ក្រុមហ៊ុន DEEM ALMASEAH ចង់ពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា
ក្រុមហ៊ុន DEEM ALMASEAH FOR TRADING Co. Ltd ចាប់អារម្មណ៍ចង់បោះទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យទូរគមនាគមន៍នៅកម្ពុជា ខណៈបច្ចុប្បន្នកំពុងសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយ ដើម្បីវិនិយោគលើវិស័យកសិកម្ម។ នេះបើតាមជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោក Salem Mubarak Salem Al-Hadhyan នាយកប្រតិបត្តិ ក្រុមហ៊ុន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។
ក្នុងជំនួបនេះ លោក Salem Mubarak Salem Al-Hadhyan បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក មានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដែលនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ លោកនាយកប្រតិបត្តិបានបញ្ជាក់ថា ក្រុមហ៊ុនលោក បាននិងកំពុងចាប់ដៃគូសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយ ដើម្បីវិនិយោគលើវិស័យកសិកម្ម។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏ចាប់អារម្មណ៍បោះទុនវិនិយោគលើវិស័យផ្សេងទៀតនៅកម្ពុជាផងដែរ ដូចជា៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ, និងវិស័យទូរគមនាគមន៍ជាដើម។
ជាការឆ្លើយតប សម្តេចបវរធិបតី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា និងបានណែនាំឱ្យក្រុមហ៊ុនពិចារណានិងសិក្សា វិនិយោគលើវិស័យសក្តានុពលផ្សេងទៀតផងដែរ ដូចជា វិស័យកសិ-ឧស្សាហកម្ម វិស័យទេសចរណ៍ វិស័យហិរញ្ញវត្ថុ និងវិស័យអប់រំ។
បន្ថែមពីនេះ សម្តេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងពង្រីកទីផ្សារជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ជាពិសេស ការជំរុញការនាំចេញផលិតផលកម្ពុជា ទាំងផលិតផលកសិកម្ម និងផលិតផលហាឡាល់ ទៅកាន់ទីផ្សារមជ្ឈិមបូព៌ា ផងដែរ។
មុននឹងបញ្ចប់, សម្តេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូក្នុងស្រុក និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីសិក្សា និងស្វែងរកឱកាសវិនិយោគលើវិស័យអាទិភាពនានាបន្ថែមទៀត។
នៅពេលដែលប្រទេសកម្ពុជាបន្តបង្ហាញបរិយាកាសអំណោយផលសម្រាប់ការវិនិយោគពីបរទេស គំនិតផ្តួចផ្តើមរបស់ DEEM ALMASEAH អាចដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរអភិវឌ្ឍន៍ដែលកំពុងបន្តរបស់ប្រទេសជាតិ។

- Video Advertisement -