ក្រុមហ៊ុន EnerCam ទទួលបានការអនុញ្ញាតលើគម្រោងស្វែងរកប្រេង និងឧស្ម័ននៅភាគនិរតីនៃប្រទេសកម្ពុជា
ក្រុមហ៊ុន EnerCam Resources Co. Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ANGKOR RESOURCES CORP (ARC) បានទទួលការយល់ព្រមជាផ្លូវការដើម្បីដំណើរការគម្រោងរុករកប្រេង និងឧស្ម័នរបស់ខ្លួននៅក្នុងប្លុកទី VIII ដែលមានទីតាំងនៅលើដីគោកនៅភាគនិរតីនៃប្រទេសកម្ពុជា។ លិខិតអនុញ្ញាតដែលបានប្រកាសនេះ ចេញនៅថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២៥ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងវិស័យថាមពលរបស់កម្ពុជា។
ជាមួយនឹងការយល់ព្រមនេះ EnerCam ត្រូវបានកំណត់ដើម្បីចាប់ផ្តើមសកម្មភាពរុករកធនធានប្រេងនៅកម្ពុជា និងធ្វើការវាយតម្លៃពីផលប៉ះពាល់បរិស្ថានដែលជាចំនុចអាទិភាពមួយដើម្បីធានាបាននូវការអនុលោមតាមស្តង់ដារបទប្បញ្ញត្តិ។
លោកស្រី Delayne Weeks នាយកប្រតិបត្តិនៃក្រុមហ៊ុន ANGKOR RESOURCES CORP មានប្រសាសន៍ថា “យើងប្តេជ្ញាបង្ហាញនូវធនធានប្រេងពាណិជ្ជកម្មដែលនឹងត្រួសត្រាយផ្លូវសម្រាប់ផលិតកម្មប្រេង និងឧស្ម័ននៅលើដីគោករបស់កម្ពុជា។ ជំហាននេះមានសក្តានុពលក្នុងការផ្លាស់ប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើងដោយមានប្រភពថាមពលជាតិផ្ទាល់ខ្លួន”។
គួរកត់សម្គាល់ថា គម្រោងនេះតំណាងឱ្យកិច្ចខិតខំប្រឹងប្រែងរុករកប្រេងនៅលើដីគោកជាលើកដំបូងដែលមិនធ្លាប់មាននៅកម្ពុជា។ កិច្ចព្រមព្រៀងចែករំលែកផលិតកម្មរវាងរាជរដ្ឋាភិបាលកម្ពុជា និង EnerCam រួមមាន រាជរដ្ឋាភិបាលនឹងទទួលបានសួយសារអាករ ១២,៥% លើការលក់ប្រេងសរុបទាំងអស់ និងពន្ធលើប្រាក់ចំណេញសាជីវកម្ម ៣០% ។
គួរបញ្ជាក់ថា EnerCam បានបញ្ចប់កិច្ចសន្យាចែកចាយផលិតកម្មរយៈពេល ៣០ឆ្នាំជាមួយរដ្ឋាភិបាលកម្ពុជាកាលពីចុងឆ្នាំ២០២២។ កិច្ចព្រមព្រៀងនេះបានកាត់បន្ថយផ្ទៃដីអាជ្ញាប័ណ្ណពី ៧៣០០គីឡូម៉ែត្រការ៉េ មកត្រឹម ៣៧២៩គីឡូម៉ែត្រការ៉េ ដើម្បីអភិរក្សតំបន់ឧទ្យានជាតិដោយទាមទារឱ្យមានការយល់ព្រមជាលាយលក្ខណ៍អក្សរពីរដ្ឋាភិបាលកម្ពុជាសម្រាប់តំបន់ជាក់លាក់ផងដែរ។
ក្រោមអាជ្ញាបណ្ណនេះ ការរុករកនឹងធ្វើឡើងនៅខាងក្រៅតំបន់ការពារឧទ្យានជាតិភ្នំក្រវាញ និងឧទ្យានជាតិព្រះមុនីវង្ស និងគិរីរម្យ។ (អានបន្ថែម)
នៅពេលដែលគម្រោងនេះដំណើរការទៅមុខ ក្រុមហ៊ុនមានគោលបំណងជំរុញសេដ្ឋកិច្ចក្នុងស្រុក និងដាក់ឱ្យប្រទេសកម្ពុជាជាតួអង្គដ៏សំខាន់ក្នុងការអភិវឌ្ឍន៍លើវិស័យថាមពល។
- Video Advertisement -