ផ្លូវជាតិលេខ៧១c (ត្បូងឃ្មុំ-កំពង់ចាម) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

 

រដ្ឋាភិបាលកម្ពុជាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ ៧១c ប្រវែង១១៤,៦២គីឡូម៉ែត្រ (គិតចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ខេត្តកំពង់ចាម) ក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។

នេះបើយោងតាមការចុះផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា បច្ចុប្បន្ន ផ្លូវជាតិលេខ៧១សេ បាននិងកំពុងបម្រើដល់ការតភ្ជាប់ទំនាក់ទំនង សកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ជាពិសេសការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តជាប់ព្រំប្រទល់គ្នាផ្សេងៗទៀត ព្រមទាំងសម្រួលដល់ ដល់ការដឹកជញ្ជូនពូជដំណាំ ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម ឱ្យកាន់តែរហ័ស កាត់បន្ថយ ការចំណាយ និងចំណេញពេលវេលា។

គួររម្លឹកថា គម្រោងសង់ផ្លូវជាតិលេខ ៧១c ប្រវែង១១៤,៦២គីឡូម៉ែត្រ (គិតចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ខេត្តកំពង់ចាម) នេះ ត្រូវបានសាងសង់ចប់សព្វគ្រប់ ១០០% នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ។ (អានបន្ថែម)

ផ្លូវជាតិលេខ៧១C នេះដែរ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នំា២០២១ ក្រោមហិរញ្ញប្បទានថវិកាពីសាធារណរដ្ឋប្រជាមានិតចិនប្រមាណ ១២៩,៩៨ លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។ យ៉ាងណាមិញ ផ្លូវមួយខ្សែនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅកំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខ៕ (អានបន្ថែម)

ជាមួយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៧១គ រំពឹងថានឹងកាត់បន្ថយពេលវេលាធ្វើដំណើរ និងការចំណាយយ៉ាងច្រើន ជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពជីវិតសម្រាប់អ្នករស់នៅតាមដងផ្លូវរបស់ខ្លួន។ រដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតដែលលើកកម្ពស់ការតភ្ជាប់ និងគាំទ្រដល់គោលដៅអភិវឌ្ឍន៍របស់ប្រទេស។

- Video Advertisement -