កំពង់ផែTuas របស់សិង្ហបុរី នឹងក្លាយជា មជ្ឈមណ្ឌលសមុទ្រដ៏ទំនើបបំផុតនៅលើពិភពលោក
ប្រទេសសិង្ហបុរី កំពុងធ្វើបដិវត្តវិស័យពាណិជ្ជកម្មដែនសមុទ្ររបស់ពិភពលោក ជាមួយនឹងគម្រោង អភិវឌ្ឍន៍កំពង់ផែ Tuas ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)ពេញលេញ។ គម្រោងដ៏មហិច្ឆតានេះ ត្រូវបានគេរំពឹងថានឹងជំរុញសមត្ថភាពដឹកជញ្ជូនទំនិញ របស់សិង្ហបុរីបានដល់ទៅ ៦៥លានTEUs ។ អាជ្ញាធរដែនសមុទ្រ និងកំពង់ផែ (MPA) បានរាយការណ៍ថា គិតត្រឹមតែក្នុងឆ្នាំ ២០២៤ តែមួយប៉ុណ្ណោះ ប្រទេសសិង្ហបុរីបានគ្រប់គ្រងកំណត់ត្រា ដឹកជញ្ជូនទំនិញបាន ៤១,១២លាន TEUs ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ ៥% នេះបើយោងតាម Asia.nikkei ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៥។
គំនិតផ្តួចផ្តើមបំពាក់បច្ចេកវិទ្យា AI ចូលក្នុងប្រព័ន្ធគ្រប់គ្រងដឹកជញ្ជូននេះ កំពុងត្រូវបានដឹកនាំ អនុវត្តដោយស្ថាប័ន PSA International ដែលជាប្រតិបត្តិករកំពង់ផែគាំទ្រដោយរដ្ឋរបស់ប្រទេសសិង្ហបុរី ដែលបានប្តេជ្ញាក្នុងការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធទំនើបដែលនឹងជំរុញប្រសិទ្ធភាព សុវត្ថិភាព និងនិរន្តរភាពក្នុងការដឹកជញ្ជូនទូទាំងពិភពលោក។ ការផ្លាស់ប្តូរនេះ នឹងប្រែក្លាយប្រទេសសិង្ហបុរីជា កំពង់ផែស្វ័យប្រវត្តិសាស្រ្តដ៏ធំបំផុតរបស់ពិភពលោក និងពង្រឹងតួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ពិភពលោកឈានមុខគេ។
គម្រោងកំពង់ផែ Tuas ទំនើបថ្មីនេះ ត្រូវបានរចនាឡើងក្នុងគោលបំណងធំមួយ គឺធ្វើយ៉ាងណាដើម្បី អោយដំណើរការក្នុងកំពង់ផែទាំងមូល មានអន្តរាគមន៍របស់មនុស្សតិចតួចបំផុត ដោយជំនួសមក វិញនូវការប្រើប្រាស់ស្វ័យប្រវត្តិកម្មកម្រិតខ្ពស់ដើម្បីបង្កើនប្រសិទ្ធភាព និងសុវត្ថិភាព។ នៅក្នុងគម្រោងនេះ គេនឹងបំពាក់ ក្រុមយានយន្តស្វ័យចល័ត ដឹកទំនិញជញ្ជូនទំនិញដើរដោយស្វ័យប្រវត្តិ (automated guided vehicles = AGVs) ដែលនឹងធ្វើការចរាចរពាសពេញស្ថានីយដ៏ធំរបស់កំពង់ផែ ក្នុងកំឡុងពេល ២៤ម៉ោងលើ ២៤ម៉ោង ជារៀងរាល់ថ្ងៃ ជាមួយនឹងសមត្ថភាពធ្វើដំណើរក្នុងល្បឿនរហូតដល់ ២៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ យានយន្តស្វ័យចល័តទាំងនេះ ត្រូវបានបញ្ជានិងគ្រប់គ្រងដំណើរការពីចម្ងាយ បំពាក់ដោយប្រព័ន្ធ RFID ដែលទំនាក់ទំនងជាមួយឧបករណ៍បញ្ជូនក្រោមដី សម្រាប់ការតាមដានទីតាំង ច្បាស់លាស់។ យោងតាមក្រុមហ៊ុន PSA International យានយន្តស្វ័យចល័ត AGVs អាចដំណើរការបន្តពី៦ ទៅ ៧ម៉ោងបាន បន្ទាប់ពីសាកអាគុយដោយស្វ័យប្រវត្តិ តែក្នុងរយៈពេល ២០ នាទីប៉ុណ្ណោះ ដែលសមត្ថភាពនេះ អនុញ្ញាតឱ្យមានចលនាដឹកទំនិញដោយស្វ័យប្រវត្តិនៅទូទាំងកំពង់ផែ ដោយរលូន និងគ្មានការរំខាន។
