០,៤៨%។ ដោយឡែក រាជធានី ខេត្ត ដែលទទួលបានគម្រោងរួមមាន កំពង់ស្ពឺ ៨គម្រោង, ស្វាយរៀង១១, ភ្នំពេញ៦, ព្រះសីហនុ៤, កោះកុង៦, តាកែវ៣, កណ្តាល ៣ កំពង់ឆ្នាំង២ និងកំពតទទួលបាន១គម្រោង។
គួរបញ្ជាក់ថា គម្រោងវិនិយោគទាំងអស់ខាងលើបានហៀរចូលក្នុងវិស័យសំខាន់ៗតែ២ប៉ុណ្ណោះ ក្នុងនោះមានវិស័យឧស្សាហកម្មច្រើនជាងគេបំផុត និងវិស័យហេដ្ឋារចនាសម្ព័ន្ធមានបន្តិចបន្តួច។ ដោយសារកម្ពុជាបន្តទាក់ទាញការវិនិយោគពីបរទេស ដូច្នេះទស្សនវិស័យសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសនេះនៅតែមានភាពរីកចម្រើន ជំរុញការបង្កើតការងារ និងគាំទ្រដល់ឧស្សាហកម្មក្នុងស្រុកផងដែរ។
- Video Advertisement -