រដ្ឋបង្ហើបពីផែនការបង្កើតមជ្ឈមណ្ឌលភស្ដុភារកម្មដ៏ទំនើបមួ​យ នៅខេត្តព្រះសីហនុ

រដ្ឋាភិបាលកម្ពុជាបង្ហើបពីការបង្កើតនូវមជ្ឈមណ្ឌលភស្តុភារកម្មដ៏ទំនើបមួយ ដែលជាគម្រោងមួយស្ថិតក្នុងគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មខេត្តព្រះសីហនុ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងធ្វើសមាហរណកម្មសេវាភស្ដុភារកម្មសម្រាប់ការលើកដាក់ទំនិញ និងទូកុងតឺន័រ ទាំងក្នុងស្រុក និងអន្ដរជាតិ។

នេះបើតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្រតិភូសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation – IFC) នៃធនាគារពិភពលោក អំពីវឌ្ឍនភាពនៃការសិក្សាគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។

បន្ថែមពីនេះ គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មនេះ គ្រោងនឹងតភ្ជាប់ទៅតំបន់សេដ្ឋកិច្ចពិសេសនៃកំពង់ផែព្រះសីហនុ (SPSEZ) ដែលនឹងចូលរួមបង្កើនសមត្ថភាពផ្ទុកទំនិញរបស់កំពង់ផែ ក៏ដូចជាជំរុញទៅដល់ការរីកលូតលាស់នៃវិស័យភស្ដុភារកម្មនៅប្រទេសកម្ពុជាផងដែរ។

ក្រៅពីការផ្ដល់នូវសេវាភស្ដុភារកម្មបែបប្រពៃណីដូចជាការដឹកជញ្ជូន, ការផ្ទុកទំនិញ, ការប្រមូលផ្តុំទំនិញ និងការចែកចាយទំនិញ, មជ្ឈមណ្ឌលភស្តុភារកម្មទំនើបនេះ ក៏នឹងផ្ដល់នូវសេវាកម្មបន្ថែមផ្សេងទៀតដូចជា ប្រព័ន្ធគ្រប់គ្រងទំនិញ និងការបំពេញបែបបទពន្ធគយសម្រាប់ទំនិញចេញចូល និងសម្រួលទៅដល់អ្នកផ្ដល់សេវាកម្មផ្សេងៗទៀត ដូចជា ឃ្លាំងផ្ទុកទំនិញជាប់ពន្ធ (Bonded Warehousing) ជាដើម។

គម្រោងនេះ ក៏នឹងនាំមកនូវសេវាភស្ដុភារកម្មបែបថ្មី ដូចជា ខ្សែច្រវ៉ាក់ទំនិញត្រជាក់ (Cold Chain), ការផ្ទុកទំនិញរាយដែលតិចជាងកុងតឺន័រ (Less than container load), និងប្រព័ន្ធគ្រប់គ្រងអ្នកផ្គត់ផ្គង់ទំនិញ ( Vendor Management Inventory) ផងដែរ។

គួរបញ្ជាក់ថា IFC បានចាប់ផ្តើមសិក្សាគម្រោងបង្កើតមណ្ឌលភស្តុភារកម្មនៅក្រុងព្រះសីហនុ តាំងពីខែមេសា ឆ្នាំ២០២៣ ដែលត្រូវបានគេរំពឹងថានឹងត្រូវបានដំណើរការឡើងជាដំណាក់កាល ជាមួយនឹងដើមទុនសរុបប្រមាណជា ២០០លានដុល្លារ។ (អានបន្ថែម)

ថ្មីៗនេះទៀត នាយករដ្ឋមន្រ្តីក៏ទើបប្រកាសពីផែនការវិនិយោគជិត ១ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍន៍ក្រុងព្រះសីហនុ ទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់នៅឆ្នាំ ២០២៩។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-តួកគី រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន និងសម្រួលនិតិវិធីតាមច្រករបៀង

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ជាមួយក្រសួងដឹកជញ្ជូ […]

បដិវត្តន៍មធ្យោបាយធ្វើដំណើរ៖ ក្តីស្រមៃនៃ Hyperloop ពីទីក្រុងញូវយ៉ក ទៅទីក្រុងឡុងដ៍

ពិភពលោកកំពុងព្យាយាមឥតឈប់ឈរដើម្បីស្វែងរកមធ្យោបាយសម្រាប់ក […]

ក្រុមហ៊ុន Integrated  ចង់វិនិយោគក្នុងវិស័យភស្ដុភារកម្មរបស់កម្ពុជា

ក្រុមហ៊ុន Integrated Logistics Asia, KLN ដែលជាក្រុមហ៊ុន […]

កម្ពុជា-ចិន ប្រកាសរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍ និងលើកកម្ពស់វិស័យភស្តុភារកម្ម

ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនចិន Zhejiang S […]