៣ខែដើមឆ្នាំនេះ ប្រភពទុនពីចិនមកកម្ពុជាហក់ដល់ជាង ៥៦% នៃទុនវិនិយោគសរុប ខ្ពស់ជាងគេ!
ក្នុងការអភិវឌ្ឍន៍ប្រកបដោយជោគជ័យសម្រាប់សេដ្ឋកិច្ចកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរាយការណ៍ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ មានគម្រោងវិនិយោគចំនួន ១៧២គម្រោង បានមកចុះបញ្ជីនៅ(CDC) ក្រោមទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ ក្នុងនោះប្រភពទុនមកពីប្រទេសចិនមានរហូតដល់ ៥៦,២៣%ឈរនៅលំដាប់លេខរៀងទី១។
គួរបញ្ជាក់ថា ក្នុងចំណោមគម្រោងចុះបញ្ជីខាងលើ មានគម្រោងពង្រីកផលិតកម្មចំនួន ៦គម្រោងផងដែរ។ តួលេខគួរឱ្យកត់សម្គាល់ទាំងនេះ បានឆ្លុះបញ្ចាំងពីលំហូរទុនវិនិយោគដ៏រឹងមាំ និងការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំថ្មី ដោយរំពឹងថា នឹងអាចបង្កើតការងារថ្មីបានជិត ១២ម៉ឺនកន្លែង នៅទូទាំងប្រទេសផងដែរ។
ក្នុងចំណោមគម្រោងទាំងអស់នេះ មានគម្រោងចំនួន ៩៩ ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ខណៈ គម្រោងចំនួន ៧៣ទៀត មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ទាំងអស់នេះជាការឆ្លុះបញ្ចាំងឱ្យឃើញពី កំណើនប្រកបដោយតុល្យភាពនៅក្នុងតំបន់ទាំងពីរ។
បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តួលេខនេះបានបង្ហាញពីការកើនឡើងនៃគម្រោងបន្ថែមចំនួន ៦៦គម្រោង ជាមួយនឹងដើមទុនវិនិយោគសរុបកើនឡើងជាង ៣០៥លានដុល្លារ ដែលមានន័យថាមានអត្រាកំណើនប្រមាណ ១៤%។
ដោយឡែក សម្រាប់ខែមីនាតែម្នាក់ឯង ឃើញថាមានការចុះបញ្ជីគម្រោងថ្មីចំនួន ៦០គម្រោង ក្រោមទុនវិនិយោគប្រមាណ ១.៤ពាន់លានដុល្លារ និងអាចបង្កើតការងារបានជិត ៥ម៉ឺនកន្លែង។
ជាការកត់សម្គាល់ ប្រភពទុនមកពីប្រទេសចិនឈរនៅលំដាប់លេខរៀងទី១ គឺ ៥៦,២៣% លេខរៀងទី២គឺប្រភពទុនក្នុងស្រុក (កម្ពុជា) មាន ៣៤,៤០% និង លេខរៀងទី៣ គឺសិង្ហបុរី មាន ២,៩១%។
ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារនេះ ឃើញថាវិស័យឧស្សាហកម្មបានស្រូបទាញទុនអស់ប្រមាណ ២,២ពាន់លានដុល្លារទៅហើយ សេសសល់ប្រមាណ ២៤៨លានដុល្លារ បានហៀរចូលក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។
ទីតាំងសំខាន់ៗសម្រាប់ការវិនិយោគទាំងនេះរួមមាន ខេត្តកំពង់ស្ពឺ ដែលមានចំនួនគម្រោងច្រើនជាងគេគឺ ៤៣គម្រោង បន្ទាប់មកខេត្តស្វាយរៀងមាន ៣៤គម្រោង កោះកុងមាន ២២ និងរាជធានីភ្នំពេញមាន ២១។ ខេត្តផ្សេងទៀតដែលទទួលបានការវិនិយោគផងដែរ ក្នុងនោះរួមមាន ខេត្តព្រះសីហនុ តាកែវ កណ្តាល កំពង់ឆ្នាំង កំពត កំពង់ចាម ត្បូងឃ្មុំ ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។
- Video Advertisement -