គណៈប្រតិភូប្រទេសអូម៉ង់ បង្ហាញចេតនាចង់រកដៃគូវិនិយោគនៅកម្ពុជា
គណៈប្រតិភូប្រទេសអូម៉ង់ កំពុងពិចារណាធ្វើការវិនិយោគបន្ថែមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈប្រតិភូប្រទេសនេះ ក៏បានបង្ហើបពីឆន្ទះរបស់ខ្លួនក្នុងការស្វែងរកដៃគូវិនិយោគក្នុងប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះផងដែរ។
នេះបើ តាមជំនួបរវាងឯកឧត្តម សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយលោក Nguyen Xuan Giao នាយកប្រតិបត្តិ ភ្នាក់ងារវិនិយោគអូម៉ង់-វៀតណាម (Vietnam-Oman Investment) កាលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។
នាឱកាសនោះ លោក Nguyen Xuan Giao បានបញ្ជាក់ថា ស្ថាប័នរបស់លោកកំពុងពិចារណាវិនិយោគបន្ថែមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍លើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យថាមពលបៃតង ដើម្បីសន្តិសុខស្បៀងនិងថាមពល។ ជាមួយគ្នានោះដែរ លោកក៍បានបង្ហើបអំពីឆន្ទៈស្វែងរកដៃគូវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។
ជុំវិញរឿងនេះ ឯកឧត្តម សរ សិនិរ៉ា អគ្គលេខាធិការរង បានស្វាគមន៍គណៈប្រតិភូដែលអញ្ជើញមកកម្ពុជា។ ឯកឧត្តមថា វិនិយោគិនបរទេសក៏អាចវិនិយោគ១០០% ក្នុងវិស័យជាច្រើននៅកម្ពុជា ដែលរួមមាន៖ វិស័យកសិកម្ម កម្មន្តសាល ទេសចរណ៍ និង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដោយទទួលបាននូវការលើកទឹកចិត្តយ៉ាងសន្ធឹកសន្ធាប់ ដូចវិនិយោគិនកម្ពុជាដែរ។
តាមរយៈជំនួបខាងលើ បានបង្ហាញដែរថា ជាងមួយទសវត្សមកនេះ អាជ្ញាធរវិនិយោគអូម៉ង់ បាននិងកំពុងវិនិយោគលើគម្រោងមួយចំនួន នៅក្នុងតំបន់ក្នុងនោះរួមមាន វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង ភស្តុភារកម្ម អចលនទ្រព្យ ទឹកស្អាត បច្ចេកវិទ្យា និង សេវាកម្មលក់រាយជាដើម ដែលទុនវិនិយោគទាំងនេះគឺជាទុនបម្រុងពីការលក់ប្រេងរបស់រដ្ឋាភិបាលអូម៉ង់ផ្ទាល់តែម្តង។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាទទួលបានការស្នើសុំ និងអនុម័តគម្រោងជាផ្លូវការបានចំនួន ៤១៤គម្រោង ស្មើនឹងទឹកប្រាក់ជាង ៦,៨ ប៊ីលានដុល្លារ ខណៈ២ខែដំបូង (មករា-កុម្ភៈ )នៃឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបបានអនុម័តគម្រោងវិនិយោគថ្មីចំនួន ១១២គម្រោង ក្រោមទុនវិនិយោគប្រមាណ ១.០៦៩លានដុល្លារ បន្ថែមទៀត។
ទន្ទឹមនឹងនេះផងដែរ រដ្ឋាភិបាលកម្ពុជា ក៏បានប្តេជ្ញាថា នឹងបន្តផ្តល់ការលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគពីបណ្តាប្រទេសនានា ដើម្បីធានាដល់និរន្តរភាព និងជំរុញកំណើនសេដ្ឋកិច្ច៕

- Video Advertisement -