រដ្ឋនិងឯកជន សហការគ្នាជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យនៅទូទាំងប្រទេសកម្ពុជា
នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់វិស័យលំនៅឋានតម្លៃសមរម្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រុមហ៊ុនអេជេន២១ ក្លូប៊ល ឯ.ក ដើម្បីជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ក្នុងគោលបំណងផ្តល់អត្ថប្រយោជន៍ដល់គ្រួសារដែលមានចំណូលទាប និងមធ្យមនៅទូទាំង ២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជា។
អនុស្សរណៈខាងលើនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ លាង មុនីរិទ្ធ តំណាងឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រួមជាមួយឥស្សរជនជាច្រើនរូបទៀត រួមមាន លោក ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន និងលោកស្រី លី ច័ន្រ្ទលក្ស្មី អគ្គនាយិកាក្រុមហ៊ុន អេជេន២១ ក្លូប៊ល ឯ.ក ។
ភាពជាដៃគូនេះត្រូវបានធ្វើឡើងស្របតាមគោលនយោបាយជាតិលំនៅឋានរបស់រាជរដ្ឋាភិបាលដែលខិតខំធានាថាប្រជាពលរដ្ឋទាំងអស់អាចទទួលបានលំនៅដ្ឋានប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
នាឱកាសនោះ ឯកឧត្តម លាង មុនីរិទ្ធ បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះការចូលរួមរបស់ ក្រុមហ៊ុន អេជេន២១ ក្លូប៊ល ឯ.ក ដោយបានលើកឡើងពីការរួមចំណែករបស់ពួកគេក្នុងការរៀបចំជាផ្ទះគំរូ នៅក្រុងរុនតាឯកតេជោសែន និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ព្រមទាំងបានសហការជាមួយអគ្គនាយកដ្ឋានលំនៅឋានក្នុងការរចនាម៉ូតផ្ទះ ប្រមាណ១០០ម៉ូត ដើម្បីផ្សព្វផ្សាយដល់គ្រួសារប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប និងមធ្យម អាចជ្រើសរើស ក្នុងការសាងសង់លំនៅឋានស្របទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ។
ទន្ទឹមនឹងនោះ លោក ប្រាក់ អង្គារ៉ា បានកត់សម្គាល់ថា កិច្ចសហការនេះ នឹងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានលំនៅដ្ឋានគ្រប់គ្រាន់សម្រាប់គ្រួសារដែលមានចំណូលមធ្យម និងទាប ដែលទីបំផុតបានរួមចំណែកដល់ចក្ខុវិស័យរបស់រដ្ឋាភិបាលក្នុងការធានាថា “ប្រជាពលរដ្ឋគ្រប់រូបមានលំនៅដ្ឋានគ្រប់គ្រាន់សម្រាប់រស់នៅ”។
ភាពជាដៃគូនេះតំណាងឱ្យការផ្លាស់ប្តូរដ៏ធំធេងមួយឆ្ពោះទៅរកការដោះស្រាយបញ្ហាប្រឈមផ្នែកលំនៅឋានក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងផ្តល់ជូនប្រជាពលរដ្ឋនូវការគាំទ្រដែលពួកគេត្រូវការ ដើម្បីធានាបានលំនៅដ្ឋានដែលឆ្លើយតបនឹងតម្រូវការ និងសេចក្តីប្រាថ្នារបស់ពួកគេ។
គួររំលឹកថា កន្លងមកក្រុមហ៊ុន អេជេន២១ ក្លូប៊ល ឯ.ក នេះ បានចាប់ដៃគូ ជាមួយក្រុមហ៊ុនដ៏ធំមួយមកពីប្រទេសកូរ៉េ ដើម្បីអភិវឌ្ឍតំបន់ភូមិធម្មជាតិរុនតាឯក និង តំបន់អភិវឌ្ឍន៍ពាក់ស្នែងឱ្យក្លាយជាទីក្រុងដែល មានរចនាបទបែបខ្មែរលាយនិងសហសម័យ។ (អានបន្ថែម)

- Video Advertisement -