ត្រឹមថ្ងៃ៣១ មីនា គម្រោងសង់ទំនប់អាងទឹកដងកាំបិត នៅកំពង់ធំ សម្រេចបាន ៥២,៨%
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ គម្រោងសាងសង់ទំនប់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ សម្រេចបានប្រមាណ ៥២,៨% ហើយ។ នេះបើតាមយោងការចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ដឹកនាំដោយឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ តំណាងឱ្យឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា ការងារសំខាន់ៗនៃគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតនេះ រួមមាន៖ ការសាងសង់ខ្នងទំនប់សរុបប្រវែង ២៦៨០ម៉ែត្រ ដែលរួមមានទំនប់ដីខាងឆ្វេងប្រវែង ១១៣៦ម៉ែត្រ ទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ ទំនប់បេតុងប្រវែង ៥០ម៉ែត្រ និងទំនប់ដីខាងស្តាំប្រវែង ១១៨៨ម៉ែត្រ ខ្នងទំនប់មានកម្ពស់ ៤០ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ។
គោលបំណងចម្បងនៃការសាងសង់អាងទឹកនេះ គឺដើម្បីធានានូវសន្ដិសុខទឹក និងការផ្គត់ផ្គង់ទឹកបម្រើឱ្យការស្រោចស្រពផ្ទៃដីកសិកម្មនៅផ្នែកខាងក្រោម ព្រមទាំងជួយបង្កើនផលិតភាពកសិកម្ម ហើយគម្រោងនេះក៏នឹងធានាដល់ការប្រើប្រាស់សម្រាប់ពហុវិស័យ និងជាផ្នែកមួយជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុផងដែរ។
គួររំលឹកថា គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតនេះ ត្រូវប្រើរយៈពេល ៤៨ខែ ដើម្បីសាងសង់ ដោយគិតចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។
ជាការរំពឹងទុក ក្រោយការសាងសង់រួច ប្រជាកសិករចំនួន ២៥.០០០គ្រួសារ ស្មើនឹង ៨៥.៣០០នាក់ ក្នុងស្រុកបារាយណ៍ ស្រុកសណ្តាន់ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូរ នៃខេត្តកំពង់ធំនឹងបានទទួលផលពីការអភិវឌ្ឍអាងនេះ។ (អានបន្ថែម)
គម្រោងនេះ ស្ថិតក្រោមហិរញ្ញប្បទានសម្បទានពីធនាគារ អាហរ័ណ នីហរ័ណចិន (EXIMBANK) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, គម្រោងនេះដែរ ត្រូវបានចាត់ទុកថាជាជាគម្រោងអាទិភាពនៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ (អានបន្ថែម)


- Video Advertisement -