ស្វ័យប្រវត្តិកម្មនៅលើកំពង់ផែនេះ នឹងត្រូវបានពង្រីកលើសពីការគ្រាន់តែដើម្បីគ្រប់គ្រងទំនិញ។ លើសពី នេះ កំពង់ផែ Tuas កំពុងអនុវត្ត “ប្រព័ន្ធគ្រប់គ្រងចរាចរណ៍នាវាជំនាន់ក្រោយ” ដែលដំណើរការដោយ បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាផ្កាយរណប។ ប្រព័ន្ធនេះ ផ្តល់នូវការត្រួតពិនិត្យពេលវេលាពិតប្រាកដនៃ ចលនាកប៉ាល់ បង្កើនប្រសិទ្ធភាពការបែងចែកកន្លែងចត និងការពារការកកស្ទះ។ យុទ្ធសាស្ត្រ Smart Nation 2.0 របស់រដ្ឋាភិបាលសិង្ហបុរី ដែលបានប្រកាសឲ្យប្រើនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ បាន បង្ហាញការសាកល្បងនូវសមត្ថភាពតាមដាននាវាដោយផ្អែកលើផ្កាយរណប ជាមួយនឹងកប៉ាល់ ដែលមាន កូដពណ៌តាមប្រភេទ ដើម្បីសម្រួលប្រតិបត្តិការ។ ការវិភាគដោយ AI ត្រូវបានគេរំពឹងថា នឹងពង្រឹង បន្ថែមទៀតនូវសុវត្ថិភាពកំពង់ផែ ការការពារប្រឆាំងនឹងការគំរាមកំហែងតាមអ៊ីនធឺណិត និងបង្កើន ប្រសិទ្ធភាពលំហូរការងារផ្នែកដឹកជញ្ជូន។
ទីតាំងយុទ្ធសាស្ត្ររបស់សិង្ហបុរីជាច្រកផ្លូវសមុទ្ររវាងប្រទេសលោកខាងកើត និងលោកខាងលិច បានធ្វើឱ្យប្រទេសនេះ ក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់ចាប់តាំងពីសតវត្សទី១៩ មកម្ល៉េះ ។ សព្វថ្ងៃនេះ ប្រទេសជាកូនទីក្រុងតូចមួយនេះ នៅតែជាកំពង់ផែធំជាងគេទីពីររបស់ពិភពលោក ក៏ដោយ សារបរិមាណទំនិញដែលខ្លួនបានជួយសម្រួលដល់ការផ្ទេរទំនិញពីនាវាក្នុងតំបន់តូចៗទៅកាន់កប៉ាល់ធំ ៗ ដែលត្រូវឆ្លងកាត់ទៅអឺរ៉ុប និងសហរដ្ឋអាមេរិក។
ការបង្រួបបង្រួមនៃប្រតិបត្តិការកំពង់ផែសំខាន់ៗទាំងអស់ទៅក្នុង ប្រព័ន្ធគ្រប់គ្រងកំពង់ផែ Tuas តែមួយ តំណាងឱ្យការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ព្រមទាំងជាការធានាថា សិង្ហបុរី នៅតែរក្សាបាននូវតំណែង របស់ខ្លួននៅក្នុងចរន្តពាណិជ្ជកម្មពិភពលោក។ ក្នុងអំឡុងពេលបើកដំណើរការដំណាក់កាលទីមួយនៃ កំពង់ផែក្នុងឆ្នាំ២០២២ អតីតនាយករដ្ឋមន្ត្រី សិង្ហបុរី លោក Lee Hsien Loong បានប្រកាសថា “Tuas នឹងក្លាយជាកំពង់ផែនៃអនាគត”។
និរន្តរភាពបរិស្ថានគឺជាមូលដ្ឋានគ្រឹះមួយទៀតនៃគម្រោងកំពង់ផែ Tuas ។ សិង្ហបុរី មានបំណងសម្រេច បាននូវការបំភាយឧស្ម័នផ្ទះកញ្ចក់ សូន្យសុទ្ធ ត្រឹមឆ្នាំ២០៥០ ហើយឧបករណ៍កំពង់ផែអគ្គិសនី រួមទាំង យានស្វ័យចល័ត AGVs ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចគោលដៅនេះ។ យោងតាមក្រសួងដឹក ជញ្ជូន រថយន្តអគ្គិសនីស្វ័យប្រវត្តិទាំងនេះ កាត់បន្ថយការបំភាយកាបូនបានប្រមាណ ៥០% បើប្រៀប ធៀបទៅនឹងជម្រើសប្រើម៉ាស៊ូតបែបប្រពៃណី។ ស្ថាប័ន PSA International ក៏កំពុងសហការយ៉ាងសកម្ម ជាមួយក្រុមហ៊ុនទើបនឹងចាប់ផ្តើមអាជីវកម្ម និងស្ថាប័នស្រាវជ្រាវ តាមរយៈក្រុមហ៊ុនបណ្តាក់ទុនរបស់ខ្លួន ក្នុងទិសដៅ ជំរុញការបង្កើតថ្មីនៅក្នុងបច្ចេកវិទ្យាដែនសមុទ្រប្រកបដោយនិរន្តរភាព។
ជាមួយនឹងសមត្ថភាពឈានមុខគេលើពិភពលោក ការរួមបញ្ចូល AI ស្វ័យប្រវត្តិកម្មដែលមិនអាចប្រៀប ផ្ទឹមបាន និងការ ផ្តោតលើវិស័យនិរន្តរភាព កំពង់ផែ Tuas របស់សិង្ហបុរីត្រូវបានកំណត់ថា នឹងក្លាយជា មជ្ឈមណ្ឌលសមុទ្រ ទំនើបបំផុតនៅលើភពផែនដី កំណត់ឡើងវិញនូវអនាគតនៃពាណិជ្ជកម្ម និងការដឹកជញ្ជូនរបស់ពិភពលោក៕
- Video Advertisement -