ដំណើរការកសាងផ្លូវក្រវាត់ព្រំដែន សម្រេចបានជិត ៤០%
មកទល់ពេលនេះ វឌ្ឍនភាពនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែន សម្រេចបានប្រមាណ ៣៩,៩២% នៃផែនការសរុបហើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី វឌ្ឍនភាព នៃការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន (ក.គ.ម) ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលផ្សាយចេញកាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០២៥។
ប្រភពដដែល បានឱ្យដឹងថា វឌ្ឍនភាពនៃដំណើរការកសាងផ្លូវព្រំដែននៅក្នុងរយៈពេលប្រមាណ ៥ ខែ កន្លងមកនេះ ក្រុមការងារចំពោះកិច្ច ក.គ.ម បានឈូសព្រៃទទឹង ៥ ម៉ែត្រ បានប្រវែង ១១០ គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង, ឈូសផ្លូវទទឹង ២០ ម៉ែត្រ បានប្រវែង ១០៣,៨៥ ម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ, លុបជ្រលង-អូរ បន្ទាបចំណោតភ្នំ និងធ្វើប្រឡាយបាន ប្រវែង ១០០,៥០ គីឡូម៉ែត្រ, កសាងតួផ្លូវ និងចិតជញ្ជាំងភ្នំ បានប្រវែង ៩៩,១០ គីឡូមែត្រ និងក្រាលល្បាយ កម្ទេចថ្មសម្រេចជាស្ថាពរប្រវែង ៧៥,២០ គីឡូម៉ែត្រ។
ជាលទ្ធផលរួមនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែន នេះ គឺសម្រេចបានប្រមាណ ៣៩,៩២% នៃផែនការ ក្នុងនោះ ខេត្តមណ្ឌលគិរី បានប្រវែង ៤៤,៩០ គីឡូម៉ែត្រ ស្មើនឹង ៤២,៤៥% និងខេត្តរតនគិរី បានប្រវែង ៣០,៣០ គីឡូម៉ែត្រ ស្មើនឹង ៣៤,២៦%។
គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ព្រំដែនប្រវែង ២៥០គ.ម ក្រោមមូនិធិសរុបជិត ២៦.៩៦៧.៦០៩លានដុល្លារអាមេរិក នៅថ្ងៃទី១ វិច្ឆិការ ឆ្នាំ២០២៤ និងគ្រោងបញ្ចប់នៅចុងខែមេសា ឆ្នាំ២០២៧។ យ៉ាងណាមិញ ក្រុមការងារចំពោះកិច្ច ក.គ.ម បានប្តេជ្ញាបន្តអនុវត្តភារកិច្ចរបស់ខ្លួនឱ្យកាន់តែសកម្ម ដើម្បីឈានទៅសម្រេចបាននូវការកសាងផ្លូវតាមព្រំដែនតាមផែនការដែលបានគ្រោងទុក៕ (អានបន្ថែម)
ក្រុមការងារសាងសង់ផ្លូវក្រវាត់ព្រំដែនបានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបំពេញតាមកាលកំណត់នៃការសាងសង់ និងធានាឱ្យសម្រេចបានជោគជ័យនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយនេះ។ នៅពេលដែលការអភិវឌ្ឍន៍នៅតែបន្ត ផ្លូវក្រវ៉ាត់ព្រំដែនសន្យាថានឹងលើកកម្ពស់ទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់ និងធ្វើអោយប្រសើរឡើងនូវភាពងាយស្រួលសម្រាប់សហគមន៍មូលដ្ឋាន និងប្រជាជាតិទាំងមូល។


- Video Advertisement -