កម្ពុជាចាប់ផ្តើមភ្ជាប់បំពង់មេនាំទឹកឆៅបែបឌីថល ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចាប់ផ្តើមធ្វើការតភ្ជាប់បំពង់មេនាំទឹកឆៅតាមបែបឌីជីថល ដោយពុំចាំបាច់ផ្ដាច់ ការផ្គត់ផ្គង់ទឹកស្អាតក្នុងតំបន់កោះនរា ជាលើកទី១ ក្នុងប្រវត្តិសាស្ត្រ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីភ្ជាប់បំពង់មេនាំទឹកឆៅ ដោយពុំចាំបាច់ផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាត (Connection Under Pressure) ក្រោមគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជន កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។
ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានលើកឡើងថា៖ “នេះជាលើកទី១ក្នុងប្រវត្តិសាស្រ្ត ដែលកម្ពុជាអាចតភ្ជាប់បំពង់មេនាំទឹកឆៅដោយពុំចាំបាច់ផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាត សម្រាប់បំពង់ដែលមានមុខកាត់ធំបែបនេះ។ ប្រព័ន្ធបច្ចេកវិទ្យាតភ្ជាប់ដោយពុំចាំបាច់ផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាតនេះ នឹងធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ទឹកស្អាតជូនអតិថិជនក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ព្រមទាំងនិរន្តរភាពនៃសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ផលិតកម្ម និងសេវាកម្មនានា ដែលត្រូវការទឹកស្អាត បន្ថែមលើតម្រូវការសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ គម្រោងនេះក៏បានបង្ហាញពីការរួមចំណែករបស់ក្រុមហ៊ុន OCIC ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោយក្រុមហ៊ុនបានសាងសង់ជំនួសមកវិញនូវស្ថានីយបូមទឹកឆៅមួយ ដែលមានសមត្ថភាពលើសពីស្ថានីយបូមទឹកឆៅក្ដីតាកុយ។”
តាមរយៈគម្រោងនេះដែរ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមជំនាញការជប៉ុន បានសហការគ្នារកវិធីសាស្ត្រ បញ្ជៀសការកាត់ផ្តាច់ដំណើរការរោងចក្រផលិតទឹកស្អាត ដែលតាមការសិក្សាកន្លងមក ការតភ្ជាប់នេះ ត្រូវបញ្ឈប់ការផ្គត់ផ្គង់ទឹកស្អាតពីរោងចក្រផលិតទឹកស្អាតនិរោធ ដែលមានសមត្ថភាពផលិត ២៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃរយៈពេលប្រមាណមួយសប្ដាហ៍ ដែលនឹងប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកស្អាតប្រមាណជាង ៣០% នៃបរិមាណផលិតសរុបរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហើយនឹងប៉ះពាល់ទៅដល់អតិថិជនជាអ្នកប្រើប្រាស់ទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប្រមាណ ១លាននាក់។
ជាលទ្ធផល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួលការគាំទ្រផ្នែកបច្ចេកទេស និងសម្ភារៈតាមរយៈគម្រោងភ្ជាប់បំពង់មេនាំទឹកឆៅដោយពុំផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាត ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជន។
គួរបញ្ជាក់ថា គម្រោងនេះ មានរួមបញ្ចូលសេវាទីប្រឹក្សាបច្ចេកទេស ការសាងសង់ស្ថានីយ៍បូមទឹកឆៅដែលមានសមត្ថភាពសរុប ៤៦០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ (ដែលរួមបញ្ចូលសមត្ថភាពមានស្រាប់របស់ស្ថានីយ៍បូមទឹកឆៅក្តីតាកុយចំនួន ២៦០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងសមត្ថភាពថ្មី ២០០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ) ការដំឡើងប្រព័ន្ធអេឡិចត្រូមេកានិក សម្ភារបរិក្ខារ និងបំពង់មេនាំទឹកឆៅទំហំមុខកាត់ ១.៤០០មម ចំនួន២ខ្សែប្រវែង ១.៦០០ម៉ែត្រ។
- Video Advertisement -